CamNews

ព័ត៌មានជាតិ 

កម្ពុជាគ្រោង នឹងទាក់ទាញ អ្នកទេសចរចិន ឲ្យបាន ៥លាននាក់ នៅឆ្នាំ២០១៥ និង ៧លាននាក់ នៅឆ្នាំ២០២០

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងទាក់ទាញ អ្នកទេសចរជនជាតិចិន ឲ្យបាន៥លាននាក់ ក្នុងឆ្នាំ២០១៥
និងឲ្យបាន ៧លាននាក់ នៅក្នុងឆ្នាំ២០២០ តាមរយៈ ការដាក់ចេញ នូវយុទ្ធសាស្រ្តទីផ្សារទេសចរណ៍
កម្ពុជា និងយុទ្ធសាស្រ្តទីផ្សារទេចរណ៍កម្ពុជា សម្រាប់ទាក់ទាញទេសចរចិន ឆ្នាំ២០១៣-២០១៨
ដែល រៀបចំ ដោយក្រសួងទេសចរណ៍កម្ពុជា។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបែបនេះ នៅក្នុងសិក្ខាសាលាស្តីពី យុទ្ធសាស្រ្ត
ទីផ្សារទេសចរណ៍កម្ពុជា និងយុទ្ធសាស្រ្តទីផ្សារ សម្រាប់ទាក់ទាញទេសចរចិនឆ្នាំ ២០១៣-២០១៨
នៅព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៣នេះ នាសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

លោករដ្ឋមន្រ្តី ថោង ខុន បានបន្តថា ដើម្បីធ្វើការឆ្លើយតប ទៅនឹងបរិការណ៍តំបន់ និងពិភពលោក
នាពេលបច្ចុប្បន្ន និងការឈានទៅអនុវត្ត យុទ្ធសាស្រ្ត ទីផ្សារទេសចរណ៍អាស៊ាន ២០១២-២០១៥
ព្រមទាំងដើម្បី អនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍទេសចរណ៍កម្ពុជា ឆ្នាំ២០១២-២០២០ ការរៀបចំ
យុទ្ធសាស្រ្ត ទីផ្សារទេសចរណ៍កម្ពុជា និងយុទ្ធសាស្រ្ត ទីផ្សារទេសចរណ៍កម្ពុជា សម្រាប់ទាក់ទាញ
ទេសចរចិន ឆ្នាំ២០១៣-២០១៨នេះ ពិត ជាផ្តល់កាលានុវត្តភាព ដើម្បីឲ្យកម្ពុជា អាចទាក់ទាញ
ភ្ញៀវទេសចរ ឲ្យបាន ៥លាននាក់ នៅឆ្នាំ២០១៥និង ៧លាននាក់ នៅឆ្នាំ២០២០ ព្រមទាំងធ្វើឲ្យ
កម្ពុជាក្លាយជា គោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ នៅក្នុងតំបន់ និងពិភពលោក។

លោករដ្ឋមន្រ្តី ថោង ខុន បន្តថា «ដើម្បីទៅសម្រេចបាន នូវទិសដៅនៃចក្ខុវិស័យនេះ ទាមទារឲ្យ
មានការកំណត់ទីផ្សារ គោលដៅឲ្យបានច្បាស់ ធ្វើ ការអភិវឌ្ឍ និងពិពិធកម្មផលិតផល និងសេវា
កម្មទេសចរណ៍ ដែលនឹងត្រូវកំណត់ ក្នុងឯកសារយុទ្ធសាស្រ្ត ទីផ្សារទេសចរណ៍ទាំងពីរនេះ»។

បើតាមលោករដ្ឋមន្រ្តី ក្រសួងទេចរណ៍ បានឲ្យដឹងថា វិស័យទេសចរណ៍ គឺជាវិស័យមួយមាន
លក្ខណៈជាប្រព័ន្ធ ជាអន្តរវិស័យប្រកប ដោយភាព ប្រទាក់ក្រឡាគ្នា ទាំងនៅកំរិតសកល កំរិត
តំបន់ និងកំរិតជាតិ ហើយត្រូវចាត់ទុកថា ជាសមាសធាតុមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
សង្គម ហើយត្រូវបានចាត់ទុកថា ជាសមាសធាតុមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
និងការពង្រឹងទំនាក់ទំនងទៅវិញទៅមក ពិសេសការ ជំរុញវប្បធម៌ និងសន្តិភាព។

វិស័យទេសចរណ៍ ត្រូវបានចាត់ទុក ជាវិស័យអាទិភាពមួយ ដែលដើរតួជាមាសបៃតង ដោយ
បានចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារ
ការបង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលជាច្រើន ការជំរុញការ
នាំចេញ នៅនឹងកន្លែង ដែលជំរុញដល់ កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ របស់
ប្រជាពលរដ្ឋ ព្រមទាំងអាចឆ្លើយតបបាន ទៅនឹងបញ្ហា បម្រែបម្រួល អាកាសធាតុ ប្រកបដោយ
ប្រសិទ្ធភាព ដែលស្របនឹងនិន្នាការសកលលោក នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា បានចូលរួមចំណែកយ៉ាងខ្លាំងក្លា នៅក្នុងការចូលរួមសម្រេច
គោលដៅ នៃយុទ្ធសាស្រ្តចតុកោណ និងកម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news