CamNews

ព័ត៌មានជាតិ 

នាយ ស្មាញ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ក្អក​ធ្លាក់​ឈាម​មិន​បាត់ អំពាវ​នាវ​សុំ​ជំនួយ​សង្គ្រោះបន្ទាន់

(ភ្នំពេញ)៖ តារាកំប្លែង នាយ ស្មាញ ដែលធ្លាប់តែធ្វើឲ្យទស្សនិកជន ផ្ទុះសំណើចតាមរយៈឆាកតន្រ្តី និងពីកញ្ចក់ទូរទស្សន៍នានានោះ នៅពេលនេះ លោកកំពុងតែធ្លាក់ខ្លួនឈឺដុនដាប ដេកជាប់នៅលើគ្រែ ស្គមស្គាំង សល់តែស្បែកដណ្ដប់ឆ្អឹង កំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា (ពេទ្យ១៧៩) ខាងជើងវត្តភ្នំ និងកំពុងតែដង្វោយ ស្វែងរកជំនួយជាបន្ទាន់ ដើម្បីជួយព្យាបាលជំងឺ​នេះ ឲ្យបានធូរស្រាល ខណៈដែលគ្រួសារកំពុងតែខ្វះ​ លទ្ធភាពចំណាយលើសេវា ព្យាបាលយ៉ាងខ្លាំង។

យោងតាមការឲ្យដឹង ពីសំណាក់លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ដែលបានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភដល់ នាយស្មាញ ដល់មន្ទីរពេទ្យផ្ទាល់ បានឲ្យដឹងក្នុងបណ្ដាញសង្គម របស់លោកថា «សិល្បករកំប្លែងម្នាក់ទៀតហើយ ដែលធ្លាក់ខ្លួនឈឺ(នាយស្មាញ) ឈឺក្អកធ្លាក់ឈាមមិនបាត់ បីថ្ងៃហើយ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ព្រះកេតុមាលា អតីតពេទ្យ​1​79 ​បន្ទប់លេខ3 ។ ល្ងាចនេះខ្ញុំបាទ បានយកថវិកា​ ដែលជាសន្តានចិត្ត របស់តារាសម្តែង និងចម្រៀង កញ្ញា​ ពេជ្រ អាវីហ្សា​ ចំនួន50$ លោកពូ ឡាត់ សយ 25$​ និងថវិកា​របស់ខ្ញុំផ្ទាល់ 25$ សរុបទាំងអស់100$ ទៅជូននាយផងដែរ។ បើទោះបីនាយមិនមានឈ្មោះ ជាសមាជិកកាន់កាត សមាគមសិល្បៈក៏ដោយ »។

លោក សុះ ម៉ាច បានបន្តឲ្យដឹងទៀតថា «នាយក៏សូម​អំពាវនាវ សុំជំនួយពីសប្បុរសជន និងមិត្តសិល្បៈទាំងអស់ ជួយដល់នាយផង ដ្បិតនាយមិនមានលទ្ធភាព ក្នុងការចំណាយថ្លៃព្យាបាល រយៈពេលដល់ទៅ៦ខែ ដែលលោកគ្រូពេទ្យ តម្រូវឲ្យព្យាបាលរហូតជានោះទេ ។ នាយក៏លើកម្រាមដៃដប់ សូមថ្លែងអំណរគុណចំពោះ កញ្ញា អាវីហ្សា និងលោកពូ ឡាត់ សយ ព្រមទាំងខ្ញុំបាទផងដែរ ..!»។

ដោយឡែកលោក សុះ ម៉ាច ផ្ទាល់ ក៏បានសម្ដែងអារម្មណ៍ សោកសង្រែង និងប្រកូកប្រកាសដល់អ្នកសិល្បៈ ឲ្យចេះជួយគ្នានៅពេលនេះថា «ឱ!លោកអើយ!! ម្តេចក៏ជួបរឿងផ្ទួនៗ មកលើអ្នកសិល្បៈបែបនេះ? សូមជួយនាយផង! ជួយយកតែបុណ្យទៅចុះ! យើងសុទ្ធតែជាខ្មែរដូចគ្នាទេ ណាបងប្អូនអើយ! បើមានបំណងជួយដល់នាយ សូមទំនាក់ទំនង តាមរយៈលេខ 012 932 672 ឬលេខខ្ញុំបាទ 017 48 01 77 សូមអរគុណ ..!»៕

 



ផ្តល់សិទ្ធិដោយ ៖ ​ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh