CamNews

ព័ត៌មានអន្តរជាតិ 

ក្ដៅៗ! Hacker វាយលុកគ្រប់គ្រងគណនី និងកម្មវិធីកាតឥណទានរបស់ធនាគារ Capital One ចំនួនជាង ១០០ លានអតិថិជន

ក្រុងញូវយ៉ក៖ នេះ គឺជាការឈ្លានពានលួចយកទិន្នន័យធនាគារដ៏ធំបំផុតមួយ ដែលមិនធ្លាប់កើតមាន ដោយ Hacker ម្នាក់បានចូលគ្រប់គ្រងគណនី និងកម្មវិធីកាតឥណទានរបស់ធនាគារ Capital One ជាង ១០០ លានគណនី នៅដើមឆ្នាំ ២០១៩ នេះ ។

ជនសង្ស័យឈ្មោះ Paige Thompson ត្រូវបានតុលាការចោទប្រកាន់ពីបទវាយលុកចូល Server របស់ធនាគារ Capital One និងបានចូលដំណើរការប្រើប្រាស់លេខសម្ងាត់របបសន្ដិសុខសង្គម(Social Security numbers) ចំនួន ១៤០,០០០ និងលេខសម្ងាត់ធានារ៉ាប់រងរបបសន្ដិសុខសង្គមជនជាតិកាណាដា ១លាននាក់ លេខសម្ងាត់គណនីធនាគារចំនួន ៨០,០០០ លើសពីនោះទៀត ជនសង្ស័យរួបនោះ បានបិទឈ្មោះ អាសយដ្ឋាន ពិន្ទុឥណទាន កម្រិតឥណទាន សមតុល្យ និងព័ត៌មានដទៃទៀតរបស់អតិថិជនមួយចំនួនធំ នេះបើយោងតាមការឱ្យដឹងរបស់ធនាគារសាម៉ី និងក្រសួងយុត្តិធម៌អាមេរិក ។



នៅក្នុងពាក្យបណ្ដឹងព្រហ្មទណ្ឌមួយ បានរៀបរាប់ថា ជនសង្ស័យ Thompson បានប៉ុនប៉ងចែករំលែកព័ត៌មានទាំងនោះជាមួយក្រុមហ៊ុនអនឡាញដទៃទៀត ។ ជនថ្លើមធំវ័យ ៣៣ ឆ្នាំ ដែលរស់នៅក្នុងទីក្រុង Seattle ដើមឡើយធ្លាប់បម្រើការជាវិស្វករឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Software មួយ ដែលផ្ដល់សេវា Cloud Hosting ឱ្យធនាគារ Capital One ។ រូបគេ អាចចូលគ្រប់គ្រងលើទិន្នន័យទាំងនោះតាមរយៈការបំភាន់ Web Application Firewall។

 ក្រសួងយុត្ដិធម៌អាមេរិកថ្លែងថា Thompson ត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទពីបទពាក់ព័ន្ធនឹងការរំលោភបំពាន ។ ភ្លាមៗនេះ អ្នកកាសែតមិនអាចសុំសេចក្ដីអត្ថាធិប្បាយពីមេធាវីរបស់ Thompson ពាក់ព័ន្ធនឹងបញ្ហានេះ នៅឡើយទេ ។  

ធនាគារ Capital One បានឱ្យដឹងថា ការវាយលុកលួចយកទិន្នន័នេះ បានកើតឡើង នៅថ្ងៃ ២២ និង ២៣ ខែមីនាឆ្នាំនេះ ។ ខាងធនាគារ បានបញ្ជាក់ថា ខ្លួនបានជួសជុលនូវភាពងាយរងគ្រោះ និងបន្ថែមថា ព័ត៌មានទាំងនោះ មិនទំនងជាបានប្រើប្រាស់ក្នុងគោលបំណងក្លែងបន្លំ ឬត្រូវបានផ្សព្វផ្សាយដោយបុគ្គលនេះឡើយ ។ តែទោះយ៉ាងណា ខាងធនាគារ នៅតែបន្ដការស៊ើបអង្កេត។

នាយកប្រតិបត្ដិនៃធនាគារ Capital One លោក Richard Fairbank បាននិយាយ នៅក្នុងសេចក្ដីថ្លែងការមួយថា៖” ខ្ញុំសូមអភ័យទោសសម្រាប់បញ្ហាគួរឱ្យព្រួយបារម្ភនេះ ។ ឧបត្ដិហេតុនេះ ប្រាកដជាប៉ះពាល់ដល់អស់លោកលោកស្រីយ៉ាងប្រាកដ ហើយខ្ញុំប្ដេជ្ញាថា នឹងខិតខំកែតម្រូវឱ្យល្អប្រសើរដូចដើមវិញ”។

យោងតាមធនាគារ Capital One ការបំពានទិន្នន័យនេះ បានប៉ះពាល់ដល់មនុស្សប្រហែល ១០០ លាននាក់នៅអាមេរិក និងប្រហែល ៦ លាននាក់នៅកាណាដា ។

Capital One និយាយថា ខ្លួននឹងផ្ដល់ដំណឹងដល់អតិថិជន ដែលរងផលប៉ះពាល់ពីការរំលោភបំពាននោះ ហើយនឹងផ្ដល់ការត្រួតពិនិត្យឥណទាន និងផ្ដល់កិច្ចការពារអត្តសញ្ញាអតិថិជនដោយឥតគិតថ្លៃ ។ ខាងធនាគារ រំពឹងថា ខ្លួននឹងចំណាយលុយចន្លោះពី ១០០ លាន ទៅ ១៥០ លានដុល្លារអាមេរិកទៅលើការដោះស្រាយការលួចទិន្នន័យនេះ រួមទាំងចំណាយដល់ការផ្ដល់ដំណឹងដល់អតិថិជន(Notification) ការត្រួតពិនិត្យឥណទាន ថ្លៃលើផ្នែកបច្ចេកទេស និងការគាំពារផ្នែកច្បាប់ ដែលបណ្ដាលមកពីការ Hack នោះ ៕



 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNN