(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា (U-19) បានធ្វើដំណើរទៅប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី០៩ ខែកញ្ញាម្សិលមិញ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់ AFF U-19 Championships ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី១១-២៤ ខែកញ្ញាខាងមុខនេះ នៅទីក្រុងហាណូយ ដោយត្រូវជួបគូប្រជែង ៥ប្រកួតក្នុងពូល B រួមមានក្រុមការពារតំណែងជើងឯកថៃ អូស្រ្ដាលី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងឡាវ។
មុនចេញដំណើរលោក Ohara Kazunori គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា បានលើកឡើងថា ឆ្លងកាត់ការប្រមូលមួយរយៈកន្លងទៅ កីឡាករម្នាក់ៗត្រៀមខ្លួនបានល្អទាំងប្រយុទ្ធ និងការពារ ប៉ុន្ដែអ្វីដែលអភិវឌ្ឍន៍បន្ថែម គឺការបង្កើននូវការរត់ឲ្យបានច្រើន ដើម្បីប្រជែងជាមួយក្រុមមានកីឡាករមាឌធំៗ ដូចជាយុវជនអូស្រ្ដាលី ថៃ និងឥណ្ឌូនេស៊ីជាដើម ដែលទាមទារឲ្យកីឡាករលេងសាមគ្គីគ្នា ដើម្បីស្វែងរកជ័យជម្នះ។
គួរបញ្ជាក់ថា កីឡាករដែលដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុននេះគឺមានគ្នា ២៣នាក់ ក្នុងនោះមានកីឡាករមកពីក្លឹបភ្នំពេញក្រោនរហូតដល់ទៅ ១៦នាក់, មកពីណាហ្គាវើល ៣នាក់ និងមកពីក្លឹបព្រះខ័នរាជស្វាយរៀង, ក្លឹបបឹងកេតអង្គរ, វេស្ទើនភ្នំពេញ និងក្លឹបមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាម្នាក់ៗដូចគ្នា។ ចំពោះការប្រកួតបើកឆាករបស់ U-19 កម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ដោយត្រូវជួបក្រុមកីឡាករមាឌធំអូស្រ្ដាលី ហើយក៏មានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង