-អ្នកដែលរត់ការបិទរឿង គឺជាចាងហ្វាងកាសែត ប្រជាពលរដ្ឋខ្មែរ ឈ្មោះ ព្រុំ សាន
-តុលាការសម្រេច ចេញដីកាឃុំខ្លួន ជនជាប់ចោទទាំង៤នាក់ ដាក់ពន្ធនាគារ
-ស្នងការខេត្ដកំពង់ចាម បញ្ជាឱ្យស៊ើប អង្កេតករណីនេះ ជាបន្ទាន់ឡើងវិញ និងចាត់វិធានការ លើជនពាក់ព័ន្ធ
កំពង់ចាម ៖ ករណីរំលោភបូកទៅ លើស្ដ្រីវ័យ ចំណាស់ម្នាក់ នៅភូមិអូរឫស្សី ឃុំអូរម្លូរ ស្រុក ស្ទឹងត្រង់ ខេត្ដកំពង់ចាម កាលពីប៉ុន្មានថ្ងៃមុននេះ ឥឡូវត្រូវបែកធ្លាយ រឿងពុករលួយ តាមរយៈ ការរត់ការសូក លុយឱ្យទៅ បុគ្គលមួយចំនួន ដើម្បី ជាថ្នូរ និងការមិនចាប់ខ្លួនជន ល្មើស ទាំង៤នាក់ យកទៅផ្ដន្ទាទោស តាមផ្លូវច្បាប់។
ការបែកធ្លាយរឿង ពុករលួយក្នុងទំហំទឹក ប្រាក់ ប្រមាណ៦ពាន់ដុល្លារ ខាងលើនេះ បានកើតឡើងក្រោយ ពីជនល្មើស ទាំង៤នាក់ ត្រូវបាន នគរបាលនៅ ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម សហការជា មួយនគរបាល ស្រុកស្ទឹងត្រង់ ចុះទៅឃាត់ខ្លួន ជនល្មើសទាំង៤នាក់ នោះ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ បន្ទាប់ពីហេតុការណ៍ ចាប់រំលោភបូក ទៅលើ ស្ដ្រីវ័យ ចំណាស់ទាំងព្រៃផ្សៃ បានកើតឡើង តាំងពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ កន្លងទៅនោះ ។
ការចេញមកអះអាងថា គ្រួសារជនល្មើស បានផ្ដល់លុយក្នុងម្នាក់ៗ ចំនួន ១៥០០ដុល្លារ ដូច្នេះសរុបទាំងអស់ គឺ ៦០០០ដុល្លារ ជាការបញ្ចប់រឿងព្រហ្មទណ្ឌ មួយនេះ តាមរយៈការចេញ មកលាតត្រដាង របស់លោកមេឃុំអូរម្លូរ។
ជុំវិញអំពើពុករលួយ និងឃុបឃិត ជាប្រព័ន្ធ ចង់ផ្អឹបសំណុំរឿងព្រហ្មទណ្ឌ ខាងលើនេះ ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាទៅ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ដឹក នាំនគរបាល ជំនាញមួយក្រុម ចុះទៅបើកការស៊ើបអង្កេតភ្លាមៗ ដើម្បីរក ឃើញថា តើករណីនេះ ផ្ដើមចេញ ដោយរបៀបណា ហើយថា ការអះអាងរបស់មេឃុំអូរម្លូរ គឺជាការពិតឬ មួយយ៉ាងណានោះ ព្រមជាមួយការចាត់ វិធានការតាមផ្លូវច្បាប់ ចំពោះជន និងមន្ដ្រីសមត្ថកិច្ច ដែលពាក់ព័ន្ធមិនថា នគរបាលឬ កងកម្លាំង សមត្ថកិច្ចផ្សេងទៀត និងមន្ដ្រី អាជ្ញាធរ ណាមួយនោះ ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥កន្លងទៅ ស្ដ្រីវ័យ ចំណាស់ម្នាក់ ដែលមានអាយុ៥១ឆ្នាំ ត្រូវបានជនល្មើស៤នាក់ បង្អកស្រាឱ្យស្រវឹង រួចនាំគ្នា ចាប់រំលោភម្នាក់ៗ រហូតបានសម្រេច ។
ក្រោយហេតុការណ៍ កើតឡើង រយៈពេលល១០ថ្ងៃ លោកឧត្ដមសេនីយ៍ ស្នងការខេត្ដកំពង់ចាម ដែលទើបនឹង ទទួល ព័ត៌មាននោះ បានបញ្ជា ទៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាល ស្រុកស្ទឹងត្រង់ ដោយមានការ ឯកភាពពី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្ដកំពង់ចាម លោក ជីវ ចាន់តារា ចុះទៅធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួន ជនល្មើសទាំង៤នាក់ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅនេះ ។
លោក ទុំ ចាន់ណា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ជនល្មើសទី១ ឈ្មោះ រ៉េត ម៉ាប់ អាយុ៣១ឆ្នាំ ទី២ ឈ្មោះចែម ចេន អាយុ ៣៩ឆ្នាំ ទី៣ឈ្មោះ ឆូយ ឆាយ អាយុ២៩ឆ្នាំ និងទី៤ ឈ្មោះ ស្រេង ក្រួច អាយុ៤៨ឆ្នាំ ដែលជនល្មើសទាំង៤នាក់នេះ រស់នៅ ភូមិខ្ទួយ៣ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។
ជុំវិញការបែកធ្លាយ អំពើពុករលួយរត់ការ បិទសំណុំរឿង ក្នុងទឹកប្រាក់ប្រមាណ៦០០០ដុល្លារ ខាងលើនេះ ស្នងការ នគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំទើប ទទួលដំណឹងពី មេឃុំអូរម្ហូរថា ជនល្មើសម្នាក់ បានចំណាយប្រាក់១៥០០ដុល្លារ ដើម្បី ជាថ្នូរក្នុងការរត់ការមិន ឱ្យជាប់ឃុំ ហើយប្រាក់នេះ មានមនុស្សម្នាក់ ជាអ្នកទទួល ដោយអះអាងខ្លួនថា ជាមេធាវី ហើយគាត់យកប្រាក់ក្នុងម្នាក់ៗ៥០០ដុល្លារ និង សម្រាប់ ប៉ូលីសម្នាក់១០០០ដុល្លារ ហើយឥឡូវម្ដេចក៏មកចាប់ទៀត»។
ក្រោយទទួល ដំណឹងនេះភ្លាម លោកឧត្ដមសេនីយ៍ស្នងការ បានដាក់វិធានការ ឱ្យស្នងការរង ទទួលផែន ព្រហ្មទណ្ឌ បើកប្រតិបត្ដិការ ចុះស៊ើបសង្កេត ទី១ ឱ្យមន្ដ្រីចុះទៅជួបគ្រួសារជនសង្ស័យថា តើឱ្យទៅអ្នកណា ទី២ លាតត្រដាង ជាសាធារណៈ អ្នកនោះជាអ្នកណា និងប៉ូលីស នោះជានរណា ទី៣ រៀបចំពាក្យ បណ្ដឹងបុគ្គលទាំងពីរនោះ ទៅតុលាការ និងប្រធាន ស្ថាប័នសាម៉ី និងទី៤ បើមិនមែនជាការពិត សូមឱ្យមេឃុំអូរម្លូរ បកស្រាយឡើងវិញ។
លោកឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាក់បន្ថែមថា «ខ្ញុំមានការឈឺចាប់ គេនាំគ្នាលាក់ មិនអីទេ ប៉ុន្ដែពេលទៅ ចាប់បែរជា ត្រូវគេ ប្រមាថ យ៉ាងធ្ងន់ធ្ងរ ហើយនេះជាបទឧក្រិដ្ឋ ម្នាក់ៗ អាចជាប់ ពន្ធនាគារ៧ឆ្នាំ ប៉ុន្ដែអ្នកខ្លះថា ស្ដ្រីនោះសតិមិនគ្រប់ បើសតិមិនគ្រប់ ស្ថានទម្ងន់ទោស រិតតែធ្ងន់ជាងនេះ» ។
យោងតាមមន្ដ្រី សាលាស្រុកស្ទឹងត្រង់ មួយរូបបានឱ្យដឹងផងដែរ រឿងរ៉ាវទាំងនេះ ត្រូវបានលោក ហ៊ុន ណេង តំណាង រាស្ដ្រ មណ្ឌលកំពង់ចាម ក្នុងឱកាស ចុះទៅផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ដមហាសន្និបាទ គណបក្សនៅ ស្រុកស្ទឹង ត្រង់នោះ បានព្រមានធ្ងន់ៗ ជុំវិញរឿងសមត្ថកិច្ច កុំឱ្យឃុបឃិតយកលុយគេ ក្នុងពេលចុះបង្ក្រាប បទល្មើស និងយក ឈ្មោះ របស់លោកទៅប្រើ ដើម្បីជាលាភសក្ការៈ ហើយធ្វើអ្វីៗនៅក្នុងស្រុក ត្រូវគោរពចៅហ្វាយ ដែលជាតំណាងឱ្យ រាជរដ្ឋាភិបាល នៅនឹងកន្លែង មិនត្រូវរំលងនោះឡើយ ។
មន្ដ្រីសាលាស្រុករូបនេះ បានឱ្យដឹងផងដែរថា ក្នុងករណីចាប់រំលោភ បូកខាងលើ សមត្ថកិច្ច មិនបានរាយការណ៍ ទៅអភិបាលស្រុកស្ទឹងត្រង់ លោក កៅ ប៊ុនណាត ឱ្យដឹងនោះឡើយ ។
តាមការលួចបង្ហើបពីមន្ដ្រីរូបនេះ អ្នកដែលអាចជាប់ពាក់ព័ន្ធ ក្នុងករណីសូកប៉ាន់ខាងលើនេះ រួមមាននគរបាលប៉ុស្ដិ៍ អូរម្លូរ នគរបាលស្រុក មន្ដ្រីអាវុធហត្ថ និងមន្ដ្រីអាជ្ញាធរ របស់ ឃុំអូរម្លូរតែម្ដង ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យ ទាំង៤នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីឱ្យ តំណាងអយ្យការ ធ្វើការសួរនាំមុន បញ្ជូនសំណុំរឿងទៅ ចៅក្រម ស៊ើបសួរ។
មន្ដ្រីនគរបាល រូបនេះ បានលើកឡើងថា ករណីរំលោភបូកស្ដ្រីវ័យចំណាស់ខាងលើនេះ ត្រូវបានអង្គការជាតិ និងអន្ដរជាតិ ដែលធ្វើការងារលើស្ដ្រី និងកុមារ កំពុងតាមដានយ៉ាង យកចិត្ដទុកដាក់ថា ជនល្មើសទាំង៤នាក់ ដែលបានសារភាពពី ទោសកំហុសរបស់ខ្លួន យ៉ាងពិតប្រាកដនោះ តើត្រូវបានធ្វើការ ចោទប្រកាន់ និងឃុំខ្លួនជន សង្ស័យទាំង៤នាក់ ដែលឬទេ?។
នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យទាំង ៤នាក់ បានសារភាពប្រហាក់ប្រហែលគ្នាថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៥ ពួកគេបាននាំគ្នាជិះគោយន្ដកន្ដ្រៃយ មួយគ្រឿង ទៅឈប់នៅមុខផ្ទះស្ដ្រីឈ្មោះ ត្រេន ដោយ អះអាងថា គោយន្ដខូច ។ ពេលនោះ ពួកគេ ទាំង៤នាក់ បានចូលទៅទិញស្រាបៀរនៅផ្ទះស្ដ្រីរូបនេះ ចំនួន១៨កំប៉ុង យកទៅផឹក លើផ្ទះស្ដ្រីឈ្មោះ យ៉ូន ដែលនៅទល់មុខ ។
ពេលដែលកំពុងផឹកស៊ី នោះ ស្ដ្រីរងគ្រោះបានឡើង ទៅលើផ្ទះស្ដ្រីឈ្មោះ យ៉ូន ហើយបានយកស្រា អស់ចំនួន២កំប៉ុង រួចនិយាយថា បើនរណា ចង់រួមភេទគាត់ ម្នាក់១ម៉ឺនរៀល និយាយរួមក៏ចុះទៅក្រោមផ្ទះ ។ ពេលឮស្ដ្រីរងគ្រោះ និយាយដូច្នេះ ជនសង្ស័យឈ្មោះ ម៉ាប់ ក៏ចុះទៅបាត់ មិនឃើញឡើងមកវិញ រួចឈ្មោះ ស្រេង ក្រួច ក៏ចុះទៅតាមក្រោយហើយឈ្មោះ ឆូយ ឆាយ និងឈ្មោ ចែម ចេន នាំគ្នា ចុះទៅដែរ ប៉ុន្ដែពេលឃើញស្ដ្រីរូបនោះ ដេកស្រាត នៅលើគ្រែ ក៏ជួយស្លៀកខោអាវឱ្យគាត់វិញ ប៉ុន្ដែស្ដ្រីរូបនេះ និយាយថា មិនចាំបាច់ជួយស្លៀកឱ្យទេ បើនរណាចង់ធ្វើអីក៏ធ្វើទៅ ។
បន្ទាប់មក ពួកគេទាំងពីរនាក់ ក៏ទៅផ្ទះតែម្ដងទៅ លុះដល់ម៉ោង៩យប់ ថ្ងៃទី២១ ខែមករា ឈ្មោះ ខេន និងឈ្មោះ ខុន បានជិះម៉ូតូពីរគ្រឿង មកឌុបពួកគេត្រឡប់ ទៅផ្ទះតែម្ដងទៅ។ យ៉ាងណាក៏ដោយនោះ បើយោងតាម ភស្ដុតាងសាក្សី និងចំលើយរបស់ជនរងគ្រោះ សមត្ថកិច្ចបាន សម្រេចឃាត់ខ្លួន ពួកគេទាំង៤នាក់តែម្ដងទៅ ។
យោងតាមសេចក្តីរាយការណ៍ ចុងក្រោយពីមន្រ្តីនគរបាល ព្រហ្មទណ្ឌខេត្តកំពង់ចាម បានឲ្យដឹងថា ឆ្លងតាម រយះ ការសួរនាំពីលោកមេឃុំ និងគ្រួសារជនល្មើស បានបង្ហាញថា អ្នកដែលមកទទួលលុយ រត់ការបិទសំណុំរឿង រហូតទៅ ដល់៦ពាន់ដុល្លារនោះ គឺជា «ចាងហ្វាងកាសែតប្រជាពលរដ្ឋខ្មែរ» មានឈ្មោះ ព្រុំ សាន។
មន្រ្តីនគរបាល បានបន្តទៀតថា ចាងហ្ងាងកាសែតខាងលើនេះ បានឲ្យនាមប័ណ្ណទៅឲ្យគ្រួសារជនល្មើស ដែលមាន លេខទូរស័ព្ទចំនួន២ខ្សែ។ មជ្ឈមណ្ឌលព័ត៌មានបានទាក់ទង ទៅលេខទូរស័ព្ទទាំង២ខ្សែនេះ តែមិនអាចទាក់ទង បានទេ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។
រហូតមកដល់រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៥ ជនសង្ស័យទាំង៤នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូង ខេត្ត កំពង់ចាម លោក អ៊ុំ ចាន់ថុល សម្រេចចេញដីកា ឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្នហើយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល