CamNews

ព័ត៌មានជាតិ 

ខេមរៈ សិរីមន្ត នាយកុយ និងគ្រួសារជន រងគ្រោះ ជាច្រើននាក់ទៀត ស្នើសម្តេចតេជោ ជួយពន្លឿនរឿងក្តី របស់ខ្លួន

- តារាចម្រៀង ខេមរៈ សិរីមន្ត ទាមទារសំណង ជិត១០ម៉ឺនដុល្លារ ខណៈជនរងគ្រោះផ្សេងទៀត
ទារជាង២ម៉ឺន ដុល្លារ

ភ្នំពេញៈ តារាចម្រៀង ខេមរៈ សិរីមន្ត នាយកុយ យាយណាង រួមនិងក្រុមគ្រួសារជនរងគ្រោះក្នុង
ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរនៅខេត្តព្រះសីហនុ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ក៏ដូចជា
អាជ្ញាធរពាក់ព័ន្ធទាំងអស់ជួយ ពន្លឿនរឿងក្តីរបស់ខ្លួន ដែលរហូតមកដល់ពេលនេះ មិនទាន់មាន
ការចរចា ឬដោះស្រាយពីភាគីក្រុមហ៊ុនបង្ក ហេតុ SK នៅឡើយទេ។

ការថ្លែងស្នើឲ្យអាជ្ញាធរពន្លឿនរឿងក្តីរបស់ក្រុមជនរងគ្រោះជាអ្នកសិល្បៈខាងលើនេះ បានធ្វើឡើង
ក្នុងសន្និសីទរួម គ្នាមួយនៅសមាគមសិល្បករកម្ពុជា នៅខណ្ឌដូនពេញ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែ
មេសា ឆ្នាំ២០១៣នេះ។

នៅក្នុងសន្និសីទនោះ ក្រុមគ្រួសារជនរងគ្រោះទាំងអស់ បានទាមទារសំណងពីក្រុមហ៊ុនក្នុងម្នាក់ៗ
ជាង ២ម៉ឺន ដុល្លារ ដោយឡែក តារាចម្រៀង ខេមរៈ សិរីមន្តវិញ ទាមទារសំណងជិត១០ម៉ឺនដុល្លារ។

ជាមួយគ្នានេះ តារាកំប្លែង នាយកុយ និងក្រុមគ្រួសារជនរងគ្រោះផ្សេងទៀត សូមបដិសេធរាល់ពាក្យ
ចចាមអារ៉ាម ថា ភាគីក្រុមហ៊ុនបានទូទាត់សំណងក្នុងម្នាក់ជាង២ម៉ឺនដុល្លារ ជូនពួកខ្លួន គឺមិនទាន់មាន
ដោះស្រាយអ្វីទាំងអស់។

សូមបញ្ជាក់កាលពីរាត្រីថ្ងៃទី០៧ ខែមីនា រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនSK បានបុកពេញទំហឹងទៅ
លើរថយន្តក្រុមតារាចម្រៀងរបស់លោក ខេមរៈ សិរីមន្ត បណ្តាលឲ្យអ្នករួមដំណើរ៤នាក់ បានស្លាប់
បាត់បង់ជីវិត។ ក្រោយពី កើតគ្រោះថ្នាក់ ទាំង ខេមរៈ សិរីមន្ត និងក្រុមគ្រួសាររងគ្រោះផ្សេងទៀត បាន
ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ហើយពាក្យបណ្តឹងក៏បានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុរួច
រាល់ផងដែរ តែរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ មិនទាន់មានដំណោះស្រាយនៅឡើយនោះ
ទេ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ