ប្តីប្រពន្ធពីរនាក់ ដែលមានវ័យចាស់ជរា ត្រូវបានក្រុមប្រជាពលរដ្ឋ ដែលជាអ្នករស់នៅក្នុង ភូមិ
ជាមួយគ្នា បានបណ្តេញពួកគេ ចេញពីផ្ទះនិងបាន បំផ្លិចបំផ្លាញផលដំណាំ របស់ពួកគាត់បន្ទាប់
ពីអ្នកភូមិបាន ចោទ ប្រកាន់ថា ចេះធ្វើអំពើអាបធ្មប និងធ្វើឲ្យអ្នកភូមិ ជាច្រើននាក់ឈឺជាបន្ត
បន្ទាប់។
លោក ឆាយ ធី មន្រ្តីស៊ើបអង្កេតអង្កការសិទ្ធិមនុស្ស អាដហុកប្រចាំខេត្តរតនគិរី បានប្រាប់
មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២០ ខែសីហានេះ អ្នកភូមិ២នាក់ដែលជាប្តីប្រពន្ធ
គ្នា ជនជាតិចារ៉ាយ រស់នៅភូមិដើមត្រុះ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ត្រូវបានអ្នកភូមិរស់នៅ
ក្បែរ ខាងបានកាប់បំផ្លាញ ផលដំណាំ និងគំរាមប្រមាថ សម្លាប់ ពួកគាត់ទាំងពីរនាក់ ចោល
បើពួកគាត់មិនព្រមចាកចេញពីភូមិ ដោយសារតែអ្នកភូមិ បានចោទប្រកាន់ពួក គាត់ ថាចេះ
ធ្វើ អំពើអាប ធ្មប។
លោកបន្តថា នៅព្រឹកថ្ងៃទី២០ ខែ សីហានេះ ពួកគាត់ទាំងពីរ ត្រូ វបានចាកចេញពីផ្ទះក្នុង
គោលបំណងទៅរស់នៅ ភូមិស្លា ក្នុងស្រុកបរកែវ ប៉ុន្តែ ត្រូវបានសកម្មជន អាដហុក ជួយ
អន្តរាគមន៍ទាន់ពេលវេលា ហើយក៏សុំស្នាក់ នៅក្នុង សមាគមអាដហុក ជាបណ្តោះអាសន្ន
សិនទម្រាំអាជ្ញាធរមានសមត្ថកិច្ចចុះទៅអប់រំណែនាំពួកអ្នកភូមិថា ពួកគាត់មិនចេះធ្វើអំពើ
អាបធ្មបទេ កុំជឿអបិយជំនឿពេក។
លោកបានបញ្ជាក់ថា ការចោទប្រកាន់របស់ពួកអ្នកភូមិ ទៅលើជនណាម្នាក់ថា ចេះអាបធ្មប់
នោះ គឺពួកគេ សំអាង ថា បើមានបុគ្គលណាម្នាក់ នៅក្នុងគ្រួសាររបស់ពួកគេមានជំងឺ ឈឺ
ដង្កាត់នានា គេទៅបន់ស្រន់ចំពោះ មនុស្សម្នាក់ ហើយបើការបន់ស្រន់ធ្វើឲ្យបុគ្គល នៅក្នុង
គ្រួសារជាសះស្បើយពីជំងឺនោះ បានន័យថា មនុស្សដែល គេបន់ស្រន់ នោះ គឺចេះធ្វើអំពើ
អាបធ្មប ដែលនេះ វាជាអបិយជំនឿរបស់ពួកគេ។
លោកថា ប្តី ឈ្មោះ រម៉ាសវ៉ែន អាយុ៨០ឆ្នាំ ចំណែកប្រពន្ធឈ្មោះ សេវ សយ អាយុ៥០ឆ្នាំ
ហើយក្មួយ២នាក់ទៀត របស់ពួកគាត់ក៏គេបានធ្វើការចោទប្រកាន់ដែរ។
អធិការស្រុកអូរយ៉ាដាវ លោកម៉ា វិចិត្រ បានមានប្រសាសន៍ឲ្យដឹងថា ចំពោះករណីនេះ
លោកបានចាត់មន្រ្តី ក្រោម ឱវាទទៅចុះស្រាវជ្រាវហើយ ហើយក៏ហៅក្រុមប្រជាពលរដ្ឋ
ទាំងអស់ មកអប់រំណែនាំពួកគេកុំឲ្យជឿ អបិយជំនឿបែបនេះ ព្រោះវាមិនពិតនោះទេ ហើយ
ពួកគាត់ទាំងពីរនាក់នេះ ក៏មិនបានចេះអំពើអាបធ្មបដែរ។
លោកបានបញ្ជាក់ថា “រឿងនេះវាមិនពិតនោះទេ ទំនៀមទំលាប់ប្រពៃណីបងប្អូនយើងនៅ
តំបន់នេះ គាត់តែងតែ មានជំនឿ បែបនេះតែចឹង”។
លោក ឆាយ ធី បន្តថាទៀត ចាប់តាំងពីឆ្នាំ២០១០រហូតមកដល់ពេលនេះ ករណីចោទប្រកាន់
ប្រជាពលរដ្ឋថា ចេះអំពើអាបធ្មបនៅក្នុង ខេត្តរតនគិរី មានចំនួន៤លើកហើយរួមទាំងលើក
នេះផងដែរ ហើយក៏ធ្វើការដោះស្រាយ ចប់សព្វគ្រប់ ប៉ុន្តែក្នុងចំណោមនោះមានមួយគ្រួសារ
បានចាកចេញពីភូមិកំណើតទៅរស់នៅស្រុកគេ ដោយសារ តែអ្នក ភូមិតាមរករឿងពួកគេ
ខ្លាំងពេក៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល