CamNews

ព័ត៌មានជាតិ 

ជនញៀនថ្នាំ យកអំបែងដប ចាប់ភ្ជង់ក្មេងស្រីអាយុជាង១ឆ្នាំ ផ្អើលអស់ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទៅអន្តរាគមន៍

តាកែវ : ជនញៀនថ្នាំម្នាក់ បានចាប់ក្មេងស្រីអាយុ១ឆ្នាំ៣ខែ យកទៅគំរាមសម្លាប់ចោល ដោយភ្ជង់និងអំបែងដប រហូតធ្វើឲ្យ ក្មេងស្រីតូចម្នាក់នេះ យំឡើងសន្លប់២ ទៅ៣ដង ទម្រាំសមត្ថកិច្ច និងអ្នកភូមិជួយលួងលោម ហើយឈានទៅដល់ការចាប់ជនល្មើស និងសង្គ្រោះក្មេងស្រីមកវិញបាន ។

ករណីប៉ងសម្លាប់ក្មេងស្រី អាយុជាងមួយឆ្នាំ១នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតចំណុចប្រឡាយទឹកមួយកន្លែង នៅភូមិ២ សង្កាត់រការក្នុង ក្រុង​ដូនកែវ ខេត្តតាកែវ ដែលជនល្មើស មានឈ្មោះ ថន រតនា អាយុ១៦ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប ហើយទើបមកក្រុងដូនកែវ ជាមួយមិត្តភក្តិរបស់ខ្លួន បាន៥ថ្ងៃប៉ុណ្ណោះ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តតាកែវ បានប្រាប់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥​នេះ​ថា ពេលជនល្មើសមកដល់ក្រុងដូនកែវនោះ ស្រាប់តែមិត្តភក្តិរបស់ខ្លួន កាលពីយប់ថ្ងៃទី២៤ បានទៅទិញថ្នាំញៀនឲ្យជក់ រហូតបាត់ស្មារតី និងគ្រប់គ្រងអារម្មណ៍លែងបាន ហើយនៅរសៀល ម្សិល​មិញ ជនល្មើសរូបនេះ បានដើរចេញពីផ្ទះជួលរបស់មិត្តភក្តិ ចង់ត្រឡប់ទៅផ្ទះ នៅឯខេត្តសៀមរាបវិញតែគ្មានលុយ ក៏ចេះតែដើរផង និងរត់ផងតាមផ្លូវជាតិ រហូតដោះអាវចោល ហើយរើសអំបែងដបកាន់នឹងដៃ ។

ពេលជនល្មើសដើរទៅមុខ ស្រាប់តែជួបក្មេងស្រីម្នាក់ឈរនៅមុខផ្ទះ ក៏ចាប់បីយកទៅក្បែរប្រឡាយទឹក ធ្វើឲ្យម្តាយក្មេងស្រីរងគ្រោះ និងអ្នកភូមិ បានហៅសមតត្ថកិច្ចមកជួយរំដោះមកវិញ ។ តែជនល្មើសមិនព្រមលែងក្មេងស្រីរងគ្រោះនោះឡើយ បើទោះបីជាម្តាយក្មេងនោះប្រាប់ថា ឲ្យលុយ​ជិះ​ឡានទៅស្រុកកំណើតវិញក៏ដោយ រហូតសមត្ថកិច្ចប្រើយុទ្ធវិធីលួងលោម រួចចុងក្រោយហក់ទៅចាប់តែម្តង។

បច្ចុប្បន្នជនញៀនថ្នាំរូបនេះ ត្រូវបានឃុំខ្លួន នៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ នាពេលរសៀលថ្ងៃដដែលនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News CambodiaTakeo