ប៉ូលីស ក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រើកាណុងបាញ់ទឹក បាញ់បំបែកក្រុមបាតុករ ដែលបានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ បើទោះជាមានការដាក់បម្រាមមិនឱ្យមានការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំជាសាធារណៈក៏ដោយ ។
យោធា បានហាមមិនឱ្យមានការប្រមូលផ្ដុំគ្នាលើសពី ៥ នាក់ នៅក្នុងទីក្រុងយ៉ាំងហ្គោន និងទីក្រុង Mandalay ដោយបម្រាមគោចរមួយ ។ វិធានហាមឃាត់ទាំងនោះ ត្រូវបានអនុវត្ដ ក្រោយការតវ៉ាទ្រង់ទ្រាយធំរយៈពេល ៣ ថ្ងៃជាប់គ្នា បន្ទាប់ពីការដួលរលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ូង សានស៊ូជី នៅក្នុងរដ្ឋប្រហារមួយ ។
ទូរទស្សន៍រដ្ឋ បាននិយាយកាលពីថ្ងៃចន្ទថា វិធានការណ៍ ត្រូវតែអនុវត្ដប្រឆាំង នឹងក្រុមមនុស្ស ដែលបំពានច្បាប់។ ទោះជាយ៉ាងណា អ្នកកាសែតមកពី BBC លោក Jonathan កត់សម្គាល់ថា ពុំទាន់មានកិច្ចខិតខំប្រឹងប្រែងណាមួយតឹងរឹង ដើម្បីបំបែកការតវ៉ានោះទេ ។
អ្នកឆ្លងឆ្លើយព័ត៌មានរបស់យើងប្រចាំនៅអាស៊ីអាគ្នេយ៍ និយាយថា ប្រសិនបើពួកគេ ចាប់ផ្ដើមអនុវត្ដខ្លាំងដៃនោះ ហានិភ័យនៃការបង្ហូរឈាមម្ដងហើយម្ដងទៀត ដែលធ្លាប់កើតមាន កាលពីអតីត ក្នុងប្រទេសមីយ៉ាន់ម៉ា នឹងអាចកើតឡើងខ្ពស់ ។
កាលពីថ្ងៃចន្ទ មេដឹកនាំយោធា លោក Min Aung Hlaing បានព្រមានថា គ្មាននរណាម្នាក់ខ្ពស់ជាងច្បាប់នោះទេ បើទោះជាលោកពុំបាន បញ្ចេញការគម្រាមដោយផ្ទាល់ចំពោះក្រុមអ្នកតវ៉ាក៏ដោយ ។ ប៉ុន្ដែបរិយាកាស នៅតែអ័ព្វអួរ ខណៈក្រុមអ្នកតវ៉ា ដែលអំពាវនាវឱ្យស្ដាររបបប្រជាធិបតេយ្យឡើងវិញ បានប្រមូលផ្ដុំគ្នា នៅតាមដងផ្លូវ នៅថ្ងៃអង្គារនេះ ។
គ្រូបង្រៀនម្នាក់ឈ្មោះ Thein Win Soe បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ៖”យើងមិនបារម្ភអំពីការព្រមានរបស់ពួកគេឡើយ ។ ហេតុដូច្នេះហើយ ទើបយើងចេញមកជុំគ្នាថ្ងៃនេះ ។ យើងមិនអាចទទួលយកនូវការចោទប្រកាន់ថា បន្លំសន្លឹកឆ្នោតរបស់ពួកគេនោះទេ ។ យើង មិនចង់បានអំណាចផ្ដាច់ការរបស់យោធាឡើយ”៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC