CamNews

កំសាន្ត 

សាយ រតនៈ ចាត់ទុក ជីជី ត្រឹមជាបងប្អូន និងមិត្តរួមការងារ

ភ្នំពេញៈ ថ្មីៗនេះ បានលេចឮព័ត៌មាន ល្ហិចល្ហៀងថា ពិធីករ-ពិធីការិនី ក្នុងកម្មវិធី “រាត្រីកម្សាន្ត” លោក សាយ រតនៈ និង កញ្ញា ជីជី មានសម្ព័ន្ធភាពស្នេហ៍ ល្អូកល្អឺនជាមួយគ្នា បែបលាក់បាំងក្រៅឆាក ។ ប៉ុន្តែព្រោះតែខ្លាច ក្រសែភ្នែកមហាជន និងបណ្តាញសារព័ត៌មានដឹង និងយកមកចុះផ្សាយ ប៉ះពាល់ដល់ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ទើបអ្នកទាំងពីរ ខំវេចខ្ចប់ព័ត៌មាននេះ មិនឲ្យបែកខ្ចរខ្ចាយ ដល់មជ្ឈដ្ឋានខាងក្រៅឡើយ ។

មូលហេតុចំបង ធ្វើឲ្យមានព័ត៌មានលេចឮបែបនេះ គឺក្រោយពីទស្សនិកជន សង្កេតឃើញថា ដៃគូពិធីករមួយគូនេះ ហាក់មាន ភាពសិ្នទ្ធស្នាល ផ្អែមល្ហែម ជាមួយគ្នាខុស ពីអ្នកសិល្បៈដទៃ។ ជានិច្ចកាល គេតែងតែឃើញពួកគេទាំងពីរ បណ្តើរគ្នា យ៉ាងត្រសងទៅ ចូលរួមក្នុងកម្មវិធីខាងក្រៅ កញ្ចក់ទូរទស្សន៍ ។ មិនតែប៉ុណ្ណោះ ពួកគេទាំងពីរ ក៏បណ្តើរគ្នាទៅញុំាអី ជាលក្ខណៈរ៉ូមែនទិក តែពីរនាក់។ ប៉ុន្តែបើទោះជាមានព័ត៌មាន បែបនេះក្តី សម្រាប់ម្ចាស់សាម៉ីខ្លួនទាំងពីរ នាពេលកន្លងមកមិនទាន់បាន ចេញមុខបកស្រាយប្រាប់មហាជន និងអ្នកគាំទ្រឲ្យបានដឹងច្បាស់នោះទេ ។

កំលោះសង្ហាមាឌធំ លោក សាយ រតនៈ បានចេញមុខបកស្រាយ ចម្ងល់ប្រាប់មហាជន តាមរយៈគេហទំព័រ LookingTODAY នៅល្ងាច នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤នេះ ថា សម្រាប់លោក និងកញ្ញា ជីជី មិនធ្លាប់មានទំនាក់ទំនង ស្នេហាអ្វី ជាមួយគ្នាឡើយ ។ គ្រប់យ៉ាងដែលទស្សនិកជន ធ្លាប់ឃើញ នាពេលកន្លងមក គឺគ្រាន់តែជាការរាប់អាន លក្ខណៈបងប្អូន រវាងលោក និងនាងតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ ។

តួឯកប្រុសក្នុងរឿង “អស់ទាស់ហ្មងទីតា” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “សម្រាប់ខ្ញុំ និង ជីជី មិនដែលមានទំនាក់ទំនង ស្នេហាដូចព័ត៌មាន ចុះផ្សាយ ឬក៏មហាជន យល់ច្រឡំនោះទេ ។ តាមរយៈគេហទំព័រ LookingTODAY ខ្ញុំចង់បញ្ជាក់ថា ខ្ញុំនិង នាងរាប់អានគ្នា ដូចបងប្អូន មិនបានគិតអ្វីច្រើនទេ។ ខ្ញុំទទួលស្គាល់ថា ពេលខ្លះខ្ញុំ លេងជាមួយគ្នាជ្រុលខ្លះមែន តែក្នុងន័យជាមិត្តរួមការងារ និងបងប្អូន តែប៉ុណ្ណោះ..!”។

បើទោះជាយ៉ាងណា តារាសម្ដែង និងជាពិធីករ ធ្លាប់ទទួលរងគ្រោះរឿងអាស្រូវ ធ្វើឲ្យនិស្សិតស្រីម្នាក់មានផ្ទៃពោះ មិនទទួលខុសត្រូវ លោក សាយ រតនៈ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា លោកសង្ឃឹមថា ក្រោយពីលោកបកស្រាយរួច ទស្សនិកជន និងលែងយល់ច្រឡំ ព្រោះថា លោកមិនចង់ឲ្យ មានការយល់ច្រឡំ ថាមានស្នេហាជាមួយអ្នកសិល្បៈ ឬក៏ដៃគូ ក្នុងកម្មវិធី ជា មួយគ្នានោះទេ ។ លោកក៏ចង់បញ្ជាក់ថា ពេលនេះលោកនៅមិនទាន់ចង់ យកពេលវេលា ទៅគិតរឿងស្នេហានោះទេ ចង់ទុក ពេលសម្រាប់ការងារ ឲ្យបានច្រើនជាមុនសិន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news