(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញចូលរួមបើកកម្មវិធី បំប៉នជំនាញការប្រើបណ្តាញសង្គម facebook ដល់នាយ និងពលអាវុធហត្ថទាំង២៥ រាជធានីខេត្ត ចំនួន១៣១នាក់ ដើម្បីជួយពង្រឹង និងពង្រីកការងារ ព្រមទាំងស្នាដៃរបស់កងកម្លាំងអាវុធហត្ថ កាន់តែប្រសើរឡើង។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា លើការជំរុញការងារកាន់តែមានប្រសិទ្ធភាព ដោយមើលឃើញទាំងភាពវិជ្ជមាន និងភាពអវិជ្ជមាន ក្នុងការប្រើបណ្តាញ facebook របស់កំលាំងកងរាជអាវុធហត្ថ នៅទូទាំងប្រទេស នៅមិនទាន់បានប្រើប្រាស់បណ្តាញសង្គម ឲ្យត្រូវតាមគោលការណ៍នោះទេ ទើបនៅពេលនេះ យើងបានបើកវគ្គបំប៉នជំនាញកាន់តែប្រសើរឡើង។
លោក ទូច គង្គា ជាគ្រូឧទ្ទេសរបស់កងរាជអាវុធហត្ថផ្ទៃប្រទេស បានលើកឡើងថា ការបើកឲ្យកងកំលាំង បំប៉នជំនាញគ្រូបង្គោលនៅថ្ងៃនេះ ធ្វើឡើងក្នុងបំណងឲ្យកំលាំង បានស្វែងយល់ច្បាស់នូវការប្រើប្រាស់បណ្តាញសង្គម ឲ្យស្របក្នុងនាមយើងជាកងកំលាំង។
លោកបានបន្តថា ការប្រើប្រាស់បណ្តាញសង្គម Facebook ក្នុងបំណងបំពុលបរិយាកាស ដែលនាំឲ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរដល់អ្នកដទៃ នោះនឹងត្រូវមានទោសតាមច្បាប់ ការក្លែងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប៕








ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី