ប្រទេសថៃ៖ ជនជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានបាញ់សម្លាប់ ពីរនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ហើយថ្នាំញៀនចំនួនជាង ២ លានគ្រាប់ ត្រូវបានរឹបអូស បន្ទាប់ពីការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងសន្តិសុខ នៅតាមបណ្តោយព្រំដែនថៃ - មីយ៉ាន់ម៉ា នៅក្នុងស្រុកម៉ៃសៃ កាលពីយប់ថ្ងៃសុក្រ។
លោក Narongsak Osodsathakorn អភិបាលខេត្ត ឈាងរ៉ៃ បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមទាហាន និងប៉ូលីសរួមគ្នា ត្រូវបានបញ្ជូនទៅល្បាតផ្លូវមួយ នៅតាមបណ្ដោយព្រំដែន នៅភូមិ Phamee ឃុំវាំងប៉ាងខាម បន្ទាប់ពីលោក Col Kitakorn Chantha ប្រធានក្រុមការងារយោធា Pha Muang បានទទួលព័ត៌មានថា គ្រឿងញៀនខុសច្បាប់ ត្រូវបានគេរត់ពន្ធ ឆ្លងកាត់ព្រំដែន ។
ខណៈពេលកំពុងល្បាតតំបន់នោះ ក្រុមមន្រ្ដី មានសមត្ថកិច្ច បានប្រទះឃើញរថយន្តភីកអាប់ Toyota Vigo ពណ៌សគួរឱ្យសង្ស័យមួយគ្រឿង ដែលពាក់ស្លាកលេខ Phayao ។ មន្រ្តីប៉ូលីស បានប្រាប់អ្នកបើកបរអោយឈប់ ដើម្បីធ្វើការឆែកឆេរ ប៉ុន្តែរំពេចនោះ អ្នកបើកបរ បានបត់ឡានត្រឡប់ក្រោយ កាត់ទ្រូងផ្លូវ ហើយបន្ថែមល្បឿនយ៉ាងលឿន។
ខណៈពេល កំពុងបើកឡានគេចខ្លួន បុរសប្រដាប់អាវុធ ដែលជិះនៅលើរថយន្ត បានបើកការបាញ់ប្រហារ ទៅលើក្រុមមន្ត្រី ហើយក្រុមមន្រ្ដី ក៏បានបាញ់តបតទៅវិញ។ ក្នុងអំឡុងពេល បាញ់តបតគ្នាទៅវិញទៅមក រថយន្តភីកអាប់ បានរេធ្លាក់ផ្លូវ និងជាប់គាំងបើកទៅមុខលែងរួច។ បុរសខ្លះ ត្រូវបានគេមើលឃើញថា បានលោតចេញពីរថយន្ត និងបានរត់គេចខ្លួន។
បុរសម្នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណ នៅពេលក្រោយមកថា មានឈ្មោះ Ronnaphon Saefa មកពីតំបន់ឃុនតាន់ ខេត្តឈាងរ៉ៃ ត្រូវបានបាញ់សម្លាប់ នៅក្នុងរថយន្ត។ នៅក្នុងហេតុការណ៍នោះ ពុំមានមន្ត្រីណាម្នាក់ រងរបួសនោះទេ។
ថង់ប្លាស្ទិកចំនួន ១២ ត្រូវបានរក្សាទុក នៅខាងក្រោយឡានភីកអាប់។ ថង់ចំនួន ៦ និងកាតាបស្ពាយពីក្រោយពីរបន្ថែមទៀត ត្រូវបានរកឃើញ នៅប្រហែល ៥០ ម៉ែត្រពីកន្លែងកើតហេតុ។ លោកអភិបាលខេត្ត បាននិយាយថា ថង់ប្លាស្ទិក និងកាតាបទាំងអស់នោះ មានផ្ទុកថ្នាំញៀនប្រភេទមេតំហ្វេតាមីន(Speed Pills) ចំនួន ២,២៦៨,០០០ គ្រាប់។
បន្ទាប់ពីការប៉ះទង្គិចគ្នា ទាហាន និងប៉ូលីស បានតាមប្រមាញ់អ្នករត់ពន្ធគ្រឿងញៀនផ្សេងទៀត ដែលរត់គេចខ្លួន។ ជនជាតិមីយ៉ាន់ម៉ាម្នាក់ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថា មាន ឈ្មោះ Arsu អាយុ ២០ ឆ្នាំ ត្រូវបានចាប់ខ្លួន នៅចម្ងាយ ១០០ ម៉ែត្រពីកន្លែងកើតហេតុ។ បុរសម្នាក់ ដែលគេមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយ ត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃសៅរ៍។
ក្រុមអាជ្ញាធ័រ បាននិយាយថា ពិរុទ្ធជន បានសារភាពថា ពួកគេ និងបុរសដទៃទៀត ត្រូវបានគេជួលដោយឱ្យតម្លៃ ១០,០០០ បាតសម្រាប់ការរត់ពន្ធគ្រឿងញៀនម្ដងៗ ពីភូមិ Phakhao នៅព្រំដែន ទល់មុខស្រុក Mae Fa Luang នៃខេត្ត Hiang Rai ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost