រដ្ឋាភិបាលឥណ្ឌា ជឿជាក់ថា ប្រទេសនេះ នឹងអាចបំពេញបាននូវគោលដៅដ៏មហិមារបស់ខ្លួន ក្នុងការទទួលបានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាចំនួនជាង ២ ពាន់លានដូស នៅចុងឆ្នាំនេះ ។ នេះ បើយោងតាមការឱ្យដឹងរបស់លោក Hardeep Singh Puri រដ្ឋមន្រ្ដីអាកាសចរណ៍ស៊ីវិល ។
កាលពីខែមុន រដ្ឋមន្រ្ដីសុខាភិបាល លោក Harsh Vardhan មាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នឹងមានវ៉ាក់សាំងចំនួន ៥១៦ លានដូស នៅខែកក្កដា រួមបញ្ចូលទាំងដូស ដែលបានចាក់រួច និងថា ចំនួនវ៉ាក់សាំងនឹងកើនឡើងដល់ ២.១៦ ពាន់លានដូស នៅចន្លោះខែសីហា និងធ្នូ ។
លោក Puri បានប្រាប់អ្នកកាសែតប្រចាំ CNBC លោក Tanvir Gill នៅក្នុងបទសម្ភាសន៍មួយថា៖” យើងបានបង់ប្រាក់ទៅឱ្យសហគ្រាសផលិតវ៉ាក់សាំងក្នុងស្រុកចំនួនពីរ គឺ វិទ្យាស្ថាន Serum (Serum Institute (of India)) និងក្រុមហ៊ុន Bharat Biotech ។ យើងបានស្នើដកប្រាក់ជាមុន ដើម្បីផលិតវ៉ាក់សាំងសម្រាប់ប្រើប្រាស់ឱ្យគ្រប់ពេញបីខែ គឺខែ ឧសភា មិថុនា និងកក្កដា ។ យើងទើបតែចាក់រួចសម្រាប់ខែឧសភាប៉ុណ្ណោះ “ ។ លោកបានពន្យល់ថា រដ្ឋាភិបាលក៏កំពុងតែពិភាក្សាជាមុន ជាមួយសហគ្រាសផលិតវ៉ាក់ឯទៀតដែរ ។
លោក Puri បន្ថែមថា ៖ “រដ្ឋាភិបាល មានជំនឿចិត្ដថា នឹងអាចបំពេញគ្រប់ចំនួនកំណត់ នៅខែធ្នូនេះ “។ នៅក្នុងការព្យាករណ៍របស់ខ្លួន រដ្ឋាភិបាលឥណ្ឌា រំពឹងថា នឹងទទួលវ៉ាក់សាំងប្រភេទ AstraZeneca ចំនួន ៧៥០ លានដូស ដែលកំពុងត្រូវបានផលិតក្នុងស្រុក ដោយវិទ្យាស្ថាន Serum Institute of India និងត្រូវបានគេស្គាល់ផងថា មានឈ្មោះ Covishield ។ រដ្ឋាភិបាល ក៏រំពឹងផងដែរថា នឹងទទួលបានវ៉ាក់សាំងប្រភេទ Covaxin ចំនួន ៥៥០ លានដូសទៀត ដែលបង្កើត និងផលិតដោយក្រុមហ៊ុនឥណ្ឌា Bharat Biotech ។
រដ្ឋាភបាលក៏រំពឹងថា នឹងបានវ៉ាក់សាំង ពីសហគ្រាសផលិតដូខាងក្រោម៖ ក្រុមហ៊ុនផលិតក្នុងស្រុក Biological-E ចំនួន ៣០០ លានដូស Zydus Cadila ចំនួន ៥០ លានដូស Gennova Biopharmaceuticals’ ចំនួន ៦០ លានដូស Bharat Biotech ចំនួន ១០០ លានដូសទៀត និង ២០០ លានដូសទៀតពី Serum Institute ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖CNBC