(ហ្ស៊ីមបាវ៉េ)៖ បុរសជាឪពុកម្នាក់ បានដាក់ពាក្យប្តឹងកូនស្រីរបស់ខ្លួន ព្រោះតែនាងមិនព្រមឲ្យគាត់មានទំនាក់ទំនងស្នេហា ឬរៀបការជាមួយស្រីណាផ្សេងឡើយ ទោះបីជាប្រពន្ធគាត់ដែលជាម្តាយកូន បានបាត់បង់ជីវិតអស់រយៈពេល៣ឆ្នាំទៅហើយក្តី ។
លោក Michael Khumalo អាយុ៧០ឆ្នាំរស់នៅតំបន់ Bulawayo ប្រទេសហ្ស៊ីមបាវ៉េ បានប្រាប់តុលាការថា កូនស្រីគាត់អាយុ៣៨ឆ្នាំឈ្មោះ Ntombiyosizi Khumalo មានចេតនាបំផ្លាញដល់ទំនាក់ទំនងរបស់គាត់ជាមួយមិត្តស្រី ព្រោះកូនមិនចង់ឲ្យគាត់រៀបការប្រពន្ធថ្មីទេ និងពេលដែលដឹងថា គាត់រួមរស់ជាមួយមិត្តស្រីហើយ នោះកូនស្រីក៏លែងចំអិនម្ហូបឲ្យខ្លួនបរិភោគថែមទៀត ព្រមទាំងចូលចិត្តទៅគោះទ្វារបន្ទប់ដេករបស់គាត់នៅពេលយប់ ដើម្បីរំខានកុំឲ្យគាត់មានសិចជាមួយមិត្តស្រីថែមទៀតផង ។
មិនតែប៉ុណ្ណោះ លោក Michael បានបន្ថែមថា កូនស្រីបានបណ្តេញមិត្តស្រីខ្លួនឲ្យចេញពីផ្ទះទៀតផង ប៉ុន្តែនាង Ntombiyosizi បានបដិសេធរាល់ការចោទប្រកាន់ និងបែរជានិយាយថា ឪពុកទៅវិញទេ ដែលសាងបញ្ហារករឿងបណ្តេញនាងចេញពីផ្ទះ តែទីបំផុតតុលាការសម្រេចតាមពាក្យបណ្តឹងរបស់ឪពុក ក៏បញ្ជានាង Ntombiyosizi ឲ្យនៅឆ្ងាយពីឪពុក ថែមទាំងឲ្យចាកចេញពីផ្ទះលោក Michael ទៀតផង ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង