CamNews

តារា 

ពេជ្រ ខេនឌី ត្រៀមជះលុយជាង១០ម៉ឺនដុល្លារ បើកភោជនីយដ្ឋាន មានដាក់បញ្ចូលក្បាច់គុនល្បុក្កតោខ្មែរ

(ភ្នំពេញ)៖ តារាសម្ដែងស្រីវ័យក្មេង សំឡេងស្រួយទើបតែទទួលបានកូនមួយ ជាចំណងដៃជាមួយនឹងគូស្នេហ៍ នាង ពេជ្រ ខេនឌី បានបង្ហើបពីគម្រោងដ៏ធំមួយ ដែលជាបំណងប្រាថ្នារបស់នាង បន្ទាប់ពីពិធីរៀបចំបង្កក់កូននេះរួចរាល់។ គម្រោងនោះ គឺការបើកភោជនីយដ្ឋានមួយ ប៉ុន្តែមានការដាក់បញ្ចូល នូវក្បាច់គុនល្បុក្កតោខ្មែរ ដើម្បីបង្ហាញដល់ភ្ញៀវកិត្តិយស ទាំងអស់បានស្គាល់ និងយល់ជ្រាបច្បាស់ពីក្បាច់គុណរបស់ខ្មែរកាន់តែទូលំទូលាយ។

តារាសម្ដែង ដែលមានឈ្មោះបោះសំឡេងគួរសម ក្នុងវិស័យសិល្បៈ អ្នកនាង ពេជ្រ ខេនឌី នាពីពេលថ្មីៗនេះ បានប្រាប់ឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នាងមានគម្រោងចាយទុន ជាង១០ម៉ឺនដុល្លារ ត្រៀមបើកភោជនីយដ្ឋានមួយ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ដែលក្នុងនោះ​មានការបង្ហាញក្បាច់​គុនល្បុក្កតោ និងមានការបើកបង្រៀន ទទួលសិស្សហាត់រៀន ក្បាច់គុនបុរាណ​របស់ខ្មែរ និងចង់បើកឱកាស ឲ្យអ្នកហាត់ក្បាច់គុណល្បុក្កតោ មានឱកាសអាចរកប្រាក់ចំណូលផងដែរ។

ពេជ្រ ខេនឌី និយាយថា «មូលហេតុដែលនាំឲ្យ ខ្ញុំសម្រេចបោះទុន រហូតដល់ទៅជាង១០ម៉ឺនដុល្លារ ដើម្បីចូលរួមលើកស្ទួយ ជាមួយគ្រូក្បាច់គុណល្បុក្កតោល្បីឈ្មោះ ក៏ព្រោះតែលោក សាន គីមស៊ាន ដែលត្រូវជាជីតាជីដូន​មួយរបស់ខ្ញុំ គាត់មានការប្រឹងប្រែង បើកសាលាបង្ហាត់បង្រៀន​ក្មេងតូចៗ ដូច្នេះខ្ញុំធ្លាប់មានក្តី​ស្រមៃថា ថ្ងៃណាមួយ​ខ្ញុំនឹងជួយ ទៅលើក្បាច់គុនបុរាណមួយនេះ និងជួយដល់អ្នកដែល ហាត់ក្បាច់គុណនេះ អាចរកចំណូលបានមួយផ្នែក ដើម្បីចិញ្ចឹមជីវិត និងអាចធ្វើឲ្យពួកគាត់មាន​កម្លាំងចិត្ត ឲ្យពួកគាត់បានបង្ហាញទេពកោសល្យ ដែលចេះក្បាច់គុន​បុរាណ​»​។

មួយរយៈពេលចុងក្រោយនេះ សម្រាប់តារាសម្ដែង ពេជ្រ ខេនឌី ត្រូវបានគេដឹងថា នាងបានបាត់វត្តមាន​ពីពិភពសិល្បៈ ព្រោះតែសំងំពរពពោះកូនក្នុងផ្ទៃ ហើយទើបតែប្រសូត្រចេញ បានរយៈពេលមួយខែនេះ។ ពេជ្រ ខេនឌី បានរៀបចំពិធីបង្កក់កូនយ៉ាងអធិកអធម ជាមួយនឹងវត្តមានតារាល្បីៗ ជាច្រើនដួងចូលរួម ប៉ុន្តែអ្វីដែលមហាជនកំពុងចង់ដឹងនោះ គឺអត្តសញ្ញាណស្វាមីរបស់នាង ខណៈដែលការរៀបចំពិធីបង្កក់កូនទាំងមូល នាងមិនបានបង្ហាញមុខស្វាមីឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង