ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យ រូបនេះ ជិះម៉ូតូតាមផ្លូវកម្ពុជាក្រោម ខណៈដែលជនសង្ស័យទាំង ២នាក់ ជាមុខសញ្ញាឆក់ និងប្លន់ប្រដាប់អាវុធ នៅរាជធានីភ្នំពេញ ហើយពេលឃើញសមត្ថកិច្ច ជនសង្ស័យព្យាយាមបើកម៉ូតូគេច ត្រូវសមត្ថកិច្ចល្បាតតាមផ្លូវ ឃាត់ខ្លួនបានភ្លាមៗ និងម្នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ ។
ករណីឃាត់ខ្លួន ជនសង្ស័យឆក់ និងប្លន់ប្រដាប់អាវុធយ៉ាងសកម្មនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម មុខសណ្ឋាគារថ្មដា ក្នុងសង្កាត់មនោរម្យ ខណ្ឌ ៧ មករា ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ សុខ ផេងតេង អាយុ២០ឆ្នាំ គ្មានមុខរបរ និងកន្លែង ស្នាក់នៅមិនពិតប្រាកដ ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខដែលជន សង្ស័យ រូបនេះជិះម៉ូតូម្នាក់មួយ ជាមួយជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចនគរបាលខណ្ឌ ៧ មករា បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចខណ្ឌបានល្បាតនៅតាមផ្លូវកម្ពុជាក្រោម ពេលមកដល់នោះ ស្រាប់តែឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿងតាមផ្លូវកម្ពុជាក្រោម សមត្ថកិច្ចក៏បានសង្ស័យ និងស្គាល់មុខជាមុខសញ្ញាចាស់ និងធ្លាប់ធ្វើសកម្មភាពឆក់ និងភ្ជង់ប្លន់អ្នកដំណើរ សមត្ថកិច្ចក៏ជិះម៉ូតូដេញតាមតែម្តង ។ ពេលនោះជនសង្ស័យដឹងខ្លួនថា មានសមត្ថកិច្ចដេញតាម ក៏បន្ថែមល្បឿន ខំជិះម៉ូតូគេចខ្លួនភ្លាមៗផងដែរ ។ លុះមកដល់មុខសណ្ឋាគារថ្មដាសមត្ថកិច្ចបានស្ទាក់ចាប់ជនសង្ស័យតែម្តង ប៉ុន្តែជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកបានបត់ចង្កូតម៉ូតូគេចខ្លួនបាត់ស្រមោល នៅសល់តែជនសង្ស័យរូបនេះសមត្ថកិច្ចក្របួច នាំមកអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីសាកសួរតែម្តង ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្ន រង់ចាំសួរនាំបន្ថែមទៀត ដើម្បីស្វែករកចាប់ខ្លួនបក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់ ។ ចំណែកវត្ថុតាង សមត្ថកិច្ចបានដកហូតបានកាំភ្លើងខ្លីម៉ាកឡុកមួយដើម ម៉ូតូហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខមួយគ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព ៕