CamNews

តារា 

តារាស្រីល្បីៗ ១០ដួង ត្រៀមខ្លួនប្រជែង យកកំពូលតារាឆ្នើម ឆ្នាំ២០១៤ ក្នុងកម្មវិធី "អប្សរា Award"

ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ កម្មវិធីប្រកួតប្រជែងពាន់រង្វាន់ កំពូលតារាឆ្នើមឆ្នាំ២០១៣ រៀបចំ ដោយស្ថានីយទូរទស្សន៍អប្សរា ដោយជោគជ័យមួយវគ្គរួចមក ពេលនេះមានតារាសម្តែង និង តារាច្រៀង ស្រីល្បីៗរបស់ខ្មែរ ចំនួន ១០ រូបទៀត នឹងត្រូវចូលរួមធ្វើការប្រកួតប្រជែង ដើម្បី ដណ្តើមតំណែង APSARA AWARD ឬពានរង្វាន់កំពូល តារាឆ្នើម ឆ្នាំ២០១៤ ជាបន្ត។

សម្រាប់វេទិកា កម្មវិធីប្រកួតប្រជែងពានរង្វាន់ កំពូលតារាឆ្នើមឆ្នាំ២០១៤នេះ ក៏មិនខុសគ្នានឹង វេទិកា កាលពីឆ្នាំ២០១៣នោះដែរ ព្រោះកម្មវិធីនេះ ក៏តម្រូវឱ្យមានការជម្រុះយក តែតារាស្រី តែម្នាក់ប៉ុណ្ណោះ ដើម្បីក្លាយខ្លួន ជាកំពូលតារាស្រីឆ្នើម ប្រចាំឆ្នាំ២០១៤ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា កម្មវិធីដែលរៀបចំឡើង ដោយស្ថានីយទូរទស្សន៍អប្សរានេះ នឹង ធ្វើការផ្សាយផ្ទាល់ នៅពេលឆាប់ៗខាងមុខនេះ ។ ចំណែកឯតារាស្រីទាំង១០រូប ដែល និងចូលរួម បង្ហាញវត្តមាន ក្នុងការ ប្រកួតប្រជែង ដណ្តើមតំណែង ពានរង្វាន់កំពូល តារាឆ្នើមឆ្នាំ២០១៤ វគ្គទីពីរ ខាងលើនេះ មានដូចជា នាង ចាន់ ស្រីរ័ត្ន កញ្ញា នៅ សុនីតា កញ្ញា លន់ ដាណេ កញ្ញា ពៅ លីដា កញ្ញា ព្រឹម មន្ថា កញ្ញា លី ច័ន្ទសីហា កញ្ញា ថន លក្ខិណា កញ្ញា ដួង ម៉ាណា កញ្ញា អាលីហ្សា និង កញ្ញា ឡោម លក្ខិណា។

កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីបើកឱកាសឱ្យតារាស្រីទាំងនេះ បានបង្ហាញ និង បញ្ចេញនូវសមត្ថភាព និងទេពកោសល្យខាងសិល្បៈ ដែលមានរៀងៗខ្លួន ។ តារាស្រីទាំង១០ដួង ខាងលើនេះ នឹងមានឱកាស ក្លាយជាម្ចាស់ពាន APSARA AWARD ដូចៗគ្នា ប៉ុន្តែគ្រាន់តែមិន ទាន់ដឹងថា តើតារាស្រីមួយណា ដែលនឹងទទួលបានតំណែងជាតារាឆ្នើមសម្ដែងបានគ្រប់ទម្រង់ និងជាតារាគោរពពេលវេលាល្អជាងគេនោះទេ។

កម្មវិធីនេះ នឹងចាប់ផ្តើមនៅដើមអំឡុង ខែមករា ឆ្នាំ២០១៤មុខនេះ ជាងរៀងរាល់រាត្រីថ្ងៃសុក្រ វេលាម៉ោង៦ និង៣០នាទី ។ សម្រាប់វេទិកា កម្មវិធីប្រកួតប្រជែងពានរង្វាន់ កំពូលតារាឆ្នើម ឆ្នាំ២០១៤ (APSARA AWARD) នេះ នឹងធ្វើការផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍អប្សរា ដែលមានលោក ហ្វៃ សំអាង ជាអ្នកគ្រប់គ្រងកម្មវិធីដដែល ៕

កញ្ញា នៅ សុនីតា

កញ្ញា ដូង ម៉ាណា

កញ្ញា ចាន់ ស្រីរ័ត្ន

កញ្ញា ថន លក្ខិណា

កញ្ញា ពៅ លីដា

កញ្ញា អ៊ុន អាលីហ្សា

អ្នកនាង ព្រឹម មន្ថា

កញ្ញា លន់ ដាណេ

កញ្ញា លី ច័ន្ទសីហា

កញ្ញា ឡោម លក្ខិណា

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: entertainment khmer super stars actress MC Apsara Award