យោងតាមនាយកដ្ឋានកសិកម្មខេត្ត ទិន្នផលទុរេននៅខេត្តកំពត និងខេត្តកំពង់ចាមនឹងថយចុះនៅឆ្នាំនេះ ដោយសារកត្តាអាកាសធាតុមិនអំណោយផល។
លោក ហ៊ាន ង៉ន អនុប្រធាននាយកដ្ឋានកសិកម្មខេត្តកំពត បានថ្លែងថាទិន្នផលនឹងមិនទទួលបានក្នុងកម្រិតខ្ពស់ដូចឆ្នាំមុនទេ។
លោកបាននិយាយថា ”អាកាសធាតុក្តៅខ្លាំងពេកនៅឆ្នាំនេះ មិនអំណោយផលល្អសម្រាប់ការដាំដុះទុរេនទេ” ។ ”ធុរេនត្រូវការអាកាសធាតុត្រជាក់ដើម្បីលូតលាស់ល្អ។ ”
ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា តម្រូវការផ្លែទុរេននៅតែមានភាពខ្លាំងក្លា។ លោកបានមានប្រសាសន៍ថា ”បន្ទាប់ពីការប្រមូលផល ឈ្មួញជាច្រើនបានកម្មង់ទិញ ហើយយើងបានលក់ចេញយ៉ាងឆាប់រហ័សតាមតម្រូវការ” ។
លោក ង៉ន បានថ្លែងថាផ្លែទុរេនលក់ក្នុងតម្លៃចន្លោះពី ២២.០០០ រៀលទៅ ៥០.០០០ រៀលក្នុងមួយគីឡូក្រាម។ លោកបានកត់សម្គាល់ថាតម្លៃនេះខ្ពស់ជាងកាលពីឆ្នាំមុន ដែលលក់បានតែ ១៨.០០០ រៀល ទៅ ២០.០០០ រៀលប៉ុណ្ណោះ។
លោក ស៊ុន ថាវរៈ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ក៏បានថ្លែងផងដែរថាទិន្នផលទំនងជានឹងធ្លាក់ចុះ ដោយសារអាកាសធាតុ។
លោកនិយាយថា ទុរេននៅខេត្តកំពង់ចាមបច្ចុប្បន្នលក់បានដល់ ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម។
លោកបានបន្ថែមថាផ្លែទុរេននេះ ត្រូវបានដាំនៅលើផ្ទៃដី ៤០០ ហិកតា នៅក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់។
លោក ង៉ន និងលោក ថាវរៈ បាននិយាយថាពួកគេចង់ឃើញផ្លែទុរេនទទួលបាន ជាផ្លែឈើតំណាងទីតាំងភូមិសាស្រ្ត (GI) នាពេលអនាគត ដែលនឹងជួយការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន។
លោក អប់ រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រាប់កាសែតខ្មែរថាមស៍ថា ទុរេនកំពតត្រូវបានគេចាត់ទុកថា ជាផលិតផលដែលមានសក្តានុពល តំណាងឲ្យទីតាំងភូមិសាស្ត្រ (GI) ប៉ុន្តែយើងមិនទាន់ធ្វើការសម្រាប់ដាក់ពាក្យ ស្នើសុំសម្រាប់ស្លាកសញ្ញានេះ នៅឡើយទេ។
ក្រៅពីខេត្តកំពត និងខេត្តកំពង់ចាម ទុរេនក៏ត្រូវបានដាំដុះនៅខេត្តកែប និងខេត្តបាត់ដំបងផងដែរ។ ធុរេនកម្ពុជាអាចផ្គត់ផ្គង់បានតែនៅក្នុងស្រុកតែប៉ុណ្ណោះ។
រដូវប្រមូលផលទុរេននៅខេត្តកំពត ចាប់ពីពាក់កណ្តាលខែមេសា ដល់ខែមិថុនា ខណៈពេលដែលខេត្តកំពង់ចាម ចាប់ផ្តើមនៅខែឧសភា និងបញ្ចប់នៅខែកក្កដា ៕
ប្រភព ៖ khmertimes