(សៀមរាប)៖ លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉ែត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន ជនជាតិបរទេស២នាក់ ដែលម្នាក់ជាជនជាតិរ៉ូម៉ានី និងម្នាក់ទៀត ជាជនជាតិប៊ុលការី ដែលពួកគេទាំង២នាក់ បានធ្វើលួចលេខកូដ ATM របស់ជនជាតិខ្មែរ ដកលុយពីទូ ATM របស់ធនាគារ ABA នូវទឹកប្រាក់រាប់ម៉ឺនដុល្លារ។
លោក ភឹង ចិន្តារ៉ែត បានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនបរទេសទាំង២នាក់នេះ ធ្វើឡើងក្រោយពីស៊ើបបអង្កេត និងមានចម្លើយសារភាព នៅថ្ងៃ៣០ ខែមករា ឆ្នាំ២០១៦ កំលាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយធនាគារ ABA តាមចាប់បានមុខសញ្ញាជាជនជាតិរ៉ូម៉ានី និងជនជាតិប៊ុលការី ពីបទអំពើលួច លេខកូដកាតតាមទូ ATM របស់ធនាគារABA ដែលមានទីតាំងនៅផ្សារ អាដសិនធ័រ ។
លោកបន្ថែមថា តាមចម្លើយសារភាព កន្លងមកជនបរទេសទាំង២នាក់នេះ ធ្លាប់បានលួចដកប្រាក់ពីទូ ATM ជាច្រើនដងមកហើយ ពោលនៅថ្ងៃ៥ និង៦ ខែធ្នូ ឆ្នាំ២០១៥ ពួកគេធ្វើសកម្មភាពលួចលេខកូដ
កាត ATM នៅផ្សារអាដសិនធរ័ និងនៅភោជនីដ្ឋានមនោរម្យចាស់ ហើយទៅធ្វើសកម្មភាពដកយកលុយ នៅប្រទេសឡាវ បានតែ១៣៧០០ដុល្លារ ប៉ន្តែបើតាមជនរងគ្រោះ ជាអតិថិជន ABA ខ្មែរបានបាត់ រហូតដល់ ២១០០០ដុល្លារឯណោះ។
គួរបញ្ជាក់ថា ជនជាតិបរទេសទាំង២នាក់នេះ នៅថ្ងៃ២៦ ខែធ្នូ ២០១៥ កន្លងទៅ ពួកវាមកលួចលេខកូដនៅផ្សារអាដសិនធរ័ផងដែរ ហើយការឃាត់ខ្លួន ពួកគេទាំងពីរក៏មានការចូលរួម ពីកម្លាំងនគរបាលទេសចរណ៍ផងដែរ៕






