CamNews

តារា 

ឈិន ចាន់សុធារី ផ្ទុះដំណឹងថា ត្រៀមចូលរោងការ ជាមួយ សុវណ្ណ មករា

ភ្នំពេញៈ នេះមិនមែនជាលើកទី១ទេ ដែលព័ត៌មានលេចឮថា តារាសម្តែង និងជាអតីតពិធីការិនី កញ្ញា ឈិន ចាន់សុធារី និងតារាសម្តែងរាងសង្ហាមាឌធំ លោក សុវណ្ណ មករា លួចមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយគ្នា ។ អាចនិយាយបានថា ពួកគេបានឆ្លងកាត់ព័ត៌មាននេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ គ្រាន់តែពួកគេទាំងពីរ លាក់បាំងមិនបើកចំហរ ។ស្រាប់តែនៅខណៈនេះ មានប្រភពបង្ហើបថា ចំណងស្នេហ៍លាក់បាំង អាចនឹងផ្ទុះឡើង ជាសាធារណៈ បន្ទាប់ពីគូស្នេហ៍មួយនេះ មានគម្រោងដឹកដៃគ្នា ដើរចែកសំបុត្រអញ្ជើញការ ក្រោយរដូវវស្សាកន្លងផុត។

បន្ទាប់ពីចំណាយ ពេលវេលាមើលចិត្តថ្លើមគ្នា អស់ជាច្រើនឆ្នាំ កញ្ញា ឈិន ចាន់សុធារី និង លោក សុវណ្ណ មករា ត្រូវបានប្រភពពីអ្នកសិល្បៈជិតខ្លួន បង្ហើបឲ្យដឹងថា ពួកគេទាំងពីរ កំពុងតែត្រៀមដឹកដៃគ្នា ចូលរោងការតាមប្រពៃណី ឆាប់ៗខាងមុខនេះ ដោយអនាគតកូនក្រមុំ និងកូនកំលោះ កំពុងតែញាប់ដៃញាប់ជើង រៀបចំចាត់ចែងគន់គូមើលពេល ដ៏សមរម្យមួយ ។

បើតាមប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា តាមពិតទៅពន្លកស្នេហ៍ របស់ពួកគេ បានដុះមកច្រើនឆ្នាំ មកហើយ គ្រាន់តែពួកគេ មិនបើកចំហរ និងនៅមានភាពរារែកចិត្ត មិនហ៊ានដឹកដៃគ្នា ចូលរោងការតែប៉ុណ្ណោះ។ ទើបតែពេលនេះ ក្រោយពី តារាសម្តែងចាស់វស្សា លោក សុវណ្ណ មករា បានលែងលះដាច់ស្រឡះ កាលពីពេលថ្មីៗនេះ ទើបធ្វើឲ្យលោក ងាកមកបង្កាត់រងើកភ្លើង ចាស់ជាមួយស្រីស្អាត រូបនេះវិញ ។

ពាក់ព័ន្ធនឹងព័ត៌មាន លេចឮបែបនេះ ត្រូវបានតារាសម្តែងសាច់ដុំ ធំមាឌមាំរូបសង្ហា លោក សុវណ្ណ មករា បានប្រាប់ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ លាយឡំនឹងសំណើច បែបលាក់លៀមថា គ្មានរឿងបែបនោះទេ ចេះតែមានហើយ ឃើញពួកលោក ទៅណាមកណា ជាមួយគ្នា ហាក់សិ្នទ្ធស្នាល បែរជាថាស្រលាញ់គ្នា មានគម្រោងរៀបការទៅវិញ ។

លោក សុវណ្ណ មករា បានប្រាប់ ដោយសម្តីរអាក់រអួលថា "ការលេចឮព័ត៌មាន បែបនេះ វាធ្វើឲ្យប៉ះពាល់ កិត្តិយស ខាង សុធារី ខ្ញុំទទួលស្គាល់ថា កាលពី១០ឆ្នាំមុន ខ្ញុំធ្លាប់គិតបែបនោះ (ស្រលាញ់គ្នាមែន) តែពេលនេះ ខ្ញុំមិនហ៊ាននិយាយទេ គឺ៥០លើ៥០ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាមានអារម្មណ៍ល្អ ជាមួយគ្នា តែមិនដល់ថ្នាក់ ដើរចែកធៀបការ ក្នុងពេលឆាប់ៗ ដូចព័ត៌មានខាងលើទេ " ។

ដោយឡែក តារាស្រីរាងតូចច្រឡឹង កញ្ញា ឈិន ចាន់សុធារី វិញ មិនបានផ្តល់បទសម្ភាសន៍ ឬក៏បកស្រាយទាក់ទង និងព័ត៌មានខាងលើនេះទេ ដោយនាងលើកទូរស័ព្ទ ហើយនិយាយយ៉ាងខ្លីថា "ពេលនេះខ្ញុំមិនស្រួលខ្លួនទេ ល្វើយៗខ្លាំងណាស់ចាំទាក់ទងមកពេលក្រោយទៅ" ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news