CamNews

ព័ត៌មានជាតិ 

រថយន្តដឹកឥដ្ឋនិងស៊ីម៉ង់ត៍បំផ្លាញស្ពានដែកអូរប្លាយ ឆ្ពោះទៅទឹកធ្លាក់ប៊ូស្រា នៅស្រុកពេជ្រាដា

(មណ្ឌលគិរី)៖ មេយោធាខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះថា ស្ពានដែកអូរប្លាយ ឆ្ពោះទៅទឹកធ្លាក់ប៊ូស្រា ស្ថិតនៅស្រុកពេជ្រាដា បានបាក់មិនអាចធ្វើដំណើរឆ្លងកាត់បាន ដោយសាររថយន្តដឹកឥដ្ឋ និងស៊ីម៉ង់ត៍ បើកដឹកលើសទម្ងន់ឆ្លងកាត់កាលពីយប់មិញ ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា នៅថ្ងៃនេះអាជ្ញាធរ មន្រ្តីជំនាញ និងកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ស្ទូចរថយន្តឡើងលើគោក និងរៀបចំជួសជុលស្ពានឡើងវិញ ។

ទាក់ទងទៅនឹងករណីបាក់ស្ពានស្ទះចរាចរនៅស្រុកពេជ្រាដា រំខានដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងអ្នកទេសចររាប់រយនាក់ខាងលើនេះ លោក សៅ សុវណ្ណរឹទ្ធ អធិការស្រុកពេជ្រាដា ត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះធ្វើការរិះគន់ថា ហាក់ដូចជាគ្មានការយកចិត្តទុកដាក់ ក្នុងការជួយសំរួលចរាចរជូនបងប្អូននោះឡើយ។

លោកវរសេនីយ៍ទោ យឹម នូច នាយរងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគបាលផ្លូវគោក បានប្រាប់ Fresh News ឲ្យដឹងនៅព្រឹកនេះមុននេះបន្តិចថា លោកកំពុងចាត់ចែងកងកំលាំងនគរបាលចរាចរ ឱ្យសំរួលដើម្បីឱ្យបងប្អូនបានធ្វើចរាចរជាធម្មតាឡើងវិញ ហើយលោកបានធ្វើការរាយការណ៍ជូនទៅលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឱ្យជួយសហការគ្នារកឡានស្ទូច ដើម្បីជួយសំរួលចរាចរជូនបងប្អូន និងនាំយករថយន្តបង្កមករក្សាទុកនៅស្នងការ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់។

យ៉ាងណាក៏ដោយគ្រោះថ្នាក់មួយនេះ មិនបណ្តាលឲ្យរងគ្រោះដល់នរណាម្នាក់នោះឡើយ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh