សមត្ថកិច្ចសហព័ន្ធអាមេរិក បានចាប់ខ្លួនបុរសពីរនាក់ កាលពីថ្ងៃចន្ទ ពីបទវាយឆ្មក់មន្រ្ដីនគរបាល លោក Brian Sicknick នៅអំឡុងកុប្បកម្ម នៅអាគារ Capitol កាលពីថ្ងៃទី ៦ ខែមករា ។ ដោយអកុសល លោក Sicknick បានស្លាប់ ដោយសាររងបួសធ្ងន់ធ្ងរពេក ។
យោងតាមបណ្ដឹងព្រហ្មទណ្ឌ ជនត្រូវចោទ Julian Elie Khater អាយុ ៣២ ឆ្នាំ មកពីរដ្ឋ Pennsylvania និងឈ្មោះ George Pierre Tanios អាយុ ៣៩ ឆ្នាំ មកពីរដ្ឋ West Virginia ត្រូវបានគេចាប់សកម្មភាពល្មើលបាន នៅក្នុងឃ្លីបវីដេអូមួយ ដោយបានរួមដៃគ្នា វាយប្រហារទៅលើមន្រ្ដីអនុវត្ដច្បាប់ ដោយប្រើសារធាតុគីមីម្យ៉ាងមិនស្គាល់ម៉ាក បាញ់ផ្ទាល់ទៅលើមុខ និងភ្នែករបស់មន្រ្ដីទាំងនោះ ។ បណ្ដឹងនេះ ក៏បានចោទប្រកាន់ផងដែរថា ជនត្រូវចោទ Khater និង Tanios ត្រូវបានគេមើលឃើញនៅក្នុងគ្លីបវីដេអូថា ធ្វើសកម្មភាពវាយកណ្ដាលមុខរបស់លោក Sicknick និងមន្រ្ដីពីររូបទៀត ។ ស្ថាប័នយុត្ដាធិការ ពុំបានចោទប្រកាន់ នៅក្នុងបណ្ដឹងនេះថា របួសលើខ្លួន Sicknick ដែលបង្កដោយ ជនត្រូវចោទ Khater និង Tanios ជារបួសតែមួយ ដែលធ្វើឱ្យមន្រ្ដីរូបនេះស្លាប់នោះទេ ។
ជនត្រូវចោទទាំងពីរ Khater និង Tanios ត្រូវបានតុលាការចោទប្រកាន់ ពីបទឧក្រិដ្ឋសហព័ន្ធជាច្រើនករណី ។ ពួកគេ ត្រូវបានចោទប្រកាន់ថា ល្មើសត្រង់មាត្រា 18 USC §§ 111(a) និង (b) ដែលត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ចំពោះជនណាប្រដាប់ដោយអាវុធ ដែលនាំឱ្យស្លាប់ ឬគ្រោះថ្នាក់ អំពើវាយដុំ រារាំង ជំទាស់ ធ្វើឱ្យអាក់ខាន សម្លុត ឬជ្រៀតជ្រែកដល់មន្រ្ដីអនុវត្ដច្បាប់សហព័ន្ធ ។ ពួកគេទាំងពីរ ក៏រងការចោទប្រកាន់ផងដែរថា ល្មើសត្រង់មាត្រា 18 USC § 372 ដែលត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ចំពោះជនណា សមគំនិតគ្នាបង្ករបួស ឬរារាំងមន្រ្ដីសហរដ្ឋអាមេរិក ដោយសារតែពួកគេបំពេញតួនាទីភារកិច្ចតាមផ្លូវច្បាប់ នៅអំឡុងបំពេញការងារ ។ ការចោទប្រកាន់បន្ថែមទៀតរួមមាន ការសម្រុកចូលអាគារ Capitol ដោយប៉ុនប៉ងរារាំងប្រតិបត្ដិការរបស់រដ្ឋាភិបាល ចូលរួមអំពើហិង្សា នៅអាគារ Capitol និងការជ្រៀតជ្រែកដល់មន្រ្ដីអនុវត្ដច្បាប់ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist