ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ ម៉ាកនិច ពណ៌ស មិនចាំស្លាកលេខ បានធ្វើសកម្មភាពបាញ់ប្លន់ យកម៉ូតូម៉ាក សេ១២៥ មួយគ្រឿង ពីបុរសម្នាក់ បណ្តាលឲ្យធ្លាយពោះ កាលពីវេលា ម៉ោងប្រមាណ ៩៖០០នាទី យប់ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤នេះ ស្ថិតនៅមុខ ផ្ទះលេខ២អា ផ្លូវ៦៩បេតេ សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ខណៈជនរងគ្រោះ កំពុងជិះម៉ូតូ ម៉ាកសេ១២៥ មួយគ្រឿងពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ស្រាប់តែលេចមុខ ជនសង្ស័យ២នាក់ ដកកាំភ្លើង បាញ់ចំនួន៣គ្រាប់ បណ្តាលធ្លាយ ពោះ រងរបួសធ្ងន់ រួចហើយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ បាន ចុះទៅជួយអន្តរាគមន៍ ខណៈជនរងគ្រោះ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល