CamNews

ព័ត៌មានជាតិ 

ជនឥតសាសនា៣នាក់ រកស៊ីលក់ក្បាលអ្នកតា និងវត្ថុបូរាណ ត្រូវសមត្ថកិច្ចចាប់ខ្លួន &បញ្ជូនទៅតុលាការនៅថ្ងៃនេះ

(កំពង់ធំ)៖ ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន អោយដឹងថា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងនគរបាលរបស់លោក នឹងបញ្ជូនជនសង្ស័យ៣នាក់ ទៅកាន់តុលាការ ក្រោយការបង្ក្រាប និងចាប់ខ្លួន ពាក់ព័ន្ធសកម្មភាពរកស៊ីលក់ក្បាលអ្នកតា និងវត្ថុបូរាណ។

ជនឥតសាសនាទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោមបញ្ជាផ្ទាល់ពីសំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អិត សុធា នៅថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៥ នៅចំណុចភូមិរការជួរ ព្រំប្រទល់ ឃុំគោល និងឃុំក្លែង ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ជនសង្ស័យទាំងនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បានដើរឆបោកលក់ក្បាលអ្នកតា ជាច្រើនដង ហើយនៅពេលចាប់ខ្លួននោះ កម្លាំងសមត្ថកិច្ចបានធ្វើជាអន្ទាក់យកលុយកូប ពីចំនួន១០០០០ដុល្លារ ជាធ្នាក់សម្រាប់ការណាត់ទិញ ពីជនខិលខូចទាំងនេះ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅពេលនេះកម្លាំងយើង កំពុងសួរជនសង្ស័យរួចហើយ នឹងបញ្ជូនទៅកាន់តុលាការ នាថ្ងៃនេះតែម្តង»

មន្រ្តីនគរបាលខេត្តកំពង់ធំ បានថ្លែងថា សម្រាប់វត្ថុតាង ដែលត្រូវដកហូតរួមមាន រូបបដិមាកទាំង៧អង្គ។ ជនសង្ស័យទី១ ឈ្មោះ ជ័រ ហៀត អាយុ៤៦ឆ្នាំ ទី២ ឈ្មោះ ញៀន ញិល អាយុ៣៧ឆ្នាំ និងទី៣ ឈ្មោះ ម៉ៅ ណារិទ្ធ អាយុ៣១ឆ្នាំ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh