(ភ្នំពេញ)៖ អ្នកនាំសម្តែងវ័យក្មេង របស់ផលិតកម្មទីក្រុងភាពយន្ត លោក ប៊ុន រតនា ហៅសេម បានបញ្ជាក់ថា នៅថ្ងៃនេះ លោកត្រូវចាកចេញពីប្រទេសកម្ពុជា ទៅបន្តការសិក្សាជំនាញផលិតភាពយន្តនៅប្រទេសថៃបន្តទៀត ហើយនៅពេលបញ្ចប់ការសិក្សា ឆ្នាំ២០១៧ ខ្លួននឹងយកចំណេះដឹងទាំងនោះ ចែករំលែកដល់ប្អូនៗ ដែលមានជីវភាពខ្វះខាត និងកុមារកំព្រា ដែលចង់ចេះជំនាញភាពយន្តនេះ ដោយមិនគិតប្រាក់។
អ្នកដឹកនាំវ័យក្មេង របស់ផលិតកម្មថោនរូបនេះ បញ្ជាក់ថា ការចេញទៅរៀនជំនាញបន្ថែមនេះ គឺក្រុមហ៊ុនទីក្រុងភាពយន្តថោន ជាអ្នករៀបចំបញ្ជូនអោយទៅបន្តការសិក្សា លើជំនាញផលិតភាពយន្ត ដើម្បីបង្កើនគុណភាព ក្នុងការផលិតបន្ថែមទៀត។
លោក ប៊ុន រតនា បានបញ្ជាក់ថា «ថ្ងៃនេះខ្ញុំត្រូវចេញទៅបន្តការសិក្សារ លើជំនាញផលិតភាពយន្ត បន្ទាប់ពីរៀនចប់ត្រលប់មកវិញខ្ញុំរីករាយ នឹងចែករំលែក ចំណេះដឹងនេះ ដល់ប្អូនៗ ដែលមានជីវភាពខ្វះខាត និងកុមារកំព្រាដែលចង់ចេះជំនាញភាពយន្តនេះ ដោយមិនគិតប្រាក់។ សូមបងប្អូន នៅបន្ត គាំទ្រ វិស័យភាពយន្តខ្មែរបន្តទៀត ដើម្បីជាកំលាំងចិត្តដល់ផលិតកខ្មែរទាំងអស់គ្នា ផលិតបាននូវភាពយន្តល្អៗ អាចនឹងប្រកួតប្រជែងជាមួយបរទេសបាន...»។
លោក ប៊ុន រតនា ត្រូវបានគេស្គាល់ និងទទួលបានការកោតសសើរ ពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសថ្នាក់ដឹកនាំផងដែរ តាមរយៈចំពោះបទចម្រៀង មួយបទមានចំណងជើងថា «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» ដែលជាស្នាដៃរបស់ផលិតកម្ម ទីក្រុងភាពយន្តថោន។ បន្ថែមលើសពីនេះ ស្នាដៃដឹកនាំចុងក្រោយ ដែលលោក ប៊ុន រតនា បានបញ្ចេញយ៉ាងសម្រឹតសម្រាំងនោះ គឺបទ «ឧត្តមស្វាមី» ដែលជាបទចម្រៀងមួយបទ រៀបរាប់ពីបុរសជាស្វាមី មានភក្តីភាព ចំពោះភរិយា និងគ្រួសារ នឹងបង្ហាញរូបរាង ក្នុងពេលឆាប់ៗខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង