(ប៉េកាំង)៖ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបដ៏ល្បីរបស់ចិន PPTV បានចុះកិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ក្នុងការទិញសិទ្ធិផ្សាយបន្តផ្ទាល់នៃក្របខណ្ឌបាល់ទាត់ Premier League ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ ក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមគ្នានោះ ក្របខណ្ឌកំពូលលំដាប់លេខ១ ពិភពលោក Premier League ក៏បានបញ្ជាក់ប្រាប់សារព័ត៌មាន BBC រួចហើយដែរអំពីកិច្ចសន្យាថ្មីនេះជាមួយនឹងក្រុមហ៊ុនយក្សមកពីអាស៊ី ដោយនឹងចាប់ផ្តើមផ្សាយបន្តផ្ទាល់ចាប់ពីរដូវកាលឆ្នាំ ២០១៩-២០២០ តទៅ ដោយក្នុង១ឆ្នាំ Premier League ទទួលបាន ២៣៣លានដុល្លារ។
ទូរទស្សន៍ខ្សែកាប PPTV ដែលជាផ្នែកមួយនៃក្រុមហ៊ុន Sunning របស់ចិននោះ ក៏បានធ្វើការវិនិយោគទៅលើក្លឹបបាល់ទាត់អាជីពនៅអឺរ៉ុបផងដែរនាពេលថ្មីៗនេះ គឺក្លឹប Inter Milan របស់ប្រទេសអ៊ីតាលីកាលពីខែមិថុនា ឆ្នាំ២០១៦ ដែលវាស្របទៅនឹងគោលនយោបាយរបស់ប្រធានាធិបតីចិន Xi Jinping ដែលបានលើកឡើងកាលពីប៉ុន្មានខែមុនថា «សេដ្ឋកិច្ចចិន នឹងបន្តវាយលុកចូលវិស័យបាល់ទាត់ក្នុងទ្វីបអឺរ៉ុប ដើម្បីពង្រីកទីផ្សារចិនឲ្យកាន់តែទូលំទូលាយ និងអភិវឌ្ឍន៍វិស័យកីឡា ក្នុងប្រទេសចិនផងដែរ»។
ដូច្នេះ ចិននៅតែជាគូប្រជែងដ៏ធំរបស់អាមេរិក ក្នុងការទិញសិទ្ធិផ្សាយបន្តផ្ទាល់ទៅក្រៅប្រទេសដែលមានតម្លៃថ្លៃកប់ ពពករបស់ Premier League គ្រាដែលទូរទស្សន៍ដ៏ល្បីរបស់អាមេរិក NBC បានទិញសិទ្ធិផ្សាយបន្តផ្ទាល់ Premier League រយៈពេល៦ឆ្នាំ ដែលមានទឹកប្រាក់សរុប ១ពាន់លានដុល្លារ ($1 billion) ដោយក្នុង១រដូវកាល Premier League ទទួលបាន ១៦៧លានដុល្លារ។
តែសម្រាប់បច្ចុប្បន្ន ទូរទស្សន៍ក្នុងស្រុករបស់អង់គ្លេស Sky Sports និង BT បានកំពុងតែធ្វើការផ្សាយបន្តផ្ទាល់ Premier League ដែលបានចុះកិច្ចសន្យាកាលពីឆ្នាំទៅ ដែលមានទឹកប្រាក់ ៥.១៤ពាន់លានផោន ក្រោមកិច្ចសន្យា ៣ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០១៦-២០១៧ តទៅ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង