នាយកសាលា Samsenwittayalai ដែលត្រូវបានចោទប្រកាន់ពីបទទារប្រាក់ទឹកតែ ៤០០,០០០ បាតពីឪពុកម្តាយ ជាការដោះដូរនឹងការចុះឈ្មោះកូនរបស់គាត់ឱ្យបានចូលរៀន ត្រូវតែបង្វិលប្រាក់មកវិញ ប្រសិនបើគាត់ត្រូវបាន គេរកឃើញថា មានពិរុទ្ធភាពពីការទទួលយក ប្រាក់សំណូកនោះមែន នេះបើយោងតាមការិយាល័យនៃប្រធានគណៈកម្មាធិការអប់រំមូលដ្ឋាន (Obec) ។
លើសពីនេះ លោក Karun Sakulpradit អគ្គលេខាធិការរបស់ Obec បាននិយាយថា លោកនាយកសាលា ដែលជំនួយការជិតស្និទ្ធរបស់គាត់ បានអះអាងថា គាត់កំពុងត្រូវបានគេលាបពណ៌នោះ នឹងប្រឈមមុខនឹងនីតិវិធីវិន័យ និងការចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើគាត់ត្រូវបានរកឃើញថា បានទទួយកប្រាក់នោះមែន ។
ប្រាក់សំណូក ដែលរងការចោទប្រកាន់នោះ បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីឪពុកម្តាយរបស់សិស្សម្នាក់នោះ បានលាតត្រដាងវីដេអូឃ្លីប ដោយបង្ហាញបែបចោទប្រកាន់នូវការបង់ប្រាក់ ទៅឱ្យលោកនាយកសាលា ដើម្បីអនុញ្ញាតឱ្យកូនរបស់គាត់បានចូលសិក្សាក្នុងថ្នាក់ Mathayom 1 (ថ្នាក់ទី 6) ។
វីដេអូឃ្លីបនោះ បានបង្ហាញថា ឪពុកម្តាយនោះ បានដាក់កញ្ចប់ប្រាក់សុទ្ធ នៅលើតុមួយ នៅក្នុងការិយាល័យរបស់បុរសម្នាក់ ដែលត្រូវបានគេអះអាងថា ជានាយកសាលា។ ឪពុកម្តាយនោះ បានថតគ្រប់វិនាទី នៃការទាក់ទងសន្ទនាទៅកាន់មនុស្សម្នាក់ តាមរយៈទូរស័ព្ទដើម្បីរៀបចំការណាត់ជួប ហើយក្រោយមក គាត់បានយកប្រាក់ ដែលដាក់ក្នុងស្រោមសំបុត្រពណ៌ត្នោតនោះ ទៅកាន់សាលារៀន។ ប៉ុន្តែនាយកសាលា បានរងការចោទប្រកាន់ថា បានបង្គាប់ឱ្យឪពុកម្តាយរបស់សិស្សនោះ ប្រគល់ប្រាក់សុទ្ធនោះ ទៅឱ្យនាយករងរបស់គាត់ ដែលកំពុងឈរ នៅក្បែរនោះ។
ឪពុកម្តាយនោះ បានអះអាងថា ប្រាក់សុទ្ធនោះ គឺជាប្រាក់សំណូក ហើយគាត់ក៏បានស្នើសុំឱ្យលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកផ្នែកអប់រំឱ្យពិនិត្យមើលបញ្ហានេះឡើងវិញ នៅថ្ងៃចន្ទនេះ។ លោក Karun បានមានប្រសាសន៍ថា៖ "លោកនាយកសាលា ត្រូវបញ្ជាក់ឱ្យបានច្បាស់ថា តើគាត់បានទទួលលុយទឹកតែនោះមែន ឬទេ ហើយត្រូវប្រគល់ប្រាក់ទាំងនោះទៅឱ្យឪពុកម្តាយសិស្សវិញ ប្រសិនបើគាត់ បានប្រព្រឹត្តអំពើមិនត្រឹមត្រូវបែបនោះមែន។
លោកបានបន្ថែមថា៖ "យើងមិនដឹងថា ការពិតវាបែបណានោះទេ ហើយបញ្ហានោះ នឹងត្រូវលាតត្រដាងកាន់តែច្បាស់ បន្ទាប់ពីការត្រួតពិនិត្យឱ្យបានល្អិតល្អន់។ គណៈកម្មាធិការស្រាវជ្រាវអង្គហេតុ បានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន ប៉ុន្តែមិនទាន់បានជួបជាមួយលោកនាយកសាលានៅឡើយទេ ដែលលោកកំពុងធ្វើដំណើរត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីការធ្វើដំណើរទស្សនកិច្ចសិក្សាមួយ។
អគ្គលេខាធិការ Obec បានថ្លែងថា៖ «ខ្ញុំយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបញ្ហានេះ ពីព្រោះរដ្ឋមន្រ្តីអប់រំ លោក Teerakiat Jareonsettasin តែងតែប្រាប់មន្ត្រីក្រោមបង្គាប់ មិនត្រូវអនុញ្ញាតឱ្យការបង់”ប្រាក់ទឹកតែ” កើតឡើងនៅសាលារៀននោះទេ»។
ប្រសិនបើគណៈកម្មាធិការស្រាវជ្រាវអង្គហេតុ រកឃើញថា លោនាយកសាលា បានប្រព្រឹត្ដដូចការចោទប្រកាន់មែន លោកនាយកសាលា នឹងត្រូវផ្ទេរតួនាទី ព្រមទាំងប្រឈមនឹងការស៊ើបអង្កេតបន្ថែម និងទទួលទណ្ឌកម្មផ្នែកវិន័យធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះដែរ លេខាធិការនាយកម្នាក់ ដែលត្រូវវិលត្រលប់មកប្រទេសថៃវិញ ពីដំណើរទស្សនកិច្ចសិក្សាទៅក្រៅប្រទេស កាលពីថ្ងៃចន្ទ បានធ្វើការឆ្លើយតបជាបឋម ចំពោះការចោទប្រកាន់នេះ ដោយបានលើកហេតុផលថា សំណូកសូកប៉ាន់ មិនធ្លាប់កើតមានឡើងនោះទេ។
លេខាធិការ បានអះអាងថា រឿងហេតុនេះគឺជា "ឈុតឆាក ដែលត្រូវបានរៀបចំបានយ៉ាងល្អ" ដោយក្រុមអតីតសិស្ស ដែលរងការឈឺចាប់ ដោយសារតែកូន ៗរបស់ពួកគេ មិនអាចចូលរៀនបាន។
លោកបាននិយាយថា អតីតសិស្ស បានស្នើសុំឱ្យសាលារៀនជួយសម្រួលឱ្យកូនៗរបស់ពួកគេបានចូលរៀនថ្នាក់ Mathayom 1 និងថ្នាក់ Mathayom 4 (ថ្នាក់ទី 10) ជារៀងរាល់ឆ្នាំ រួមទាំងក្នុងឆ្នាំនេះផងដែរ ប៉ុន្តែសាលារៀនមិនអាចជួយសិស្សទាំងអស់នោះឱ្យបានចូលរៀននោះទេ នេះបើយោងការជូនដំណឹងជាលាយលក្ខណ៍អក្សររបស់លោកលេខាធិការ ដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយ។
ជាលទ្ធផលវីដេអូឃ្លីប "ដែលបានរៀបចំជាមុននេះ" ដែលត្រូវបានថត កាលពីថ្ងៃទី ១៩ ខែមេសានោះ គឺជាការប៉ុនប៉ងលាបពណ៌ លោកនាយកសាលាតែម្ដង។
លេខាធិការ បានលើកឡើងនូវសំណួរមួយ នៅចុងបញ្ចប់នៃលិខិតជូនដំណឹងនោះ ដោយសួរថា ហេតុអ្វីបានជាវីដេអូឃ្លីបនោះ មិនត្រូវបានគេបញ្ចេញឱ្យដឹង ក្រោយថ្ងៃទី ១៩ ខែមេសា ប៉ុន្តែត្រូវបានរក្សាទុកជំនួសវិញ រហូតដល់ខែមិថុនា៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost