CamNews

ព័ត៌មានជាតិ 

ចាញ់បោក ប្រុសព្រាន ហើយ ខ្លួនត្រូវជាប់ខ្នោះ នគរបាល ស្រុកកៀនស្វាយ

កណ្តាល: ស្រ្តីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទបន្លំ យកមាសរបស់ អាជីវករ នៅ ផ្សារគគីរ នៅ
មុខអធិការ ដ្ឋាននគរបាល ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣។

លោក ប៉ា សំអិត អធិការ នគរបាលស្រុកកៀនស្វាយ បានបង្ហើបឲ្យដឹងថា ស្រ្តីជាប់ចោទ ឈ្មោះ
ប៊ុត ញិច អាយុ ៣៥ឆ្នាំ ស្នាក់នៅ ផ្ទះជួល នៅសង្កាត់ភ្នំពេញថ្មី មានមុខរបរ ជាអ្នកម៉ាស្សា នៅម្តុំ
ត្រឡោកបែក ។

នៅចំពោះមុខអធិការ ស្រ្តីជាប់ចោទ បាននិយាយថា ខ្លួនជាស្រ្តីម៉ាស្សា បានស្គាល់ បុរសម្នាក់អាយុ
៦៧ឆ្នាំ ជាម៉ូយទៅម៉ាស្សា កោសជប់ នៅកន្លែងនាងធ្វើការ ហើយរាប់អានគ្នាជាស្រីកំណាន់តែម្តង
ទៅ ។

ស្រ្តីជាប់ចោទបន្តថា នៅថ្ងៃកើតហេតុ បុរសចំណាស់នោះ បាននាំនាងមកផ្សារ ដើម្បីរកទិញមាស
ឲ្យ ដោយ មុនដំបូងបុរសជាសង្សារ បាននាំនាងទៅផ្សារតាខ្មៅ ហើយមិនត្រូវចិត្ត គាត់បាននាំនាង
មកផ្សារគគីរនេះ ។

ស្រ្តីជាប់ចោទបន្តទៀតថា ពេលមកដល់ផ្សារគគីរ បុរសជាសង្សារ បាននាំនាង ទៅកាន់តូបលក់
មាស របស់ឈ្មោះ លី ដោយបាន យកខ្សែកមាស ទម្ងន់ ២តម្លឹង ៧ជី ។ បន្ទាប់ពីបាន ខ្សែកមាស
នេះហើយ បុរស ជាសង្សារនោះ បានយកខ្សែកទៅបាត់ ដោយបាននិយាយប្រាប់ថា ចេញទៅ
យកលុយពីកូន ដែលរង់ចាំនៅខាងក្រៅផ្សារ។ នាងក៏រង់ចាំរហូត មិនឃើញសង្សារមកវិញហើយ
ក៏ត្រូវម្ចាស់ មាសប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន តែម្តង។

លោកប៉ា សំអិត អធិការ នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ចំពោះករណី នេះ សមត្ថកិច្ច
របស់លោក កំពុងស្រាវជ្រាវ រកជនសង្ស័យ ដៃដល់ល្បិចខ្ពស់ ដែលបានបន្លំយកមាស របស់ជន
រងគ្រោះទៅបាត់នោះ ។

ដោយឡែកចំពោះស្រ្តី ជាប់ចោទរូបនេះ សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការ
ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ