CamNews

ព័ត៌មានជាតិ 

កម្ពុជា មិនទាន់ត្រៀមលក្ខណៈ សម្រាប់ជម្លៀស ប្រជាជន បើសង្គ្រាមនៅ ឧបទ្វីបកូរ៉េផ្ទុះ

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការ បរទេសកម្ពុជា លោក កុយ គួង បានថ្លែង អះអាង នៅថ្ងៃសុក្រ
ទី០៥ ខែមេសា ឆ្នាំ ២០១៣ ថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ នឹងមិនអាចមានការផ្ទុះសង្គ្រាមនោះទេ
ហើយកម្ពុជាក៏មិនបានត្រៀមលក្ខណៈ សម្រាប់ការជម្លៀសនោះដែរ ទោះបីជា មានប្រទេសខ្លះ ប្រ-
កាសពីការត្រៀម ជម្លៀសប្រជាជនរបស់គេ ចេញពីប្រទេស កូរ៉េខាងត្បូង ។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល លោក កុយ គួង បានមានប្រសាសន៍ ថា “មកទល់ពេល
នេះ យើងនៅតែយល់ថា ជាសង្គ្រាមពាក្យសំដី សង្គ្រាមស្លាបប៉ាកា។ យើងអត់ទាន់បានគិតដល់
(ជម្លៀសប្រជា ជនកម្ពុជានៅកូរ៉េខាងត្បូង)នៅឡើយទេ។ ខ្ញុំគិតថា ប្រសិនបើសង្គ្រាមពិតជាផ្ទុះឡើង
មែន នោះនឹងបង្កឱ្យមានវិនាសកម្មដ៏ធំធេង  នៅក្នុងទ្វីបកូរ៉េនោះឯង”។

យោងតាមគេទំព័រ The Nation របស់ថៃ នៅថ្ងៃ សុក្រ ទី ៥ ខែ មេសា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា
លោក ប្រាដឺមឆៃ សាស៊ុមស័ព្ទ រដ្ឋមន្ត្រីក្រសួងការងារថៃ បានថ្លែងថា រដ្ឋាភិបាលថៃ បានយកចិត្តទុក
ដាក់យ៉ាងខ្លាំង ចំពោះពលករថៃ ដែលកំពុងរស់នៅ ក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីស្ថានការណ៍
នៅឧបទ្វីបកូរ៉េ កំពុងតែមានភាពតានតឹងឡើងៗ ដោយកូរ៉េខាងជើង បានប្រកាសថា បានត្រៀមរួច
ជាស្រេច ក្នុងការរធ្វើសង្គ្រាម ជាមួយកូរ៉េខាងត្បូង។

ក្រសូងការងារថៃ បានរាយការណ៍ពីតួលេខប្រជាពលរដ្ឋថៃ រស់នៅកូរ៉េខាងត្បូង មានចំនួន ប្រមាណ
៤,៣ ម៉ឺននាក់ ក្នុងនោះរួមមាន ពលករស្រប និង ខុសច្បាប់ មន្រ្តីរាជការ និងដទៃទៀត។

បើតាមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មា
ធិការបញ្ជូនពលករ ទៅក្រៅប្រទេសនៃ ក្រសួងការងារលោក ហេង សួរ បានប្រាប់ឲ្យដឹងថា រហូត
មកទល់ពេលនេះ ពលករកម្ពុជាដែលកំពុងបម្រើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង មានប្រហែលជា
២០.០០០នាក់៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ