CamNews

ព័ត៌មានជាតិ 

ព្យុះណារិ នឹងធ្វើដំណើរ មកដល់អាង ទន្លេមេគង្គ នៅថ្ងៃទី១៥-១៦ ខែតុលា

ភ្នំពេញ៖ អគ្គនាយករង កិច្ចការបច្ចេកទេស និង ជាប្រធាន នាយកដ្ឋាន ជលសាស្រ្ត និងការ
ងារ ទន្លេ នៃក្រសួង ធនធានទឹក និងឧតុនិយម បាន មានប្រសាសន៍ថា ព្យុះណារិ ទី២៥ នឹង
ធ្វើដំណើរ មកដល់អាង ទន្លេមេគង្គ នៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៣ខាងមុខនេះ។

ការថ្លែងបែបនេះ បានធ្វើឡើង នៅក្នុងសិក្ខា សាលាថ្នាក់ជាតិ មួយស្តីពី នីតិវិធីប្រតិបត្តិការ
ស្តង់ដា ដើម្បីធ្វើឲ្យ ប្រសើរឡើងនូវព័ត៌មាន ហានិភ័យ អាកាសធាតុ ដែលបង្កឡើង ដោយ
សារព្រឹត្តិការណ៍ ធាតុអាកាសធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នាសណ្ឋាគារ អ៊ីម
ភ័ររៀល រាជធានី ភ្នំពេញ ដោយមានសិក្ខា កាមចូល រួមមកពីក្រសួងធនធានទឹក និងឧតុនិយម
, នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ, គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ
និងក្រសួងស្ថាប័នពាក់ព័ន្ធប្រមាណ ២៥នាក់ ក្នុងគោលបំណង ដើម្បីផ្តល់ព័ត៌មាន ជាមុន
ក្នុងការបង្ការគ្រោះមហន្តរាយ ក៏ដូចជាជូនដំណឹងអំពីផលប៉ះពាល់ នៅតំបន់មួយចំនួន។

លោក ម៉ៅ ហាក់ អគ្គនាយករងកិច្ចការបច្ចេកទេស និងជាប្រធាននាយកដ្ឋានជលសាស្រ្ត
ការងារទន្លេ នៃក្រសួង ធនធានទឹក និងឧតុនិយម បានលើកឡើងថា «ថ្ងៃនេះ យើងបាន
មើលឃើញ ប៉ុន្តែមិនទាន់ច្បាស់ ជាព្យុះណារិ ទី២៥ ដោយបានកើតឡើងនៅភាគខាងកើត
ប្រទេស ហ្វីលីពីន ហើយនៅថ្ងៃសៅរ៍ នឹងឆ្លងកាត់ហ្វីលីពីន សំដៅ មកភាគកណ្តាលប្រទេស
វៀតណាម ។តាមការព្យាករណ៍ថ្នាក់តំបន់ ព្យុះនេះនឹងតម្រង់មកដល់ អាងទន្លេមេគង្គ នៅថ្ងៃ
ទី១៥-១៦ ខែតុលា»។

លោកបានបន្តថា ពាក់ព័ន្ធនឹងបញ្ហាព្យុះទី២៥នេះ ក្រសួងធនធានទឹក និងឧតុនិយមកំពុង
តាមដានបន្ថែមឲ្យ បានច្បាស់លាស់ ជូនដំណឹងអំពី ព្យុះនេះ ដើម្បីឲ្យប្រជាជនបង្ការទុក
ជាមុន ជៀសវាងការកើតឡើងគ្រោះថ្នាក់ ដោយយថាហេតុ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News