កាលពីថ្ងៃចន្ទកន្លងទៅនេះ តុលាការកំពូលប្រទេសឥណ្ឌា បានបង្គាប់ឱ្យរដ្ឋាភិបាល Gujarat ត្រូវបង់ប្រាក់ចំនួន ៥ លានរូពី(ស្មើនឹង ៧ម៉ឺនដុល្លារអាមេរិក) ក្នុងកំហិតត្រឹមពីរសប្ដាហ៍ ជាប្រាក់សងជំងឺចិត្ដដល់ស្រ្ដីវ័យ ៤០ ឆ្នាំម្នាក់ឈ្មោះ Bilkis Bano ដែលត្រូវបានចាប់រំលោភសេពសន្ថវៈ ដោយក្រុមក្មេងអន្ធពាលមួយក្រុម អំឡុងកុប្បកម្មដោយហិង្សាមួយប្រឆាំងនឹងក្រុមមូស្លីម កាលពីឆ្នាំ ២០០២ ។
កាលពីខែមេសា តុលាការជាន់ខ្ពស់ បានបង្គាប់ឱ្យរដ្ឋាភិបាល Gujarat ត្រូវសងជំងឺចិត្ដដល់អ្នកស្រី Bano ជាប្រាក់ ។ ម្យ៉ាងទៀតតុលាការនេះ បានបង្គាប់ឱ្យរដ្ឋត្រូវផ្ដល់ការងារក្នុងស្ថាប័នរដ្ឋាភិបាលឱ្យអ្នកស្រីធ្វើ ព្រមទាំងផ្ដល់ផ្ទះមួយកន្លែង ដោយអោយអ្នកស្រីមានសិទ្ធិជ្រើសរើសទីតាំងដោយខ្លួនឯង ។ នេះ គឺជាការសងជំងឺចិត្ដដ៏ខ្ពស់បំផុត ដែលពុំធ្លាប់ផ្ដល់ឱ្យជនរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ ពីមុនមកទេ នៅក្នុងប្រទេសឥណ្ឌា ។
កាលដើមគ្រា រដ្ឋាភិបាល Gujarat បានសន្យាអនុលោមតាមដីការបស់តុលាការកំពូល ប៉ុន្ដែបានប្រាប់អង្គចៅក្រម ដែលតំណាងដោយចៅក្រមបីរូប កាលពីថ្ងៃចន្ទថា ខ្លួនមានបំណង ដាក់ពាបណ្ដឹងសើរើពីបណ្ដឹងទាមទារនោះ។ អង្គចៅក្រម ដែលដឹកនាំដោយ ប្រធានចៅក្រមលោក Ranjan Gogoi បានផ្ដល់ពេលពីរសប្ដាហ៍ដល់រដ្ឋដើម្បីអនុលោមតាមសេចក្ដីសម្រេចរបស់តុលាការកំពូលនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist