CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុនប្រេងឥន្ទនៈ នៅកម្ពុជាទម្លាក់តម្លៃ ប្រេងសាំង នាំភាពរីករាយ ជូនពលរដ្ឋខ្មែរ

ភ្នំពេញ៖ ក្រុមហ៊ុនប្រេងឥន្ធនៈធំៗ ទាំង៧ នៅកម្ពុជា បានប្រកាស់ទម្លាក់តម្លៃ ដ៏គួរឲ្យភ្ញាក់ផ្អើល និងនាំឲ្យមានការ ពេញចិត្តខ្លាំង ពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ទោះបីការធ្លាក់នេះ មានចំនួនតិចតួចក្តី ។ ការធ្លាក់តម្លៃប្រេងឥន្ធនៈនេះ ត្រូវមន្រ្តីរាជរដ្ឋាភិបាលបញ្ជាក់ថា ដោយសារតម្លៃប្រេង លើពិភពលោកធ្លាក់ថ្លៃ មិនជាប់ពាក់ព័ន្ធ ការអំពាវនាវ របស់បក្សប្រឆាំងនោះទេ ។

ក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រកាសថា ក្រុមហ៊ុនប្រេងឥន្ធនៈធំៗ រួមមាន៖ក្រុមហ៊ុនសូគីមិច, តេលា, ភីធីធី, ប៊ីវីអឹម, សាវីមិច, តូតាល់របស់អាម៉េរិក និងតូតាល់របស់បារាំង បានបញ្ចុះតម្លៃពីជាង៥ពាន់រៀល មកនៅត្រឹមជាង ៤ពាន់រៀល។

តាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមហ៊ុនសូគីមិច, តេលា, ភីធីធី, ប៊ីវីអឹម និងសាវីមិច បានបញ្ចុះតម្លៃប្រេងសាំងពី ៥.០៥០រៀល មកនៅត្រឹម ៤.៧៥០រៀល។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤.៧៥ ០រៀល មកនៅ ៤.៥០០រៀល។ ក្រុមហ៊ុនតូតាល់ ប្រេងសាំងធម្មតា បញ្ចុះតម្លៃពី ៥.០៥០រៀល មកនៅ ៤.៨៥ ០រៀល។ ប្រេងម៉ាសូតបញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៦០០រៀល។ ក្រុមហ៊ុនកាល់តិច ប្រេងសាំងធម្មតា បញ្ចុះតម្លៃពី ៥.០៥០រៀល មកនៅ ៤.៨០០រៀល។ ប្រេងម៉ាសូតបញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៥៥ ០រៀល។

ដោយឡែកក្រុមហ៊ុន សាវីមិច បញ្ចុះតម្លៃច្រើនជាងគេ ពោលបានបញ្ចុះតម្លៃប្រេងសាំងពី ៥.០៥០រៀល មកនៅ ៤.៤៥០រៀល។ ប្រេងម៉ាសូត បញ្ចុះតម្លៃពី ៤.៧៥០រៀល មកនៅ ៤.៣៥០រៀល។

លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ដោយឈរលើស្មារតី នៃការយកចិត្តទុកដាក់ កាត់បន្ថយភាពក្រីក្រ ការចំណាយ និងបង្កើនកម្រិតជីវភាព រស់នៅរបស់ប្រជា ពលរដ្ឋឲ្យបានល្អប្រសើរនោះ នៅថ្ងៃទី១៩ ខែវិច្ឆិកា ម្សិលមិញ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល លោកឧបនាយក រដ្ឋមន្រ្តី គាត ឈន់ និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន រួមនិងមន្រ្តីពាក់ព័ទ្ធ ជាច្រើនរូបផ្សេងទៀត បានបើកកិច្ចពិភាក្សា មួយជាមួយក្រុមហ៊ុន ប្រេងឥន្ធនៈទាំង ៧នៅកម្ពុជា ។

ឆ្លងតាមកិច្ចប្រជុំ ក្រោមស្មារតីស្ម័គ្រចិត្ត ក្រុមហ៊ុនទាំង៧ ដូចរៀបរាប់ខាងលើ បានសម្រេចចិត្តធ្វើការបញ្ចុះ តម្លៃមួយសមរម្យស្របតាម តម្លៃទីផ្សារពិភពលោក។

មុនឈានដល់ការបញ្ចុះតម្លៃប្រេងឥន្ធនៈ នៅប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានធ្វើការអំពាវនាវ ចំនួន២ដងនៅលើទំព័រ ហ្វេសប៊ុក របស់លោក ឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈ។

ត្រង់ចំណុចនេះ ត្រូវបានលោក កែន រដ្ឋា បញ្ជាក់ថា ការទម្លាក់តម្លៃប្រេងសាំង អត់ជាប់ពាក់ព័ន្ធការអំពាវនាវនោះទេ គឺស្ថិតលើគោលការណ៍ ស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ដែលអាស្រ័យទៅលើតម្លៃប្រេង លើទីផ្សារពិភពលោក ពោលបើតម្លៃលើ ទីផ្សារពិភពលោកធ្លាក់ថ្លៃ ហើយក្រុមអាច ទម្លាក់តម្លៃបាន គេនឹងទម្លាក់ទៅតាម ហាងឆេងហ្នឹងភ្លាម ។

លោក កែន រដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះ «កិច្ចប្រជុំហ្នឹង ដូចជាអត់បាននិយាយ ពាក់ព័ន្ធលើរឿងហ្នឹងផង ។ យើង ធ្វើឡើងតាមគោលការណ៍ ស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ដោយពិនិត្យទៅតាម ទីផ្សាររបស់ពិភពលោក និងលទ្ធភាពរបស់ក្រុមហ៊ុន ។»

បើតាមលោក រដ្ឋា ការបញ្ចុះតម្លៃប្រេងសាំងនេះ ក៏អត់មានជាប់ពាក់ព័ន្ធ និងការបន្ធូរបន្ថយ ឬលើកលែងពន្ធពីរដ្ឋា ភិបាលនោះដែរ។ លោក កែន រដ្ឋា ក៏បានឲ្យដឹងផងដែរ ការបញ្ចុះតម្លៃនេះ នឹងអាចធ្លាក់ចុះ បន្ថែមទៀត ប្រសិន បើទីផ្សារប្រេងសាំង ពិភពលោកធ្លាក់ចុះ ។

ការបញ្ចុះតម្លៃប្រេងឥន្ធនៈនេះ បាននាំឲ្យប្រជាពលរដ្ឋខ្មែរមិនថា អ្នកមានជីវភាពធូរធារ ធម្យម ឬក្រីក្រនោះទេ សុទ្ធតែបានសម្តែងការសាទរ និង សប្បាយរីករាយដូចគ្នា ហើយពួកគេក៏ចង់ឲ្យ មានការទម្លាក់តម្លៃឲ្យ បានធូរថ្លៃជាងនេះបន្ថែមទៀត យ៉ាងហោចណាស់ ឲ្យដូចប្រហាក់ប្រហែល និងប្រទេសជិតខាងកម្ពុជា ។

លោក ផូ ហុង អ្នកព័ត៌មានមួយរូប តែងបានចំណាយពេល ជិះម៉ូតូយកព័ត៌មានស្ទើរ តែរៀងរាល់ថ្ងៃនោះ បានបង្ហាញការ សប្បាយរីករាយខ្លាំង ព្រោះវាបានចូលរួម ចំណែកកាត់បន្ថយ ការចំណាយរបស់ លោកបានមួយចំណែកធំ ។ លោកបញ្ជាក់ថា «ហ្ហេវាល្អហើយ បានចុះចឹង នរណាក៏សប្បាយចិត្តដែរ។ ក្នុងមួយថ្ងៃខ្ញុំត្រូវចំណាយ ថ្លៃប្រេងសាំង១លីត្រ ជារៀងរាល់ថ្ងៃ ចាប់តាំងពីព្រឹកព្រលឹម រហូតដល់ព្រលប់ ពេលចូលដល់ផ្ទះវិញ។ បើវាថ្លៃ ខ្ញុំត្រូវចំណាយច្រើន បើធ្លាក់ថ្លៃវាជួយកាត់ បន្ថយការចំណាយបន្តិចដែរ» ។

បើតាមលោក ផូ ហុង បានបង្ហាញថា កាធ្លាក់តម្លៃប្រេងសាំង វាមិនត្រឹមតែជួយ លោកកាត់បន្ថយការ ចំណាយលើ ថ្លៃសាំងនោះទេ តែវាអាចជួយឲ្យ តម្លៃទំនិញលើផ្សារ ធ្លាក់ថ្លៃផងដែរ ។ ដូច្នេះការធ្លាក់ថ្លៃប្រេងសាំងនេះ នឹងនាំឲ្យ មានផលចំណេញ គ្រប់បណ្តាញទាំងអស់ ដែលកំពុងរស់នៅ និងប្រតិបត្តិការរកស៊ី នៅក្នុងប្រទេសកម្ពុជា ។

ដោយឡែកលោកជេដ្នា អ្នកព័ត៌មានមួយរូប ដែលត្រូវចំណាយពេល ជិះម៉ូតូ១៣គីឡូម៉ែត្រ ទម្រាំដល់កន្លែងធ្វើការនោះ ក៏សម្តែងការពេញចិត្តផងដែរ ចំពោះការធ្លាក់ថ្លៃ ប្រេងសាំងនេះ ព្រោះជារៀងរាល់ថ្ងៃ លោកត្រូវចំណាយថ្លៃ ប្រេងសាំង មិនក្រោម ១លីត្រនោះទេ ។ លោកបន្តបែកលេងសើចថា «ខ្ញុំចាំយូរហើយ តើអាធ្លាក់ថ្លៃហ្នឹង!» ។

ទោះបីជាយ៉ាងណា លោក ជេដ្ឋា បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា និង ក្រុមហ៊ុនត្រូវមាន ឆន្ទៈក្នុងការគិតពី សុខទុក្ខ និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ពោលបើឃើញតម្លៃប្រេង លើពិភពលោកធ្លាក់ថ្លៃ ឬប្រទេសជិតខាង មានតម្លៃទៀបត្រូវរិះរក មធ្យោបាយទម្លាក់តម្លៃ មិនចាំមានការ ស្រែកពីបក្សប្រឆាំង ឬខ្លាចប៉ះពាល់រូបភាព នយោបាយ ទើបទម្លាក់តម្លៃនោះទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh