(ភ្នំពេញ)៖ នៅយប់ជ្រៅរំលងអាធ្រាតចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា៖ ដើម្បីជាកាដូជូនប្រជាពលរដ្ឋ និងជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦នេះ រាជរដ្ឋាភិបាល សម្រេចទិញយកការវិនិយោគទាំងមូល នៃផ្លូវវេងស្រេង មកកាន់កាប់ទាំងស្រុងវិញ, ហើយចាប់ពីពេលនេះតទៅ គឺបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅទាំងអស់ គឺឈប់បង់ប្រាក់តទៅទៀតហើយ។
នេះជាដំណឹងដ៏រំភើបណាស់ នឹងត្រេកអរសាទរសម្រាប់ប្រជាពលរដ្ឋយ៉ាងខ្លាំង, ដោយចាប់ពីពេលនេះតទៅធ្វើដំណើរទូទៅឆ្លងកាត់តាម ផ្លូវវេងស្រេងគឺឈប់បង់លុយទៀតហើយ។
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ភ្លាមៗនៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានបានសិក្សា ល្អិតល្អន់មួយកម្រិតធំ ថែមទៀត និងកើតឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវវេងស្រេង ប្រើប្រាស់ផ្លូវដោយឥតគិតថ្លៃ, ប៉ុន្តែនៅពេលនេះសម្តេចតេជោ ហ៊ុន សែន ប្រកាសទិញយកការវិយោគទាំងស្រុងពីក្រុមហ៊ុន ហើយផ្តល់ឲ្យប្រជាពលរដ្ឋទូទៅប្រើប្រាស់ដោយគ្មានការបង់ប្រាក់នោះទេ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «យប់នេះខ្ញុំមិនសំរាកទេ រង់ចាំមើលការយល់ឃើញ និងការផ្តល់មតិរបស់ជនរួមជាតិតទៅទៀត»។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook របស់សម្តេចនាយប់ជ្រៅចូលថ្ងៃទី២៨ ខែធ្នូនេះ៖
«ខ្ញុំជូនផ្លូវវេងស្រេងជាកាដូសម្រាប់ពលរដ្ឋប្រើប្រាស់ដោយគ្មានបង់លុយតទៅទៀត។
ខ្ញុំបានមើលឃើញកាន់តែច្បាស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងទាំងពលរដ្ឋរស់នៅក្នុងតំបន់វេងស្រេង និងពលរដ្ឋនៅទូទាំងរាជធានី ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេងនេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអរគុណពលរដ្ឋដែលបានសរសេរផ្តល់ព័ត៌មានពិតមកកាន់ Facebook របស់ខ្ញុំអំពីបញ្ហា និងការព្រួយបារម្ភទាំងឡាយដែលបងប្អូនកំពុងជួបប្រទះនៅលើកំណាត់ផ្លូវនេះ។
ក្រោយពីបានសិក្សាល្អិតល្អន់មួយកម្រិតធំថែមទៀត គឺរាជរដ្ឋាភិបាលសម្រេចទិញយកការវិនិយោគទាំងមូលនៃផ្លូវវេងស្រេងនេះមកកាន់កាប់ទាំងស្រុងវិញ។ ខ្ញុំបានបញ្ជាទៅសាលាក្រុង និងក្រុមហ៊ុនឯកជនត្រូវបញ្ឈប់យកលុយទាំងស្រុងចាប់ពីពេលចេញដំណឹងនេះ ហើយចាប់ពីពេលនេះតទៅ គឺបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅគឺឈប់បង់ប្រាក់តទៅទៀតហើយ។ នេះគឺជាកាដូសម្រាប់បងប្អូនជនរួមជាតិនៅក្នុងឆ្នាំថ្មី ២០១៦ នេះ!
បងប្អូននិងសន្សំបានប្រាក់ដែលធ្លាប់បង់ថ្លៃផ្លូវ មកលើកកំពស់ជីវភាពក្នុងក្រុមគ្រួសារវិញ។ យប់នេះខ្ញុំមិនសំរាកទេ រង់ចាំមើលការយល់ឃើញ និងការផ្តល់មតិរបស់ជនរួមជាតិតទៅទៀត។
ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរជាមួយដំណឹងនេះ ហើយសូមធ្វើដំណើរមានសុវត្ថិភាពគ្រប់ពេលជានិច្ច»៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី