CamNews

ព័ត៌មានជាតិ 

ហៅមិត្តភ័ក្រ្ត មកផឹកស៊ី ដាក់ថ្នាំក្នុងស្រា យកម៉ូតូអស់ ១គ្រឿង និងទូរស័ព្ទដៃពីរគ្រឿង

ភ្នំពេញៈ យុវជនម្នាក់ត្រូវបាន មិត្តភ័ក្រ្កមួយក្រុមប្រើល្បិច ដោយទូរស័ព្ទមកចូលរួមផឹកស៊ី បន្ទាប់
ពីឱកាសល្អ ក៏បានដាំ ថ្នាំសណ្តំក្នុងកែវស្រា រួចយកម៉ូតូមួយ និងទូរស័ព្ទដៃពីរគ្រឿងទៅបាត់ កាល
ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ នេះ ។

យោងតាមពាក្យបណ្តឹង របស់លោក សេង ថាវរៈ ដែលជាជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ពីរ
នាក់បងប្អូន សៅ ឡាយ ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ សៅ ហេង អាយុ២០ ឆ្នាំ ដែលមាន
ផ្ទះជួលនៅភូមិបឹងឈូក សង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣
វេលាម៉ោង ៣ និង៣០ នាទីរំលងអាធ្រាត្រ បានទូរស័ព្ទ មកគាត់ ឲ្យទៅហូបសាច់គោអាំងនៅហាង
១០៣ នៅជិតសាលាសន្ធរម៉ុក។

ជនរងគ្រោះបានរៀបរាប់ ក្នុងពាក្យបណ្តឹងបន្តទៀតថា ពេលដែលឈ្មោះ សៅ ហេង ទូរស័ព្ទរួច
គាត់ក៏ជិះម៉ូតូទៅ រួចក៏បានឃើញបងប្រុសរបស់ សៅ ហេង គឺសៅ ឡាយ នៅទីនោះដែរ កំពុង
អង្គុយផឹកជុំគ្នា ពេលនោះគាត់ក៏បាន ចូលរួមផឹកស៊ីជាមួយគ្នា ពេលផឹកអស់មួយកែវ ជនរងគ្រោះ
ក៏ទៅបន្ទប់ទឹក ស្រាប់តែត្រឡប់មកវិញ ក៏ឃើញ សៅ ហេង យកទូយោមកឲ្យជនរងគ្រោះបឺត
ពេលដែលបឺតបានមួយភ្លែត ក៏លែងដឹងខ្លួន ។

ជនរងគ្រោះ បានរៀបរាប់បញ្ជាក់ទៀតថា លុះពេលគាត់ដឹងខ្លួនឡើងវិញ គឺត្រូវបានគេយកទៅដាក់
នៅក្រោយសាលា កុលាប ក្នុងសង្កាត់ទឹកថ្លា ហើយម៉ូតូក៏បាត់ ទូរស័ព្ទ Iphone 4 និង SAMSUNG
ពីរគ្រឿង ក៏ត្រូវបានក្រុមមិត្តភ័ក្រខ្លួន យកទៅអស់ ។

ជនរងគ្រោះ សេង ថាវរៈ បានប្តឹងក្រុមជនសង្ស័យទាំងអស់នោះ ពីបទឆបោក និងលួចម៉ូតូ រួមទាំង
ទូរស័ព្ទដៃ ហើយ បច្ចប្បន្នក្រុមជនសង្ស័យទាំងនោះ កំពុងតែនាំគ្នារត់គេចខ្លួន ៕

ពីរនាក់បងប្អូនដែលដាក់ថ្នាំយកម៉ូតូ និងទូរស័ព្ទពីមិត្តភ័ក្រ្ត

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

Tags: nation news social ព័ត៌មានជាតិ