CamNews

ព័ត៌មានជាតិ 

អង្គរក្សលោក ឧកញ៉ាផ្កាយពីរ ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបាញ់ ពីរគ្រាប់

តាកែវ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី៥ ខែកញ្ញា
ឆ្នាំ២០១៣ បាន ចាប់ខ្លួន បុរសបាញ់បោះសេរីម្នាក់ ដែលគេដឹងថា ជាអង្គរក្សផ្ទាល់របស់លោក
ឧកញ៉ា ថោង សារ៉ាត់ អនុប្រធានកង ពលង៧០។

យោងតាមប្រភពពីមន្រ្តីសម្មតិកិច្ចបានប្រាប់ឲ្យដឹងថា អង្គរក្សរបស់លោក ថោង សារ៉ាត់ ដែល
ត្រូវចាប់ខ្លួននេះមាន ឈ្មោះ ង៉ែត សុភ័ក្រ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅឃុំអណ្ដូងខ្មែរ
ស្រុកកំពង់បាយ ខេត្តកំពត ហើយការ ចាប់ខ្លួនបុរសអង្គរក្សរូបនេះ បន្ទាប់ពីគេបានយកកាំភ្លើង
ខ្លីបាញ់ភ្ជុចដីពីរគ្រាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅការ ដ្ឋានធ្វើផ្លូវមួយកន្លែងនៅក្នុងឃុំបែក
គូសស្រុកត្រាំកក់។

បើតាមមន្រ្តីសមត្ថកិច្ច មូលហេតុដែលអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ យកកាំភ្លើងមកបាញ់
លេង បន្ទាប់ពីមាន ការជួបជុំផឹកស៊ីស្រវឹងជោកជាំ ហើយក៏ចង់បង្ហាញអំណាចជាកងការពារលោក
ឧកញ៉ាផ្កាយពីរ ក៏យកកាំភ្លើងមក បាញ់ភ្ជុចដីដោយគ្មានខ្លាចញញើត និងសមត្ថកិច្ចនោះទេ ក៏ប៉ុន្តែ
ក្រោយការបាញ់បោះយ៉ាងអនាធិតេយ្យហើយនោះ  កម្លាំងកងរាជអាវុធហត្ថស្រុកត្រាំកក់ បានចុះ
ទៅដល់កន្លែងកើតហេតុហើយ បានឃាត់ខ្លួនអង្គរក្សលោកឧកញ៉ា និងអាវុធយកមកសួរនាំនៅ
ស្នាក់កងរាជអាវុធហត្ថស្រុកត្រាំកក់។ លុះព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៣ ក៏បញ្ជូនអង្គរក្ស
បាញ់បោះសេរីរូបនេះ មកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថតាកែវ ដើម្បីចាត់ការបន្តទៀត។

ទៅបីជាយ៉ាងណាគេមិនដឹងថា តើអង្គរក្សរបស់លោកឧកញ៉ា ថោង សារ៉ាត់ នឹងត្រូវបញ្ជូនទៅកាន់
តុលាការ ដើម្បីចោទប្រកាន់ដោយប្រើអាវុធខុសច្បាប់ និងបាញ់បោះសេរី ឬក៏ត្រូវដោះលែងយ៉ាង
ណានោះទេ?៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ