អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ពីបទសង្ស័យពាក់ព័ន្ធនឹងអំពើចោរកម្ម ពីក្រុមហ៊ុនអភិវឌ្ឍន៍ ដែលគ្រប់គ្រងដោយរដ្ឋឈ្មោះថា 1Malaysia Development Berhad(1MDB)។ លោក រ៉ាហ្សាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទពុកលួយប្រាក់ចំនួន ៧០០ លានដុល្លារអាមេរិក ពីគម្រោងមូលនិធិនេះ ហើយក្រសួងយុត្ដិធម៌អាមេរិក បានចោទប្រកាន់ថា ទឹកប្រាក់សរុប ៤,៥ ពាន់លានដុល្លារអាមេរិក ត្រូវបានដកយកជាប្រយោជន៍ផ្ទាល់ខ្លួនពីក្រុមហ៊ុននេះ ចាប់តាំងពីឆ្នាំ ២០០៩។
លោក រ៉ាហ្សាក់ គឺជាម្ចាស់មួយរូបនៃមូលនិធិ 1MDB នេះ ហើយនឹងប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ដែលរួមទាំង បទល្មើសលាងលុយកខ្វក់ និងបទល្មើសដកយកទ្រព្យសម្បត្ដិរបស់រដ្ឋធ្វើជារបស់ខ្លួនផងដែរ។
ការចាប់ខ្លួន និងការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង ក្រោយពីការឆែកឆេរទ្រព្យសម្បត្ដិ ដែលជាប់ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្រ្ដីរូបនេះ ដោយរបស់របរ និងគ្រឿងពេជ្រតម្លៃ ២៧៣ លានដុល្លារអាមេរិកត្រូវបានរឹបអូស ហើយកងកម្លាំងពិសេសត្រូវបានបង្កើតឡើង ដើម្បីបើកការស៊ើបអង្កេតរឿងនេះ។
លោក រ៉ាហ្សាក់ ត្រូវបានឃុំខ្លួនមួយយប់ នៅឯគណកម្មាធិការប្រឆាំងអំពើពុករលួយ និងបានបង្ហាញមុខនៅតុលាការកាលពីព្រឹកនេះ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist