ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៅក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេដឹង ថា ជាសកម្មជនដ៏សកម្មមួយរូបក្នុងឆាកនយោបាយ ជាពិសេសជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានប្រឡង ធ្លាក់បាក់ឌុបហើយ។
យោងតាមក្រដាសលទ្ធផលប្រឡងបាក់ឌុប ដែលបិទនៅបន្ទប់លេខ១៨ ក្នុងមណ្ឌលប្រឡងវិទ្យាល័យ វត្តកោះ (ជើង) ឈ្មោះ ធី សុវណ្ណថា ដែលមានតុលេខ៤៣២ ត្រូវបានគូសដោយប៊ិចក្រហម។ បន្ថែមពីលើនេះ នៅក្នុងបញ្ជីឈ្មោះអ្នកជាប់បាក់ឌុប នៅមណ្ឌលវិទ្យាល័យវត្តកោះ ដែលបង្ហាញដោយក្រសួងអប់រំ លើទំព័រហ្វេសប៊ុក ក៏មិនមានឈ្មោះ កញ្ញា ធី សុវណ្ណថា ផងដែរ។
កញ្ញា ធី សុវណ្ណថា ជាយុវតីវ័យក្មេងមួយរូប ដែលត្រូវបានគេមើលឃើញថា ក្នុងវ័យសិក្សារបស់កញ្ញា បានចំ ណាយពេលច្រើនបំផុត ក្នុងសកម្មភាពនយោបាយ ជាពិសេសក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់គណបក្ស សង្រ្គោះជាតិកាលពីឆ្នាំ២០១៣កន្លងទៅ។ ក្រៅពីយុទ្ធនាការឃោសនារកសំឡេងឆ្នោត កញ្ញា ធី សុវណ្ណថា ត្រូវ បានគេមើលឃើញថា កញ្ញា បានចំណាយពេលចូលរួមក្នុងសកម្មភាពតវ៉ា ក្បួនបាតុកម្មនានាជាច្រើនទាំងក្នុងរាជ ធានីភ្នំពេញ និងតាមបណ្តាខេត្ត។
ព្រោះតែភាពមមាញឹកជាមួយសកម្មភាពនយោបាយ និងសកម្មភាពតវ៉ានានានេះហើយ ដែលអាចជាដើមចមធ្វើឲ្យ កញ្ញា ដ៏ស្រស់សោភារូបនេះ គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សា និង ឈានដល់ការបរាជ័យសម្រាប់បាក់ឌុប ឆ្នាំនេះ។
ពាក់ព័ន្ធការប្រឡងធ្លាក់នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទាក់ទងទៅកញ្ញា ធី សុវណ្ណាថា ជា ច្រើនដង ដើម្បីសុំការបំភ្លឺ តែទូរស័ព្ទគ្មានអ្នកលើកនោះទេ។ ធី សុវណ្ណថា កាលពីថ្ងៃប្រឡងបាក់ឌុប បានបង្ហោះ សារលើ Facebook របស់កញ្ញា ការប្រឡងរបស់កញ្ញា ត្រូវបាន គេរឹតបន្តឹង និងតាមដានយ៉ាងតឹងរឹងបំផុតពីអ្នក សង្កេតការណ៍ ក៏ដូចជាអនុរក្សផងដែរ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានសិស្សប្រឡងជាប់បាក់ឌុបសរុបចំនួន ៩.៤៩៩នាក់ ក្នុងនោះមានស្រី ៤.៨១៣នាក់ បានប្រឡងជាប់ ក្នុងចំណោមបេក្ខជនប្រឡងសរុប ១៦.៥៨២នាក់៕



ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល