ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍ មួយថ្មីទៀត បានកើតឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចវិថីផែ មុខស្ថានីយ៍រថភ្លើង ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឱ្យមនុស្ស២នាក់ រងរបួស ។
គ្រោះថ្នាក់លើដងវិថីថ្មីនេះ ត្រូវបានគេរាយការណ៍ថា បង្កឡើង ដោយរថយន្តកុងតឺន័រ មួយគ្រឿង បើកបុក រថយន្ត លុចស៊ីស RX300 (Lexus RX 300) ដែលបើកបរ ដោយគ្រួសារអ្នកស្រុកព្រៃវែង ចំនួន៧នាក់ ក្នុងគោលបំណង ទៅទេសចរកំសាន្តនៅខេត្តព្រះសីហនុ ក្នុងនោះ រថយន្តកុងតឺន័រ ដែលបើកស្របគ្នា បានបុកពីក្រោយ ហើយរុញរថយន្ត លុចស៊ី ឱ្យផ្ទុបចូល ផ្ទះអ្នកលក់ក្តាមសមុទ្រ រហូតដល់ម្ចាស់ផ្ទះ នាំគ្នាភ័យស្ទើរលោះព្រលឹង រត់ជាន់ជើងគ្នា។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា អ្នកជិះក្នុងរថយន្ត លុចស៊ីស២នាក់ បានរង របួសធ្ងន់ស្រាល ចំណែករថយន្តកុងតឺន័រ បានបើកទៅឈប់នៅមុខច្រកចូលកំពង់ផែ ហើយអ្នកបើកបរ គេចខ្លួនបាត់ បាត់ទៅហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្តលុចស៊ីស មានឈ្មោះ ញឹល ជាតិ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិជ្រៃឃុំព្រៃប្រសិទ្ធិ ស្រុកពារាំង ខេត្តព្រៃវែងរីឯរថយន្តកុងតឺន័រ បង្កហេតុ ម៉ាកនីសាន់ពាក់ស្លាកលេខភ្នំពេញ 3B-6855 ជាកម្មសិទ្ធិឯកជនស៊ីឈ្នួល ដឹកទំនិញ ក្រុមហ៊ុនកាត់ដេសំលៀកបំពាក់មួយ នៅរាជធានីភ្នំពេញ ។
ហេតុការណ៍នេះបណ្តាលអោយខូចខាតរថយន្ត លិចហ្សុសមួយកំណាត់ក្រោយ ចំណែករថយន្តកុងតឺន័រ ខូចខាតផ្នែកខាងមុខបន្តិចបន្តួច ។ ក្រោយកើតហេតុជនរងគ្រោះត្រូវ បានដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុភ្លាមៗ ។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ច អូសយករថយន្ត ពាក់ព័ន្ធ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការដោះស្រាយតាមក្រោយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល