CamNews

ព័ត៌មានជាតិ 

ព្រះភ្លើង ថ្វាយព្រះបរមសព គឺបានមក ពីព្រះសូរ្យសែង

ភ្នំពេញ៖ ភ្លើងសម្រាប់បូជា សពធម្មតា គឺគេយកភ្លើងទៀន ភ្លើងដែកកេស ឬភ្លើងអគ្គិសនីជាដើម
ក៏ប៉ុន្តែព្រះភ្លើង សម្រាប់ថ្វាយ ព្រះរាជាគ្រប់ជំនាន់ គឺបានមកពីការធ្វើពិធី យកចេញពីព្រះសូរ្យ សែង
(ព្រះអាទិត្យ) ដើម្បីបញ្ជាក់ពីកិត្តិនាមខ្ពង់ខ្ពស់របស់ព្រះអង្គ។

សាស្រ្តាចារ្យ ព្រាប ចាន់ម៉ារ៉ា បង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាញបុរាណវិជ្ជា បានមាន
ប្រសាសន៍ ឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត ព្រះភ្លើងសម្រាប់ថ្វាយព្រះបរមសពមិន
មែនភ្លើង យកមក ពីការអុជឈើគូស ដែកកេសនោះទេ គឺព្រះភ្លើងបានមកពីការធ្វើពិធីយកព្រះភ្លើង
ដែលយកចេញពីពន្លឺ និងកំដៅព្រះអាទិត្យ ហៅថា ព្រះសូរ្យសែង។

លោកបន្តថា តាមក្បួនរបស់ព្រះបរមរាជវាំង គេយកកែវពង្រីកធំមួយដាក់ឲ្យចំកណ្តាលថ្ងៃក្នុងព្រះបរម
រាជវាំង ហើយគេឆ្លុះកំដៅចេញពីកញ្ចក់កែវពង្រីកទៅលើកំទេចស្បូវដែលគេរៀបចំទុកដើម្បីឲ្យភ្លើងឆេះ
ឡើង។ បន្ទាប់មកទៀត គឺគេយកទៀនធំមួយអុជតពីភ្លើងដែលបានពីអំណាចព្រះអាទិត្យ ដើម្បីរក្សាទុក
ឲ្យគង់ វង្ស នៅក្នុងព្រះបរមរាជវាំងសម្រាប់ពិធិថ្វាយព្រះភ្លើង។

លោកថា នៅពេលព្រះបរមសពហែចេញពីព្រះបរមរាជវាំង ព្រះភ្លើងដែលទទួលបានក្នុងពិធីនោះគេ
យកមកដាក់តម្កល់ក្នុងរូបសត្វរមាស ដែលគេហៅថា រមាសនាំភ្លើងហែទៅដែលមានក្រុមគ្រួសារ នា
ម៉ឺនមន្ត្រីផងដែរ។ ជាងនេះទៅទៀត តាមទំនៀមទំលាប់ពីបុរាណមក គឺថាពិធីថ្វាយព្រះភ្លើងតែងតែធ្វើ
ឡើងនៅល្ងាច ពេលព្រះ អាទិត្យ រៀបអស្តង្គត ជាពេលវេលាសម្រាប់ថ្វាយព្រះភ្លើង។

ប៉ុន្តែការថ្វាយព្រះភ្លើងព្រះបរមសព ព្រះបរមរតនកោដ្ឋ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំទាន់អាច
ទាក់ទងមន្រ្តី និងសែរាជវង្ស សុំការបំភ្លឺជុំវិញប្រសាសន៍របស់សាស្រ្តាចារ្យ ព្រាប ចាន់ម៉ារ៉ា ខាងលើ
នេះបាននៅឡើយទេ។

សូមជម្រាបថា ពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ទៅតម្កល់ទុកនៅវាលព្រះមេរុ បានប្រព្រឹត្តិ
ទៅនៅ ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ និងថ្វាយព្រះភ្លើងប្រារព្ធឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣
នៅវាលព្រះមេរុ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ