CamNews

ព័ត៌មានជាតិ 

មន្រ្តីយោធាម្នាក់ខឹង​គេលួចមាន់​បាញ់២គ្រាប់ ឡើងលើ ត្រូវនគរបាលឃាត់​ខ្លួនយក​ទៅសួរនាំ

(ភ្នំពេញ)៖ មន្រ្តីយោធាម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ និងមិនដឹងបម្រើនៅអង្គភាពណានោះទេ បានបាញ់២គ្រាប់ឡើងលើ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ រស់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅវេលាម៉ោង ប្រមាណ១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ ។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រាប់អង្គភាព Fresh News ថា​មន្រ្តីយោធារូបនេះ ត្រូវបានកម្លាំងនគរបាលរបស់លោក ឃាត់ខ្លួនភ្លាមៗ ហើយនាំយកទៅ​សួរនាំ នៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី។ បើតាមលោក ម៉ៅ សឿត ជនបង្កបានបាញ់ចំនួន២គ្រាប់នេះ គឺដោយសារតែខឹងគេលួចមាន់របស់គាត់។

បុរសម្នាក់នៅកន្លែងកើតហេតុ បានប្រាប់ថា ជនបង្ករូបនេះមានអាការ:ដូចជា​ស្រវឹងផងដែរ ហើយក្រោយបាញ់មួយគ្រាប់គាត់បានស្រែកថា នរណាបាញ់ ពេលនោះ ជនសង្ស័យ​បានបើកម៉ូតូសំដៅមកគាត់ ហើយប្រាប់ថា គាត់ជាអ្នកបាញ់ ពីព្រោះខឹងគេលួចមាន់។

បុរសរូបនោះបានប្រាប់ថា បើបាត់មាន់ហេតុអីមិនប្តឹងទៅសមត្ថកិច្ច ចាំបាញ់ធ្វើអី ស្រាប់តែជនបង្ក បានបើកម៉ូតូចេញ ហើយបាញ់មួយគ្រាប់ថែមទៀត ៕


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh