CamNews

ព័ត៌មានជាតិ 

៤ថ្ងៃ​ចូលឆ្នាំចិន​-​វៀតណាម គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស ៣៣នាក់ និង​រង​របួស​ធ្ងន់​ស្រាល ១៩៧នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ដែលបានកើតឡើង ក្នុងរយៈពេល ៤ថ្ងៃ ក្នុង ឱកាសថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម មានចំនួន ៩៨លើក បណ្តាលឲ្យមានមនុស្ស ស្លាប់រហូត ទៅដល់ ៣៣នាក់ និងមានអ្នករងរបួសធ្ងន់ស្រាល ១៩៧នាក់។

លោក សុខ ណុប ប្រធានការិយាល័យនីតិវិធី នៃនាយកដ្ឋានសណ្តាប់ធ្នាប់ បានមានប្រសាសន៍ ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ថា ក្នុងរយៈ ៤ថ្ងៃ ចាប់ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ នេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស សរុបទាំងអស់ ២៣០នាក់ នៅទូទាំងប្រទេស ហើយអ្នករងបួសធ្ងន់ ១១៦នាក់ ស្រាល ៨១នាក់។

លោកបន្ថែមថា “យើងពិនិត្យមើលគឺនៅរាជធានីភ្នំពេញ កើតឡើងច្រើនជាងគេ មានចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ បន្ទាប់មកមានខេត្តកំពង់ចាម ៩លើក បណ្តាល ឲ្យមនុស្សរបួសធ្ងន់ ១៣នាក់ ហើយខេត្តឧត្តរមានជ័យ ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ ១០នាក់”។

លោក សុខ ណុប បានបញ្ជាក់ថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង ពីការបើកបរហួសល្បឿនកំណត់មាន ៤១លើក បើកបរមានជាតិស្រវឹង ២៦លើក បើកបរក្នុង ស្ថានភាពប្រជែង ១០លើក និងមិនគោរពសិទ្ធិអាទិភាព ៩លើក មិនប្រកាន់ស្តាំ ៥លើក បត់ឆ្វេង បត់ស្តាំមិនគោរពច្បាប់ ២លើក និងបញ្ហាផ្សេងៗទៀត ៣លើក។

លោកបានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០១៤នេះ មានចំនួនកើនឡើង ជាងឆ្នាំ២០១៣ ចំនួន ៥លើក ចំនួនអ្នកស្លាប់វិញថយចុះចំនួន ១០នាក់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ