CamNews

ព័ត៌មានជាតិ 

ចលនាសង្គមក្នុងFacebook និងព្រះសង្ឃអំពាវនាវ ស្វែងរកកិច្ចសហការ ដើម្បីប្រោះព្រំលើកំណាត់ផ្លូវ ជាតិលេខ៤

ភ្នំពេញៈ ព្រះសង្ឃ និងក្រុមចលនាសង្គមក្នុងបណ្តាញ ទំនាក់ទំនងសង្គម ជាច្រើនអង្គ និងនាក់
បានអំពាវនាវ ស្វែងរកកិច្ចសហការនានា ពីសប្បុរសជនពុទ្ធសាសនិកជនទាំងអស់ ចូលជាបច្ច័យ
សម្រាប់ការចំណាយផ្សេងៗ ដើម្បីនិមន្តទៅប្រោះព្រំរំដោះគ្រោះ និងនាំមកសេចក្តីសុខចម្រើន
សម្រាប់អ្នកដំណើរទូទៅលើកំណាត់ផ្លូវជាតិ លេខ៤ ជាពិសេសចំណុចដែលកើតគ្រោះថ្នាក់រន្ធត់ៗ
នាពេលថ្មីៗនេះ ។ ពិធីសូត្រមន្តប្រោះព្រំដោះឧបទ្រពចង្រៃ នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ
ទី១០ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ១រសៀល។

ការអំពាវនាវស្វែងរកជំនួយឧបត្ថម្ភនេះ បានធ្វើឡើងបន្ទាប់ពីប្រធានក្រុមព័ត៌មានជាតិ សេរី ថ្មីៗ
និងប្រតិកម្ម រហ័សក្នុង បណ្តាញទំនាក់ទំនងសង្គម លោក ខ័ណ្ឌ ច័ន្ទសុផល គ្រោងនឹងនិមន្តព្រះ
សង្ឃជាច្រើន អង្គក្នុងរាជធានី ភ្នំពេញ និង ក្នុងខេត្តព្រះសីហនុ និមន្តទៅប្រោះព្រំរំដោះគ្រោះ
បណ្តេញឧបទ្រពចង្រៃ និងលើករាសីសេរីសួស្តី សេចក្តីសុខ ចម្រើននៅតាមបណ្តោយផ្លូវ ដែល
ឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរច្រើនបំផុត ជាពិសេសគ្រាន់តែដើម ឆ្នាំ២០១៣ មជ្ជុរាជលើដងវិថី
មួយនេះ ផ្តាច់ជីវិតមនុស្សអស់ជាច្រើននាក់។

បើតាមលោក ខ័ណ្ឌ ច័ន្ទសុផល ជារៀបចំចាត់ពិធីប្រោះព្រំនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន
ដើមអម្ពិលនាព្រឹក ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៣ថា ដោយសារចំណុចដែលព្រះសង្ឃត្រូវ
និមន្តទៅប្រោះព្រំលើកំណាត់ផ្លូវជាតិ លេខ៤ មានចង្ងាយឆ្ងាយ ហើយខ្វះលទ្ធភាពសម្រាប់ការ
ចំណាយផ្សេងៗ ដូចជាថ្លៃរថយន្តឈ្នួល និងថ្លៃចង្ហាន់ លោក ហេតុនេះហើយទើបលោកអំពាវ
នាវស្វែងការជួយឧបត្ថម្ភគាំទ្រពីសប្បុរជន ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ច ផងដែរ។

បើតាមប្រធានក្រុមព័ត៌មានជាតិ សេរី ថ្មីៗ និងប្រតិកម្មរហ័ស នៃបណ្តាញសង្គមហ្វេសប៊ុករូបនេះ
បានឲ្យដឹងទៀត ថា ព្រះសង្ឃដែលគ្រោងនិងនិមន្តទៅប្រោះព្រំលើកំណាត់ផ្លូវជាតិលេខ៤នេះ
មានប្រហែលជា១០០អង្គ ដោយ ៥០និមន្តពីរាជធានីភ្នំពេញ និង៥០អង្គទៀតនៅក្នុងខេត្តព្រះ
សីហនុតែម្តង។ តាមការគ្រោងទុកពិធីសូត្រមន្តប្រោះ ព្រំនេះ នឹងធ្វើឡើងនៅតាមចំណុច ដែល
កើតគ្រោះថ្នាក់រន្ធត់ៗ និងផ្តាច់ជីវិតមនុស្សច្រើន ដូចជាកន្លែងដែលបង្ក គ្រោះថ្នាក់ដល់តារា
ចម្រៀងល្បីវ័យក្មេង លោក ខេមរៈ សិរីមន្ត កាលពីយប់ថ្ងៃទី០៧ សម្លាប់ជីវិតមនុស្សរហូតដល់
៧នាក់ និងចំណុចដែលរថយន្តកាមរីបាឡែនក្រឡាប់ផ្ទុះឆេះ សម្លាប់យុវវ័យប្រុសស្រីរហូតដល់
៦នាក់ កាលពីអំ ឡុងពេលចូលឆ្នាំចិន នៅម្តុំចំការដូងប្រេងរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី។

នៅក្នុងពិធីសូត្រមន្តប្រោះព្រំនេះ បើតាមការបញ្ជាក់ពីលោក ខ័ណ្ឌ ច័ន្ទសុផល បានឲ្យដឹងថា
ក៏មានការអញ្ជើញ ចូលរួមពីតារាកំប្លែងនាយកុយ និងលោកយាយ ណយ សំណាង ដែលជា
ឪពុកម្តាយ នៃកូនប្រុស២នាក់ ដែល បានស្លាប់បាត់បង់ជីវិត ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ
កាលពីយប់ថ្ងៃទី០៧ កន្លងទៅនេះផងដែរ។

ពិធីប្រោះព្រំតាមជំនឿ និងប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឡើងម្តងរួចមកហើយកាល
ពីថ្ងៃទី៣ ខែមីនា នៅតាមបណ្តោយមហាវីថីព្រះនរោត្តម ដោយមានការអញ្ជើញចូលរួមពីប្រជា-
ពលដ្ឋយ៉ាងច្រើនផងដែរ ជាពិសេស ក្រុមគ្រួសារ នៃសពជនរងគ្រោះ ដែលត្រូវកញ្ញានិស្សិតពេទ្យ
បើករថយន្តបុកនៅមុខក្រសួងមហាផ្ទៃ។

បញ្ហាគ្រោះថ្នាក់ចរាចរកំពុងក្លាយទៅជាក្តីបារម្ភយ៉ាងខ្លាំងប្រជាពលរដ្ឋទូទៅ និងរាជរដ្ឋាភិបាល
កម្ពុជា បើតាម របាយការណ៍ របស់អង្គការពិការអន្តរជាតិ បានឲ្យដឹងថា ជាមធ្យមកម្ពុជាមាន
មនុស្សស្លាប់យ៉ាងហោចណាស់ ៥នាក់ក្នុង១ថ្ងៃ។

ដោយក្តីព្រួបារម្ភនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលថ្មីៗ បានអំពាវ
នាវឲ្យព្រះសង្ឃ និមន្តប្រោះព្រំរំដោះគ្រោះឧបទ្រពនៅតាមបណ្តាដងផ្លូវ ដែលឧស្សាហ៍ជួបគ្រោះ
ថ្នាក់ចរាចរ និងផ្តាច់ជីវិតមនុស្ស ច្រើនជាងគេ។

សម្រាប់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ចូលរួមក្នុងសកម្មភាពនេះ អាចទាក់ទងជាមួយលោក
ខ័ណ្ឌ ច័ន្ធសុ ផល ទូរស័ព្ទលេខ ០១២ ២៥ ២៥ ២២, ០៨៨ ៨ ២៥ ២៥ ២២។

តាមរយៈ នៃការអំពាវនាវនេះ ភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានចូលរួមឧបត្ថម្ភ ថវិកា
១០០ដុល្លារ សម្រាប់ការចំណាយផ្សេងៗក្នុងកម្មវិធី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក ខ័ណ្ឌ ច័ន្ទសុផល នាំយកថវិកាសប្បុរសជន ចូលរួមរំលែកទុក្ខ ជាមួយនាយកុយ
និងយាយ ណយ សំណាង

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ