CamNews

ព័ត៌មានអន្តរជាតិ 

ចិនកាត់ទោសប្រហារជីវិតពលរដ្ឋកាណាដា ក្រោយកាត់ឱ្យជាប់ទោសបទល្មើសគ្រឿងញៀន

នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលចិន បានកាត់ទោសប្រហារជីវិតពលរដ្ឋកាណាដាម្នាក់ លើបទឧក្រឹដ្ឋថ្នាំញៀន ដែលជាប់ពាក់ព័ន្ធនឹងការផលិតសារធាតុ ketamine ។

តុលាការក្រុងក្វាងចូវ បានរកឃើញថា លោក Xu Weihong បានប្រមូលឧបករណ៍សម្រាប់ជាមធ្យោបាយផលិតសារធាតុញៀន ketamine និងរក្សាទុកសារធាតុនេះ ​នៅក្នុងផ្ទះរបស់ខ្លួន ។ អ្នកសមគំនិតរបស់លោក នៅក្នុងរឿងក្ដីនេះឈ្មោះ Wen Guanxiong រងការសង្ស័យថា បានជួយផលិតថ្នាំញៀននេះ និងត្រូវបានតុលាការ ផ្តន្ទាទោសប្រហារជីវិតផងដែរ ។



Ketamine គឺជាសារធាតុម្យ៉ាង ដែលធ្វើឱ្យខូចវិញ្ញាណ និងសម្ផស្ស(កាយសម្ផស្ស ។ល។) សារធាតុនេះត្រូវបានគេប្រើ ធ្វើជាថ្នាំស្ពឹក ប៉ុន្ដែក៏ត្រូវបានមនុស្សមួយចំនួនប្រើដើម្បីកម្សាន្ដអារម្មណ៍ផងដែរ ។

ភាពតានតឹងរវាងប្រទេសចិន និងកាណាដា បានពុះឡើងជាកំសួល កាលពីឆ្នាំ ២០១៨ បន្ទាប់ពី លោក Meng Wanzhou ប្រធានប្រតិបត្ដិក្រុមហ៊ុនបច្ចេកវិទ្យាចិន ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋាន Vancouver តាមដីកាចាប់ខ្លួនរបស់អាមេរិក លើបទសង្ស័យជាប់ពាក់ព័ន្ធនឹងការបោកបន្លំ ។ ប្រទេសចិនទំនងជាសងសឹកចំពោះករណីចាប់ខ្លួនលោក  Wanzhou  តាមរយៈកាត់ទោសប្រហារជីវិតពលរដ្ឋកាណាដាលោក Robert Schellenberg  និងលោក Fan Wei  លើបទល្មើសពាក់ព័ន្ធនឹងថ្នាំញៀន ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist