(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ដោយសហការជាមួយកម្លាំង នគរបាលខេត្តបាត់ដំបង បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលមានម្នាក់ជាប្រធានសាខាធនាគារអេស៉ីលីដា ក្រុងបាត់ដំបង និង៥នាក់ទៀត ជាបុគ្គលិកធនាគារអេស៉ីលីដា ក្រុងបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក អ៉ិន ចាន់នី ប្រធានធនាគារអេស៉ីលីដា ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយប្តឹងជនសង្ស័យទាំង៦រូបពីបទ «រំលោភលើសេចក្តីទុកចិត្តដោយអភិបាលការងារ» ប្រព្រឹត្តទៅកាលពីឆ្នាំ២០១៤-២០១៥ ដែលមានទំហំទឹកប្រាក់ ប្រមាណជាង១លានដុល្លារអាមេរិក។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ខាងលើ មាន៥នាក់ជាបុគ្គលិកធនាគារអេស៉ីលីដាក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួន នៅសាខាធនាគារ នៅក្រុងបាត់ដំបង និងម្នាក់ទៀត ដែលជាប្រធានសាខាត្រូវបានឃាត់ខ្លួន នៅរាជធានីភ្នំពេញ។
ជនសង្ស័យទាំង៦នោះរួមមាន៖ ១៖ ឈ្មោះ ស៉ីវ សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ, ២៖ ឈ្មោះ ឡេវ ឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ, ៣៖ ឈ្មោះ បឿន សំណង់ ភេទប្រុស អាយុ៣៧ឆ្នាំ, ៤៖ ឈ្មោះ ជា សិលា ភេទប្រុស អាយុ៣៤ឆ្នាំ, ៥៖ ឈ្មោះ ញឹក សារ៉ន អាយុប្រុស អាយុ៣៦ឆ្នាំ, ៦៖ ឈ្មោះ ឈន ទឹន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តបាត់ដំបង។
ពាក់ព័ន្ធករណីឃាត់ខ្លួននេះ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៉ីលីដា បានថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះថា ធនាគារអេស៉ីលីដា ពិតជាបានប្តឹងទៅសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នោះ ប្រាដកមែន។
លោកបានបញ្ជាក់ទៀតថា បណ្តឹងឲ្យឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញភាពមិនប្រក្រតីជាច្រើន ក្នុងធនាគារអេស៉ីលីដា ក្រុងបាត់ដំបង ដោយភាពមិនប្រក្រតីនោះមាន ដូចជាបញ្ហាទំហំឥណទាន និងការបន្លំឯកសារសាធារណៈជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ កំពុងឃាត់ខ្លួននៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី