CamNews

ព័ត៌មានជាតិ 

ស្មាត ​សម្ពោធភាពជាដៃគូថ្មី ជាមួយ អង្គការស៊ីប៉ា ក្នុងការចូលរួមលើកកម្ពស់វិស័យ​អំណាន​នៅក្នុង​រោង​ចក្រ

ខេត្តកណ្តាល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ៖ ថ្ងៃនេះក្រុមហ៊ុន Smart​ និងអង្គការស៊ីប៉ា (Sipar) បានប្រកាស ភាពជាដៃគូថ្មីក្នុងលើកកម្ពស់ការអប់រំ តាមរយៈការផ្តល់ iPad Mini3 ចំនួន៣៦គ្រឿង ដើម្បីបំពាក់នៅក្នុងបណ្ណាល័យ​មណ្ឌល​ធនធាននៅរោងចក្រកាត់ដេរចំនួន ១៨ កន្លែង អមជាមួយនឹងកម្មវិធីបើក សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ​​បណ្ណាល័យ​មណ្ឌល​ធនធាននៅរោងចក្រកាត់ដេរ TY Fashion ដែលជាបណ្ណាល័យ ទី៩ របស់គម្រោង។​ ពិធីសម្ពោធនេះ មានការចូលរួមពីសំណាក់តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូគម្រោងដូចជា សមាគមរោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា(GMAC) អង្គការCare និងសមាគម​នារីកម្ពុជា​ដើម្បី​សន្តិ​ភាព និង​អភិវឌ្ឍន៍(CWPD)។​



បណ្ណាល័យ​មណ្ឌល​ធនធាន គឺជាកន្លែងសម្រាប់អាន រៀន និងស្វែ​​ងយល់បន្ថែមពីវិធីថែទាំសុខភាព។  គោលបំណងចម្បង ក្នុងការបង្កើតបណ្ណាល័យ​មណ្ឌល​ធនធាន នៅក្នុងរោងចក្រកាត់ដេរ គឺដើម្បីបង្តើតឱកាសសម្រាប់កម្មករ-កម្មការនីរោងចក្រក្នុងការអភិវឌ្ឍការអប់រំ តាមរយៈការអាន ក៏ដូចជាការថែទាំ
សុខភាព ដោយក្នុងនោះ យើងមានវគ្គបណ្តុះបណ្តាលអំពីសុខភាព អាហារូបត្ថម្ភ​ ។ល។

បណ្ណាល័យ​មណ្ឌល​ធនធាន​ គឺជា​​ផ្នែក​មួយ​នៃគម្រោង​រយៈ​ពេល​បី​ឆ្នាំ «ការ​អភិវឌ្ឍ​ផ្នែក​អប់រំ និង​សង្គម​សម្រាប់កម្មករ-កម្មការនីនៅក្នុងវិស័យរោងចក្រកាត់ដេរនៅកម្ពុជា តាមរយៈបណ្ណាល័យ​មណ្ឌល​ធនធាន» ដែលរៀបចំ និងប្រតិបត្តិដោយអង្គការស៊ីប៉ា ​(Sipar) ក្រោមជំនួយហិរញ្ញប្បទានរួមគ្នាពីទី​ភ្នាក់​ងារ​​បារាំង​សម្រាប់​អភិវឌ្ឍន៍(French Development Agency-AFD) មូលនិធិ Weave our Future of Auchan Retail និងម្ចាស់ជំនួយចុងក្រោយគឺក្រុមហ៊ុនស្មាត (Smart) ដែលបានឧបត្ថម្ភជាថេប្លេតសម្រាប់ជួយដល់គម្រោងអភិវឌ្ឍវិស័យអប់រំនេះ។

លោក​ ហុក​ សុទ្ធិ ​នាយក​អង្គការ​​ស៊ីប៉ាបានមានប្រសាសន៍ថា​ «អង្គការស៊ីប៉ាសូមអរគុណដល់ក្រុមហ៊ុន
ស្មាត (Smart) ដែលបានរួមចំណែកក្នុងគម្រោងនេះ ដោយផ្តល់ជាថេប្លេត។ ការប្រើប្រាស់ថេប្លេតក្នុង
បណ្ណាល័យនឹងជួយឱ្យកម្មករ-កម្មការនីកាត់ដេរមានលទ្ធភាពទទួលបានព័ត៌មានច្រើន ជាពិសេសកម្មវិធីAppsមួយចំនួន ដែលមានសារៈសំខាន់សម្រាប់ការអនុវត្តលំហាត់ ដែលជាជំនួយដល់ការសិក្សាក្នុងថ្នាក់អក្ខរកម្ម នៅបណ្ណាល័យ​មណ្ឌល​ធនធាន។​ រហូតមកដល់សព្វថ្ងៃនេះ បណ្ណាល័យ​មណ្ឌល​ធនធានទាំង៨ បានបើកឱ្យប្រើប្រាស់ដល់កម្មករ-កម្មការនីចំនួនជាង ១៧,៩៦២នាក់ រួចទៅហើយ។​ បណ្ណាល័យ​មណ្ឌល​ធនធានថ្មីទី៩ នៅរោងចក្រធីវ៉ាយ ហ្វេសិន (TY Fashion) ដែលមានកម្មករ-កម្មការនីចំនួន ៣,៧៤០នាក់ នឹងធ្វើអោយកំណើនចំនួនអ្នកទទួលផលពីគម្រោងនេះមានដល់ជាង ២១,០០០នាក់។»

កិច្ចសហការរវាងអង្គការស៊ីប៉ា (Sipar) និងក្រុមហ៊ុនស្មាត (Smart)នេះបានបន្តជាថ្មី ក្រោយពីភាពជោគជ័យនៃភាពជាដៃគូរទៅលើគម្រោងបណ្ណាល័យចល័ត។ កាលពីដើមឆ្នាំ​២០១៦ ក្រុមហ៊ុនស្មាតបានគាំទ្រដល់ដំណើរការរបស់បណ្ណាល័យចល័តអង្គការស៊ីប៉ាចំនួន២គ្រឿង ដោយបំពាក់បន្ថែមនូវឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាអំណានដល់ប្រជាជនខ្មែរនៅតាមសហគមន៍។ គម្រោងនេះបានជួយអោយកុមារជាង១,០០០នាក់ទទួលបានសៀវភៅអានជារៀងរាល់ថ្ងៃ និងឱកាសប្រើប្រាស់ Ipads ដែល
ផ្តល់ដោយក្រុមហ៊ុនស្មាត(Smart)ក្នុងបណ្ណាល័យចល័តទៀតផង។


លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត (Smart Axiata Co., Ltd) បានប្រាប់អោយដឹងថា «ក្រុមហ៊ុនស្មាត មានមោទនភាពក្នុងការធ្វើជាដៃគូររបស់អង្គការស៊ីប៉ា ដោយយើងមានគោលបំណងដូចគ្នាក្នុងការផ្សព្វផ្សាយទម្លាប់អាន ដល់ប្រជាជនខ្មែរ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនស្មាតទៅលើវិស័យអប់រំ។ រាប់ចាប់ពីការនាំយកសម្ភារៈអំណានទៅដល់ដៃអ្នកអាននៅតាមសហគមន៍ កិច្ចសហការរបស់យើងបានពង្រីកដល់រោងចក្រចំនួន១៨។ ក្រៅពីការលើកចិត្តកម្មករ-កម្មការិនីអោយអានសៀវភៅ iPads ដែលមានភ្ជាប់ប្រព័ន្ធ4G LTE នឹងផ្តល់ឱកាសដល់អ្នកអានក្នុងការទទួលបានព័ត៌មាន និងសៀវភៅE-books រាប់រយរាប់ពាន់ក្បាលទៀត ដោយប្រើប្រាស់អ៊ីនធឺណែតល្បឿនលឿនរបស់ស្មាត។ ក្រៅពីនេះ iPads ក៏មានភ្ជាប់នូវ SmartLuy ដែលជាសេវាផ្ទេរប្រាក់តាមទូរស័ព្ធ ដែលអាចអោយកម្មករ-កម្មការិនីផ្ទេរប្រាក់ ឬប្រាក់ខែតាមប្រព័ន្ទឌីជីថល។ យើងសង្ឃឹមថា កិច្ចសហការនេះនឹងជួយអោយអំណាន និងអក្ខរភាពផ្នែកឌីជីថលមានការកើនឡើងនៅក្នុងរោងចក្រទាំងនោះ។»


លោក អេតម៉ុន លីម (Edmund Lim) នាយកចាត់ការទូទៅ រោងចក្រកាត់ដេរធីវ៉ាយ ហ្វេសិន (TY Fashion) បាននិយាយថា «ក្រុមហ៊ុនថៃយ៉ាតែងតែយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងធនធានមនុស្ស និងអត្ថប្រយោជន៍របស់បុគ្គលិក ដើម្បីផ្តល់នូវបរិយាកាសការងារដ៏ល្អប្រសើរ ដោយផ្តល់ការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍជំនាញ បង្កើនលទ្ធភាពការងារ និងលើកកំពស់ជីវភាពរបស់ពួកគេ។ ជាក់ស្តែង ដូចជាកិច្ចសហការជាមួយអង្គការស៊ីប៉ា ​(Sipar)លើបណ្ណាល័យដែលសម្ពោធថ្ងៃនេះ នឹងបើកអោយប្រើប្រាស់សម្រាប់បុគ្គលិកទាំងអស់។​ ដោយមានជំនួយបច្ចេកទេសពីអង្គការស៊ីប៉ា​(Sipar) យើងនឹងបន្តអភិវឌ្ឍការគ្រប់គ្រង និងការប្រើប្រាស់បណ្ណាល័យអោយកាន់តែល្អ  ដើម្បីផ្តល់ឱកាសដល់កម្មករ-កម្មការិនីក្នុងការពង្រីកចំណេះដឹង និងបង្កើនទំនុកចិត្តសម្រាប់ពេលអនាគតរបស់ពួកគេ។ យើងជឿជាក់ថា ការគាំទ្រ និងការយកចិត្តទុកដាក់នេះនឹងជម្រុញអោយយើងអាចធ្វើដំណើរទៅមុខទាំងអស់គ្នា។ ក្រុមការងារក្រុមហ៊ុនថៃយ៉ា ដែលប្រៀបដូចជាគ្រួសារតែមួយនឹងមានអនាគត និងជីវិតរឹតតែល្អប្រសើរ។  ជាថ្មីម្តងទៀត ក្រុមហ៊ុនថៃយ៉ាសូមអរគុណចំពោះថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសដែលបានចូលរួមពិធីសម្ភោធកាត់ខ្សែរបូរបណ្ណាល័យថ្មីក្នុងថ្ងៃនេះ។»

គម្រោងនេះមានគោលបំណងបង្កើតបណ្ណាល័យ​មណ្ឌល​ធនធានអោយបានចំនួន១៨កន្លែងនៅខែមិថុនា ឆ្នាំ ២០១៨ខាងមុខ និងធ្វើឱ្យបណ្ណាល័យទាំង​នេះក្លាយជាបណ្ណាល័យគំរូ សម្រាប់ពង្រីកគម្រោងទៅរោងចក្រផ្សេងទៀតនាពេលអនាគត។​ អង្គការស៊ីប៉ា​(Sipar) និងសមាគមរោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា(GMAC) នឹងជ្រើសរើសរោងចក្រចំនួន៩កន្លែងទៀត សម្រាប់ជំហានទី២នៃគម្រោង​នេះ។​ លក្ខខណ្ឌសំខាន់ក្នុងការជ្រើសរើសគឺការទទួលស្គាល់ពីថាបណ្ណាល័យ​មណ្ឌល​ធនធានគឺជាផ្នែកមួយដ៏សំខាន់នៃទំនួលខុសត្រូវសង្គមរបស់រោងចក្រ (CSR) និងលទ្ធភាពរបស់រោងច្រកក្នុងការធានានូវនិរន្តរភាពរបស់បណ្ណាល័យ​មណ្ឌល​ធនធានទាំងនោះ ទោះបីជាគម្រោងបានបញ្ចប់ក៏ដោយ។​ អង្គការស៊ីប៉ា (Sipar) បានចាប់ផ្តើមគម្រោងសាកល្បងលើកទីមួយនៅឆ្នាំ២០១៣ ហើយគម្រោងសាកល្បងនេះបានប្រែក្លាយជាគម្រោងបណ្ណាល័យ​មណ្ឌល​ធនធាន។​



អំពីអង្គការស៊ីប៉ា(Sipar)៖
អង្គការ​​ស៊ីប៉ា គឺជាអង្គការបារាំងមានក្រុមការងារជនជាតិខ្មែរ ប្រកបដោយជំនាញវិជ្ជាជីវៈចំនួន៤០នាក់​នៅរាជធានីភ្នំពេញ។ នៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ អង្គការ​​ស៊ីប៉ាបានធ្វើការលើគោលបំណងលើកស្ទួយការអប់រំ ប្រកបដោយគុណភាពតាមរយៈការបង្កើតបណ្ណាល័យនៅ​តាមសាលារៀន សហគមន៍ រោងចក្រ និងការលើកកម្ពស់ការអាន និងសៀវភៅជាភាសាខ្មែរនៅក្នុងខេត្តចំនួន២៥។ អង្គការស៊ីប៉ាបានទទួលជំនួយផ្សេងៗរវាងពីម្ចាស់  ជំនួយឯកជន ដូចជាក្រុមហ៊ុនស្មាត (Smart) មូលនិធិជាច្រើន និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ដូចជា​ភ្នាក់​ងារ​​បារាំង​សម្រាប់​អភិវឌ្ឍន៍(AFD) និងសហភាពអឺរ៉ុប​(EU)។

អំពីក្រុមហ៊ុនស្មាត (Smart) ៖

ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះកំពុងបម្រើអតិថិជនជាង ៨ លាននាក់ក្រោមស្លាកសញ្ញា “ស្មាត”។ ស្មាត អាស្យាតា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាសម្ព័ន្ធទូរគមនាគមន៍ធំជាងគេមួយក្នុងទ្វីបអាស៊ី មានអតិថិជនសរុបជាង ២៩០ លាននាក់។

ក្នុងខែមករា ឆ្នាំ២០១៤ ស្មាត បានដាក់ដំណើរការបណ្តាញ 4G LTE របស់ខ្លួន ហើយបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ ក្នុងប្រទេសកម្ពុជាដែលផ្ដល់សេវានេះ។ សេវា 4G LTE របស់​ ស្មាត ផ្តល់ជូន   អ៊ិនធឺណិតទូរស័ព្ទល្បឿនលឿនបំផុតក្នុងប្រទេសកម្ពុជា ហើយបានគ្របដណ្តប់ទូទាំង២៥រាជធានីខេត្ត ក៏ដូចជាក្រុង​​សំខាន់ៗដទៃទៀតផងដែរ។ បន្ថែមពីលើនេះទៀត ស្មាត ក៏ផ្តល់ជូនផងដែរនូវ សេវាទូរស័ព្ទ  2G, 2.5G, 3G និង 3.75G ដែលអាចប្រើប្រាស់ជាមួយនឹងពហុប្រព័ន្ធផ្សព្វផ្សាយ និងសេវាអ៊ិនធឺណិតទូរស័ព្ទ ចុងក្រោយបំផុត និងសេវា roaming អន្តរជាតិនៅជាង ១៩០ ប្រទេស។​​ នាពេលបច្ចុប្បន្ននេះ បណ្តាញ របស់

ស្មាត បានគ្របដណ្តប់លើ ប្រជាជនកម្ពុជាច្រើនជាង ៩៨%ទូទាំងប្រទេស។

តាមរយៈភាពជាដៃគូរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Apple ក្រុមហ៊ុន ស្មាត បានក្លាយប្រតិបត្តិករតែមួយគត់ដែលមានសិទ្ធិចែកចាយ iPhone និង iPad នៅក្នុងប្រទេសកម្ពុជាបាន។ លើសពីនេះទៅទៀត ស្មាត គឺជាដៃគូផ្តាច់មុខរបស់ Universal Music ក្នុងប្រទេសកម្ពុជា។ Smart ជាក្រុមហ៊ុនដែលលើកស្ទួយការបង្កើតថ្មីបែបឌីជីថល ដោយផ្តល់នូវសេវាបន្ថែម និងសេវាបែបឌីជីថលនានារួមមាន SmartLuy, Smart Life, Insurance, SmartPay និង Smart Music។

ស្មាត ត្រូវបានទទួលស្គាល់ជា ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ដែលរីកលូតលាស់ឆ្នាំ 2015 នៅទីផ្សារអាស៊ីប៉ាស៊ីហ្វិក ពីក្រុមហ៊ុន Frost & Sullivan។ នៅក្នុងឆ្នាំដដែល ស្មាត ក៏ទទួលបានពានរង្វាន់ជា ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០១៥ ហើយក៏ជាក្រុមហ៊ុនដែលបានចូលរួមចំណែកការងារសង្គមខ្ពស់បំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០១៥ ដោយ Global Banking & Finance Review។ 

ក្រុមហ៊ុនមានបុគ្គលិកជាង ១០០០​ នាក់ ដែលរួមមានទាំងអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនស្មាត បានប្តេជ្ញាចិត្តជូនដល់អតិថិជន បុគ្គលិក និងប្រជាជនកម្ពុជា ក្នុងការធ្វើអោយជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។​“ស្មាត ជីវិតរស់រវើក”។ 


Tags: social news local news