CamNews

កីឡាជាតិ 

ស្វាយ​​រៀង លត់​វេស្ទើន​​ចាស់​ដៃ ៥-០ ដើម្បី​​ឈរ​កំពូល​​តា​រាង​​លីគ​កម្ពុជា

(ភ្នំពេញ)៖ គិតត្រឹមសប្ដាហ៍ទី៣ ក្នុងការប្រកួតជើងទី១ ក្របខណ្ឌលីគកំពូលកម្ពុជា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានឡើងឈរកំពូលតារាងបណ្ដោះអាសន្ន បន្ទាប់ពីបំបាក់ក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ដោយលទ្ធផល ៥-០ នៅកីឡដ្ឋានវេស្ទើនកាលពីល្ងាចមិញ។

កីឡាករជួយឲ្យអតីតក្រុមជើងឯកឆ្នាំ២០១៣ ព្រះខ័នរាជស្វាយរៀង ឲ្យទទួលបាន ៣ពិន្ទុបន្ថែម ដើម្បីឈរកំពូលតារាងពិន្ទុដោយកាន់ ៧ពិន្ទុបណ្ដោះអាសន្ន រួមមានកីឡាករ Chidera ២គ្រាប់, កីឡាករ Kim Namgun ១គ្រាប់, កីឡាករ Chigozie ១គ្រាប់ និងកីឡាករ Obi ១គ្រាប់។

កាលពីចុងសប្ដាហ៍កន្លងទៅដែរ ក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-១ ដើម្បីទទួលបាន ៧ពិន្ទុស្មើគ្នាជាមួយព្រះខ័នរាជស្វាយរៀង ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងស្មើ១។ គ្រាប់បាល់ជ័យជម្នះរបស់ក្រសួងការពារជាតិ គឺរកបានដោយកីឡាករ Choe Myong Ho ២គ្រាប់ និង ច្រឹង ពលរដ្ឋ ២គ្រាប់។

ប៉ុន្ដែអ្វីដែលគួរឲ្យស្ដាយ គឺក្រុមភ្នំពេញក្រោន ដែលត្រូវរបូតកៅអីកំពូលតារាង ក្រោយប្រកួតស្មើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ២-២ លើទឹកដីខ្លួន ធ្វើឲ្យអតីតក្រុមជើងឯក ៦ជំនាន់នេះទទួលបានត្រឹម ១ពិន្ទុ ហើយកាន់ ៧ពិន្ទុក្នុងដៃស្មើក្រុមខ្លាំងខាងលើ តែចាញ់គ្រាប់បាល់ចំណេញ។

ចំណែកលទ្ធផល ៣ប្រកួតផ្សេងទៀត គឺក្រុមការពារតំណែងជើងឯកបឹងកេតអង្គរ រកបាន ៣ពិន្ទុដំបូងពីការយកឈ្នះក្រុម Cambodian Tiger ៣-១ លើកទឹកដីខ្លួន ខណៈក្រុមណាហ្គាវើល បានលត់ក្រុមស៊ីម៉ាក់ ៣-០ ដើម្បីឈរលេខ៤។ ចំណែកក្រុមចំណូលថ្មីអគ្គិសនីកម្ពុជា រកបាន ៣ពិន្ទុលើកដំបូងដែរ ក្រោយយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-០៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news