CamNews

កំសាន្ត 

សារ៉ា នាំសមាជិក​ក្រុម​បង្ហាញម៉ូដ​ រៃអង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​ គន្ធបុប្ផា

ភ្នំពេញៈ ជាទូទៅទស្សនិកជន ធ្លាប់តែឃើញ ក្រុមបង្ហាញម៉ូដ Pop Model ទាំងស្រីទាំងប្រុស បង្ហាញវត្តមាន នៅលើកញ្ចក់ ទូរទស្សន៍ ឬតាមរយៈការ ប្រគំតន្រ្តី បង្ហាញរាងពត់ពែន ចុះឡើង បង្អួតរាង និងផ្សព្វផ្សាយ ផលិតផលឲ្យបណ្តា ក្រុមហ៊ុនជាច្រើន ។ប៉ុន្តែថ្មីៗនេះ ប្រធានក្រុម តារាបង្ហាញ ម៉ូដ កញ្ញា សារ៉ា បានសម្ញែង សកម្មភាព រស់រវើក ដោយរួមសហការជាមួយ ក្រុមការងារ របស់ស្ថានីយ ទូរទស្សន៍ ស៊ីធីអិន ចូលរួមរៃអង្គាស រកថវិកាជួយមន្ទីពេទ្យគន្ធបុប្ផា ។

កញ្ញា សារ៉ា ជាតារាសម្តែង និងជាប្រធានក្រុម តារាបង្ហាញម៉ូដ Pop Model បានប្រាប់ LookingTODAY ឲ្យដឹងថា នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ នាង និងសមាជិកតារា បង្ហាញម៉ូដ ហាក់ឃ្លាតឆ្ងាយ មិនសូវទទួលការងារ ប្រគំតន្រ្តីប៉ុន្មានទេ ដោយសារតែនាង និងក្រុមការងារ មានការរវល់ ក្នុងការចូលរួម សកម្មភាព មនុស្សធម៌ ជាមួយក្រុមការងារ នៅស្ថានីយ ទូរទស្សន៍ ស៊ីធីអិន ស្វែងរកមូលនិធិ ជួយទៅមន្ទីរពេទ្យគន្ធបុប្ផា ។ ហេតុដូច្នេះហើយ បានជានាង មិនសូវមានពេលទំនេរ ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងថា ជាលើកទី១ហើយ ដែលនាង និងក្រុមតារាបង្ហាញម៉ូដ បានចូលរួមសកម្មភាព រៃអង្គាសប្រាក់ ជួយដល់ មន្ទីពេទ្យគន្ធបុប្ផា ។ នាងក៏ដូចជាសមាជិក ក្នុងក្រុមពិតជា មានអារម្មណ៍ថា សប្បាយរីករាយ ដែលពួកនាងមានឱកាស បានរួមចំណែកក្នុងការជួយ ទៅដល់មន្ទីពេទ្យមួយនេះ ព្រោះយើងដឹងហើយថា តាមរយៈមន្ទីពេទ្យនេះ ក្នុងមួយឆ្នាំៗ ពិតជាបានជួយព្យាបាល ទៅដល់កុមារក្រីក្រ នៅក្នុង ប្រទេសយើង បានច្រើនខ្លាំងណាស់ ។ ដូច្នេះអ្វីដែលពួកនាងជួយបាន នាងនិងខំប្រឹងដើម្បីទុកជាក្តីសង្ឃឹម ទៅដល់កុមារដទៃ ដែលមានជំងឺ ហើយអត់លុយព្យាបាល អាចបន្តអញ្ជើញ ទៅព្យាបាលនៅទីនោះបាន ។

ប្រធានក្រុមតារាបង្ហាញម៉ូដ សារ៉ា បានប្រាប់ឲ្យដឹងទៀតថា “នៅក្នុងសកម្មភាព រៃអង្គាសនេះ គេធ្វើជារៀងរាល់ថ្ងៃ ដូច្នេះទស្សនិកជន បងប្អូនប្រជាពលរដ្ឋ ដែលមានបំណង ចង់យកថវិកា មកចូលរួមជាមួយ និធិស៊ីធីអិន គឺអាចអញ្ជើញ មកដោយផ្ទាល់នៅមុខស្ថានីយ ទូរទស្សន៍ ស៊ីធីអិន ឬក៏អាចចូលរួម បានតាមរយៈទូរស័ព្ទបានផងដែរ គឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែឧសភា ។ ក្រុមរបស់ខ្ញុំ នឹងមានវត្តមាន នៅក្នុងកម្មវិធីនេះ រហូតដល់ថ្ងៃចុងបញ្ចប់ ដែលខាងក្រុមការងារ ត្រៀមរៀបចំ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយនៅក្នុងកម្មវិធីនោះ គឺ មានវត្តមានតារាចម្រៀង ប្រុសស្រីល្បីឈ្មោះ ជាច្រើនដួង និងមានក្រុមបង្ហាញម៉ូដខ្ញុំ ចូលរួមដើរម៉ូដផងដែរ ” ។

រហូតមកដល់ពេលនេះ គឺជាថ្ងៃទី៣ ហើយ ដែលក្រុមការងារ ស៊ីធីអិន លោក សុវណ្ណរិទ្ធី នាយ ពែកមី និង ក្រុមកំប្លែង លោក សុខគា ក្រុមបង្ហាញម៉ូដ Pop Model រួមជាមួយ ក្រុមការងារជាច្រើនទៀត បានរៀបចំយុទ្ធនាការ មានឈ្មោះថា “ក្តីសង្ឃឹម" ស្វែងរកមូលនិធិ ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ដែលសរុបប្រាក់ បានមកពីសប្បុរសនានា គិតមកត្រឹមពេលនេះ មានចំនួនប្រហែល ជាង៨ម៉ឺនដុល្លារហើយ។ នៅក្នុងពាក់កណ្តាល ខែឧសភា ខាងមុខនេះ ក្រុមការងារខាងលើនឹង រៀបចំការប្រគំតន្រ្តី ទ្រង់ទ្រាយធំមួយ នៅមជ្ឈមណ្ឌលកោះពេជ្រ ៕

កញ្ញា សារ៉ា

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news