CamNews

ព័ត៌មានជាតិ 

រថយន្ត ក្រឡុកស៊ីម៉ងត៍ បុកម៉ូតូអូស ជិត១០០ម៉ែត្រ បណ្ដាលឲ្យ របួសធ្ងន់ម្នាក់ ស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសបាក់ជើង ខាងស្ដាំ និង២នាក់ទៀតរបួសស្រាល ខណៈ
ដែលពូកគេ កំពុងជិះម៉ូតូ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ បុកពី ក្រោយហើយកិនអូសម៉ូតូជិត
១០០ម៉ែត្រ រហូតដល់មុខសម្រស់បុប្ផា ស្ពានដែក ទើបអស់ល្បឿនទៅមុខលែងរួច កាល
ពីវេលាម៉ោង២១និង២០នាទីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុច សម្រស់បុប្ផាស្ពាន
ដែក តាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ញឹម ធេត ភេទប្រុសអាយុ ២០ឆ្នាំ ទី២ ឈ្មោះញឹម
ភើន ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៣ ឈ្មោះញឹម ខា ភេទស្រី អាយុ១៧ ឆ្នាំ មានស្រុកកំណើត
នៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកត្រាំង ខេត្តតាកែវ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង
ម៉ាកសេ១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខតាកែវ 1H-1004 ជិះគ្នា៣នាក់ ធ្វើដំណើរតាមបណ្ដោយ
ផ្លូវលេខ២១៧ ក្នុងទិសដៅពី ជើងទៅត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ
ស្រាប់តែ មានរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-0713
ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូពីក្រោយ ពេញទំហឹងបណ្ដាលឲ្យម៉ូតូចូល
ក្រោមរថយន្ត ហើយ អូសជិត១០០ម៉ែត្រ បណ្ដាលឲ្យមនុស្សចំនួន៣នាក់ រង របួសធ្ងន់ និងស្រាលត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាតស្ទើរទាំង ស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែង និងអូសរថយន្តទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ ជើងគោកដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News