CamNews

ព័ត៌មានជាតិ 

ក្រុមយុវជន ស្រវឹងបើកម៉ូតូ បុករះកង់ និង ម៉ូតូផ្សេងទៀត រងរបួសធ្ងន់ ស្រាល ៥នាក់

ភ្នំពេញ : ក្រុមយុវជនស្រវឹង មានគ្នា ៣នាក់ បានបើកម៉ូតូ សេ១២៥ មួយគ្រឿង ក្នុងល្បឿន យ៉ាងលឿន បើករេពេញផ្លូវ បានជ្រុលទៅ បុកនារីម្នាក់កំពុងជិះកង់ បណ្តាលឲ្យនារីរូបផ្លោងទៅ ធ្លាក់លើម៉ូតូ គុបមួយ គ្រឿងទៀត បើកបរដោយនារីម្នាក់ ដែលកំពុងធ្វើដំណើរ នៅខាងមុខ បណ្តាលឲ្យដួលរាយ ប៉ាយ រងរបួសធ្ងន់ និងស្រាល មនុស្សចំនួន ៥នាក់ រណូករណែល ពេញផ្លូវ ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយម៉ូតូ របស់ក្រុមជនស្រវឹងទាំងថ្ងៃ នេះ កើតឡើង កាលវេលា ម៉ោង២ និង១៥នាទី ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅ តាមបណ្តោយផ្លូវព្រះនរោត្តម មុខបុរីចំការមន ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើត ហេតុ ឃើញក្រុមយុវជនបង្ក នេះ បើកម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-9782 មានគ្នា៣នាក់ ក្នុងទិសដៅពីត្បូងទៅជើង ពោលគឺបើកចុះពីស្ពាន អាកាសក្បាលថ្នល់ ដោយល្បឿនយ៉ាងលឿនស្លេវហើយរេពេញផ្លូវ លុះមកដល់ ចំណុចកើតហេតុ ម៉ូតូរបស់ យុវជនបង្ក បានជ្រុលទៅបុក កង់ ជិះដោយនារីម្នាក់ ហើយផ្លោងទៅបុក នឹងម៉ូតូគុបមួយគ្រឿងទៀត ដែលកង់ និងម៉ូតូរងគ្រោះ បើកបរ ស្របទិសគ្នា ពោលគឺកង់ នៅពីក្រោយម៉ូតូ បណ្តាលឲ្យ រដូលរណែលរាយប៉ាយពេញផ្លូវ ហើយរងរបួសមនុស្ស ចំនួន៥នាក់ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ នេះសមត្ថកិច្ចបានបញ្ជាក់ បង្កឡើងដោយក្រុមយុវជន ដែលបើកម៉ូតូសេ១២៥ បើកដោយយុវជនម្នាក់ ឈ្មោះ ហេង វុទ្ឋី អាយុ ២៦ឆ្នាំ រងរបួសធ្ងន់ និងអ្នកជិះពីក្រោយ ២នាក់ រងរបួស ស្រាល ហើយពួកគេទាំងនេះ ស្នាក់នៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកនារីរងគ្រោះ ដែលជិះកង់ ឈ្មោះ ចែម សូនីតា អាយុ ២២ឆ្នាំ លក់ដូរ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រងរបួសធ្ងន់ ។ ដោយឡែក នារីរងគ្រោះម្នាក់ទៀត ឈ្មោះ កូវ ពៅ អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៤១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បើកម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1I-0570 រងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ច ចរាចរខណ្ឌចំការមន បានចុះ ទៅអន្តរាគមន៍ និងធ្វើវាស់វែង ព្រមទាំងបាន ហៅរថយន្ត សាមុយដឹកអ្នករងរបួសធ្ងន់ ទៅសង្រ្គោះនៅមន្ទីរពេទ្យ និងអូសយកម៉ូតូបង្ក ម៉ូតូ-កង់រងគ្រោះ ទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាលខណ្ឌ រង់ចាំដោះស្រាយ ជាក្រោយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ