CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនជនដៃដល់ ម្នាក់ដែលវាយសម្លាប់ ប្លន់យកទូរស័ព្ទដៃ នៅសង្កាត់ ស្ទឹងមានជ័យ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក៥នាក់ ដែល ធ្វើសកម្មភាពវាយ សម្លាប់ប្លន់យក
ទូរស័ព្ទដៃ ពីជនរងគ្រោះ កាលពីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២នោះ ត្រូវបាន នគរបាលប៉ុស្តិ៍
ស្ទឹងមានជ័យ ឃាត់ខ្លួន កាលវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅ តាម
បណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យ ឈ្មោះ គុម បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខរបរជាកម្មករ សំណង់ ស្នាក់នៅ
កន្លែង ឃាត់ខ្លួន ។ ចំណែកបក្ខពួក ៤នាក់ទៀត កំពុងរត់គេចខ្លួន តែទោះជាយ៉ាងណា សមត្ថកិច្ច
បានស្គាល់ អត្តសញ្ញាណខ្លះៗ ហើយ។

លោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា ការឈាន ដល់ឃាត់ខ្លួន ជនសង្ស័យ បាន
ជោគជ័យនេះ ស្ថិតក្រោម ការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការ
នគរបាល រាជធានី និងបញ្ជាផ្ទាល់ ពីលោក ហ៊ី ណារិន អធិការនគរបាល ខណ្ឌមានជ័យ ហើយ
សង្ឃឹមថា ក្រុមជនសង្ស័យ ដែលកំពុងរត់ គេចខ្លួននោះ នឹងត្រូវចាប់បានយកមក ផ្តន្ទាទោសតាម
ច្បាប់ នៅពេលខាងមុខ។

សូមបញ្ជាក់ថា កាលពីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ជនសង្ស័យ គុម បញ្ញា រួមជាមួយបក្ខពួក
៣-៤នាក់ បានធ្វើសកម្មភាព វាយទៅ លើជនរងគ្រោះ ឈ្មោះ សី ផានី ភេទប្រុស អាយុ ២០ឆ្នាំ
ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ។ តាមលោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ
បានឲ្យដឹងថា ជនរងគ្រោះ រួមទាំងមិត្តភិក្ត បានចេញពីកន្លែង ផឹកស៊ី ត្រឡប់មកផ្ទះ ពេលមកដល់
កណ្តាលផ្លូវ ក៏ជួបនឹងក្រុមជន សង្ស័យ ស្រាប់តែក្រុមជន សង្ស័យព្រួតវាយ មកលើជនរងគ្រោះ
រហូតដល់ស្លាប់ នៅក្បែរផ្ទះជនរងគ្រោះ។ លុះព្រឹកឡើង ទើបមានការ ភ្ញាក់ផ្អើលដល់ ក្រុមគ្រួសារ
និងបានប្តឹងទៅសមត្ថកិច្ច ។

តាមការស្រាវជ្រាវរបស់ សមត្ថកិច្ច និងតាមការរៀប រាប់របស់មិត្តភក្តិរបស់ជនរងគ្រោះ រហូតមក
ដល់ ពេលនេះ មានរយ:ពេល ជាង២ខែហើយ ទើបសមត្ថកិច្ច ឃាត់ខ្លួន បានម្នាក់ ក្នុងចំណោមបក្ខ
ពួក ៤-៥នាក់។ បច្ចុប្បន្នជនសង្ស័យ ឈ្មោះ គុម បញ្ញា ត្រូវឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន
នគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ